website_news:2023281202

អភិបាលខេត្តឧត្តរមានជ័យ ជូនដំណឹងដល់ពលរដ្ឋ ដែលមានបំណងធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ អាចធ្វើនៅតាមក្រុងស្រុករបស់ខ្លួន ដោយមិនចាំបាច់ឡើងមកធ្វើនៅច្រកចេញ-ចូលតែមួយសាលាខេត្តនោះទេ

https://freshnewsasia.com/index.php/en/localnews/322728-2023-12-27-09-32-43.html 2023-12-27 04:32pm

(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ដែលមានបំណងធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ អាចទៅធ្វើនៅតាមក្រុងស្រុករបស់ខ្លួនបាន ដោយមិនចាំបាច់ចំណាយពេលវេលា ចំណាយថវិកា ឡើងមកធ្វើនៅច្រកចេញ-ចូលតែមួយសាលាខេត្តឧត្តរមានជ័យនោះទេ។

កាបញ្ជាក់បែបនេះរបស់លោក ប៉ែន កុសល្យ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុង «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូឆ្នាំ២០២៣» នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

លោក ប៉ែន កុសល្យ បានថ្លែងថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយ ប្រទេសថៃ សម្រាប់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។

ក្នុងរយៈពេលសាកល្បងនេះអភិបាល ស្រុក ក្រុង នៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបានធ្វើប្រតិភូកម្មអំណាចឱ្យក្នុងការត្រួតពិនិត្យ សម្រេច និងចុះហត្ថលេខាលើបណ្ណព្រំដែនកម្ពុជា-ថៃ ជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន អចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោក ប៉ែន កុសល្យ ក៏បានណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ទាំង៥ កុំព្រោះតែចង់បានប្រាក់រង្វាន់លើកទឹកចិត្តពីការធ្វើប័ណ្ណព្រំដែន កម្ពុជា-ថៃ ទៅហៅប្រជាពលរដ្ឋស្រុកខេត្តផ្សេង ឬធ្វើឱ្យប្រជាពលរដ្ឋស្រុកខេត្តផ្សេង គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង តែអាចដើរហៅប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងស្រុករបស់ខ្លួនមកធ្វើបាន។

ទាក់ទងនឹងការរៀបចំ «ទិវាជាតិប្រយុទ្ធអំពើជួញដូរមនុស្ស ១២ ធ្នូឆ្នាំ២០២៣» ដែលប្រារព្វធ្វើនាពេលនេះ លោក ប៉ែន កុសល្យ បានលើកឡើងថា ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងឱ្យកាន់តែទូលាយ អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទំរង់បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឱ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់ នៃអំពើជួញដូរមនុស្ស។

ក្រោយអានសន្ទរកថារបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ប៉ែន កុសល្យ បានថ្លែងណែនាំដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ត្រូវផ្សព្វផ្សាយច្បាប់នានាដែល ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គោរពអនុវត្តច្បាប់ដាក់ទោសទ័ណ្ឌដល់ជនល្មើស ត្រៀមបេសកកម្មចុះជួយបន្ទាន់ដល់ជនរងគ្រោះដោយសារការជួញដូរមនុស្ស រៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញរមនុស្ស និងបូកសរុបរបាយការណ៍ជាប្រចាំជូន គ.ជ.ប.ជ៕

website_news/2023281202.txt · Last modified: 2023/12/28 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki