website_news:2023280902

សង្ស័យណាស់ស្លាប់ ដោយសារក្រុមជនពាលថៃ វ៉ៃធ្វើបាប

https://kohsantepheapdaily.com.kh/article/1810592.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ២៧ ខែ កញ្ញា ឆ្នាំ ២០២៣ ម៉ោង ១៦:២៣

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់សម្រក់ទឹកភ្នែកមុខកូនតូចៗ ប្រុសស្រីចំនួន៤នាក់ ក្បែរមឈូសសពប្តី ដោយនិយាយរៀបរាប់ថា «ប្តីនាងបានស្លាប់លើដីថៃ សង្ស័យត្រូវគេប្រើអំពើហិង្សា បណ្តាលឲ្យស្លាប់»។ ស្ត្រីរូបនេះមានឈ្មោះ ថន ណារ៉ុម អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិអូររូង ស្ថិតនៅឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងជាពលករខ្មែរចូលទៅធ្វើការផ្នែកកាប់អំពៅឲ្យជនជាតិថៃ នៅក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ។

ស្ត្រីខាងលើ ដែលមានកូនប្រុសស្រីជាប់ខ្លួនចំនួន៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់ ដោយកូនប្រុសច្បងអាយុ១១ឆ្នាំ និងកូនប្រុសពៅអាយុទើបតែ៤ខែ។ ស្ត្រីរូបនេះបាននិយាយបន្តថា «ប្តីនាងដែលស្លាប់នៅលើដីថៃមានឈ្មោះ កាវ គង់ អាយុ៣១ឆ្នាំ»។ នាងរៀបរាប់បន្តថា «នាងនឹងប្តីបាននាំកូនៗចេញពីកម្ពុជា ទៅធ្វើការនៅលើដីថៃ ចំណុចកើតហេតុ ទើបតែបាន៥ទៅ៦ថ្ងៃ តែប៉ុណ្ណោះ ដោយប្រើប្រាស់ប័ណ្ណឆ្លងដែន (Border Pass) តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត»។

ស្ត្រីខាងលើបន្តថា «នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ប្តីនាងហាក់មានជំងឺចម្លែក ដោយដំបូងនិយាយបែបរវើរវាយថា ក្តៅខ្លួន បន្ទាប់មកថា រងារ។ លុះនាងដងទឹកជូតខ្លួនក៏ដេកមួយភ្លែត តែពេលក្រោកពីដេកវិញ ក៏សួររកកូនប្រុសច្បង ប៉ុន្តែនាងក៏ប្រាប់វិញថា កូនយើងទៅស្ទូចត្រីជាមួយកូនគេហើយ»។ ក្រោយពេលស្តាប់ហើយ ស្រាប់តែប្តីនាងនិយាយថា «ឮសម្លេងកូនស្រែក» ព្រមទាំងលោតចុះពីលើគ្រែ រួចទាញយកកាំបិតខ្វែវរត់កាត់ចម្ការអំពៅទៅរកកូនតែម្ដង។ លុះពេលឃើញប្តីរវើរវាយខុសប្រក្រតី នាងក៏បានស្រែកប្រាប់មេការធ្វើការជាមួយគ្នា (ខ្មែរ) ឲ្យជួយ ហើយនាងក៏បានព្យាយាមរត់តាម ដោយកុហកប្តីថា «កូនប្រុសច្បងមកដល់កន្លែងស្នាក់នៅវិញហើយ» ទើបបុរសជាប្តី ព្រមវិលត្រឡប់មកវិញ»។

ស្ត្រីជាប្រពន្ធបន្តថា «លុះមកដល់ជិតកន្លែងស្នាក់នៅ ស្រាប់តែឃើញជនជាតិថៃ១ក្រុមចុះពីលើរថយន្ត ពណ៌ស ១គ្រឿង ខ្លះកាន់បន្ទះឬស្សី ឯអ្នកបើកបរកាន់អាវុធវែង១ដើម ដើរតម្រង់មករកពួកនាង។ ដំបូងអ្នកកាន់អាវុធបានបាញ់ឡើងលើ១គ្រាប់ ហើយស្រែកថា «ឯងវាម៉េចញៀនថ្នាំឬអី» នៅពេលប្តីនាងអង្គុយចុះ រួចនិយាយថា «ខ្ញុំមិនបានធ្វើអ្វីខុសទេ» ស្រាប់តែបុរសកាន់អាវុធនោះ ទាត់ប្តីនាង១ជើងចំដើមទ្រូង បណ្ដាលឱ្យដួលផ្ងារក្រោយ បន្ទាប់មកគេក៏នាំគ្នាចាប់ចងដៃជើងប្តីនាងនឹងខ្សែដាក់លើឡានតែម្ដង»។

មិនត្រឹមតែប៉ុណ្ណោះ នាងបន្តទៀតថា «មានបុរសម្នាក់ ក្នុងចំណោម៥ទៅ៦នាក់នោះ បានយកជើងជាន់ករបស់ប្តីនាងពីខាងក្រោយ នៅពេលប្តីនាងដេកផ្កាប់មុខ។ ខណៈឃើញប្តីមានឈាមហូរចេញតាមមាត់ នាងក៏បានព្យាយាមអង្វរមិនឲ្យធ្វើបាប និងសុំទៅជាមួយប្តី ព្រោះខ្លាចគេធ្វើបាប តែគេមិនអនុញ្ញាតឡើយ»។ នាងបន្តថា «លុះម៉ោងប្រហែល៦ល្ងាចថ្ងៃដដែល ស្រាប់តែតម្រួតថៃ បានទូរស័ព្ទប្រាប់នាងថា «ប្តីស្លាប់ហើយ គឺស្លាប់តាំងពីម៉ោងប្រហែល៣រសៀល»។

អ្វីដែលចម្លែក នាងបញ្ជាក់ថា «ដំបូងខាងថៃឲ្យបូជាសពប្តីនៅដីថៃ តែភ្លាមៗក៏សុំឲ្យនាងនាំកូនចេញទៅខ្មែរវិញ ព្រោះខ្លាចគ្មានសុវត្ថិភាព។ បន្ទាប់មក តម្រួតក្នុងស្រុកកើតហេតុក៏យករថយន្តដឹកគាត់ និងកូនៗមកដល់ព្រំដែនច្រកទ្វារអន្តរជាតិខ្លងលឹកប៉ោយប៉ែត ចំណែកឯសពប្តីនាងវិញ ទើបគេបញ្ជូនឲ្យនៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះទេ»។ នាងនិយាយទៀតថា «ចង់យកសពទៅធ្វើបុណ្យនៅស្រុកកំណើត តែគ្មានប្រាក់ ម្យ៉ាងទៀតគ្រួសារនាងក្រីក្រ ផ្ទះតូច និងរស់នៅតំបន់ដាច់ស្រយាលពីគេឯងទៀត។ ដូច្នេះនាងអំពាវនាវ សូមឲ្យក្រសួងពាក់ព័ន្ធកម្ពុជា មេត្តាជួយរកយុត្តិធម៌ឲ្យប្តីនាងផង»។

ជុំវិញករណីខាងលើ អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ដោយសារមិនស្គាល់លេខទូរស័ព្ទ។ ប៉ុន្តែយ៉ាងណាក៏ដោយ ករណីនេះបើតាមរបាយការណ៍របស់មន្ត្រីកុងស៊ុល បានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារជំងឺខ្យល់គរ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សពជនរងគ្រោះកំពុងតែតម្កល់នៅវត្តបាលិលេយ្យ ស្ថិតក្នុងក្រុងប៉ោយប៉ែត។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីខាងលើក៏បានបញ្ជាក់បន្ថែមថា ខាងភាគីថៃ កំពុងតែហៅអ្នកពាក់ព័ន្ធ រួមទាំងក្រុមខ្មែរ ដែលទៅធ្វើការជាមួយគ្នាសួរនាំ ដោយគេទូរស័ព្ទប្រាប់ថា «រយៈពេល៤៥ថ្ងៃក្រោយ គេនឹងជូនដំណឹងពីករណីស៊ើបអង្គេតនេះ»៕

website_news/2023280902.txt · Last modified: 2023/09/28 09:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki