website_news:2023281203

ឧត្តមសេនីយ៍ សៀក សុជាតិ ចុះពិនិត្យការចេញចូលរបស់ពលរដ្ឋនៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងសម្រេចបន្ថែមបញ្ជរប្រថាប់ត្រាដើម្បីសម្រួលការកកស្ទះនាពេលកន្លងទៅ

https://freshnewsasia.com/index.php/en/localnews/322738-2023-12-27-09-58-12.html 2023-12-27 04:58pm

(បន្ទាយមានជ័យ)៖ ដោយមានការណែនាំពីឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា, ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យការចេញចូល របស់ប្រជាពលរដ្ឋ និងពលករ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ សៀក សុជាតិ បានចុះពិនិត្យអគារសំណង់ការិយាល័យច្រកចេញចូល ដើម្បីពន្លឿនការសាងសង់ និងតម្លើងម៉ាស៉ីនប្រថាប់ត្រា ខណៈកាលពីពេលកន្លងទៅ ស្ថានភាពនៅច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែតនេះ មានការកកស្ទះនៅចំណុចទីតាំងប្រថាប់ត្រា ហើយលោកបានសម្រេចដាក់ម៉ាស៉ីន និងបន្ថែមបញ្ជរសម្រាប់ប្រថាប់ត្រាសំដៅសម្រួលដល់ការកកស្ទះនេះ។

បើតាមឧត្តមសេនីយ៍ សៀក សុជាតិ អគារការិយាល័យច្រកចេញចូល បានបំពាក់ដាក់ម៉ាស៊ីនត្រជាក់រួចរាល់អស់ហើយ នៅតែបន្ថែមបំពាក់ម៉ាស៊ីនបញ្ជរប្រថាប់ត្រា ដើម្បីឲ្យបានដំណើការដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ឲ្យបានរួចរាល់ជាស្ថាពរ។ ក្នុងនោះ ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ចេញចូលឆ្លងដែន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានសេក្តីត្រកអរយ៉ាងខ្លាំង ព្រោះបានកាត់បន្ថយការកកស្ទះ។ ឆ្លៀតនៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ សៀក សុជាតិ ក៏បានសំណេះសំណាល និងលើកទឹកចិត្តផ្ដល់ការគាំទ្រដល់មន្ត្រីជំនាញ គ្រប់ស្ថាប័នច្រកទ្វារ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ និងបានបំពេញភារកិច្ចកសាងនូវសំណង់ការិយាល័យច្រកទ្វារបន្ថែមទៀត ក្រោមការដឹកនាំបង្ហាញពីលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

គួរជម្រាបថា គោលបំណងដែលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សាងសង់បញ្ជរបន្ថែម គឺដើម្បីពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋខ្មែរចេញ-ចូលប្រទេសឲ្យបានឆាប់រហ័សគ្មានការកកស្ទះ ជាពិសេសសម្រួលដល់ដំណើរចេញ-ចូលរបស់ជនពិការ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិស្សានុសិស្សជាដើម៕

website_news/2023281203.txt · Last modified: 2023/12/28 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki