website_news:2023280805

ប្រធានាធិបតីអ៊ឺតាលី អំពាវនាវឱ្យសហភាពអឺរ៉ុបបង្កើនកូតាជនចំណាកស្រុកស្របច្បាប់បន្ថែមទៀត ដើម្បីលុបបំបាត់ការជួញដូរមនុស្ស

https://freshnewsasia.com/index.php/en/internationalnews/307449-2023-08-25-13-38-58.html 2023-08-25 08:38pm

(រ៉ូម)៖ ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បាននិយាយនៅថ្ងៃសុក្រ (២៥ សីហា) នេះថា សហភាពអឺរ៉ុបត្រូវតែអនុញ្ញាតឱ្យមានការធ្វើចំណាកស្រុកស្របច្បាប់បន្ថែមទៀត ដើម្បីលុបបំបាត់ការជួញដូរមនុស្ស ចំពេលមានការកើនឡើងនៃការមកដល់តាមសមុទ្រទៅកាន់ប្រទេសរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ចំនួនមនុស្សឆ្លងព្រំដែនពីអាហ្រ្វិកខាងជើង ទៅកាន់ប្រទេសអ៊ីតាលីបានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំនេះកើនដល់ប្រហែល ១០៦,០០០នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងដោយរដ្ឋាភិបាលស្តាំនិយម របស់នាយករដ្ឋមន្ត្រី លោក Giorgia Meloni ដើម្បីបង្រ្កាបលើជនអន្តោប្រវេសន៍ខុសច្បាប់ និងដាក់កម្រិតលើនាវាជួយសង្គ្រោះសប្បុរសធម៌ក៏ដោយ។

ប្រធានាធិបតី Mattarella បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុង Rimini ដែលរៀបចំដោយក្រុមកាតូលិកថា «បាតុភូតនៃការធ្វើចំណាកស្រុក ត្រូវតែត្រូវបានដោះស្រាយព្រោះវាជាចលនាសកល ដែលមិនអាចត្រូវបានលុបចោល ដោយជញ្ជាំង ឬរបាំងឡើយ»។ លោកបានបន្ថែមថា «កូតាទៀងទាត់ និរន្តរភាព និងខ្ពស់គ្រប់គ្រាន់ គឺជាមធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់ការជួញដូរមនុស្សយ៉ាងឃោរឃៅ»។ រដ្ឋាភិបាលរបស់ លោក Meloni បានធ្វើតាមការណែនាំរបស់ លោក Mattarella មួយផ្នែក ដោយកាលពីខែកក្កដា បាននិយាយថាខ្លួននឹងបង្កើនកូតា សម្រាប់ពលករចំណាកស្រុកដែលមិនមែនជាសហភាពអឺរ៉ុបដល់ ៤៥២,០០០នាក់ សម្រាប់រយៈពេល ២០២៣-២០២៤។ ប៉ុន្តែចំនួននេះ គឺទាបជាងការស្នើដោយដោយក្រុមហ៊ុន និងសហជីព ដែលមានរហូតដល់ ៨៣៣,០០០នាក់។

ប្រធានាធិបតីអ៊ីតាលី ដែលជាប្រមុខរដ្ឋ និងជាឥស្សរជនមិនប្រកាន់បក្សពួក បាននិយាយថា សកម្មភាពត្រូវតែធ្វើឡើងនៅកម្រិតសគមអឺរ៉ុបទាំងមូល។ អន្តោប្រវេសន៍គឺជាបញ្ហានយោបាយក្តៅក្នុងប្លុកជាយូរមកហើយ ដែលរារាំងដល់ការសម្រេចចិត្តរួមដោយប្រទេសសមាជិកទាំង២៧៕

website_news/2023280805.txt · Last modified: 2023/08/28 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki