website_news:2023290301

មន្រ្តីកាកបាទក្រហមកម្ពុជា អំពាវនាវឱ្យយកចិត្តទុកដាក់លើការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ

https://www.postkhmer.com/national/2023-03-26-1839-248433.html នាង សុគន្ធា | Publication date 26 March 2023 | 18:39 ICT

បាត់ដំបងៈ មន្រ្តីកាកបាទក្រហមកម្ពុជាប្រចាំខេត្តបាត់ដំបង បានអំពាវនាវទៅដល់អាណាព្យបាល លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់ និងមានវិធានការការពារកូនៗ យុវជន សិស្សានុសិស្ស ពីការកេងប្រវ័ញ្ចផ្លូវ ភេទតាមប្រព័ន្ធអនឡាញ។

លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានធ្វើការអំពាវនាវបែបនេះក្នុងពេលចុះផ្សព្វផ្សាយស្ដីពីការចូលរួមការពារកុមារ ពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញក្នុងគ្រឹះស្ថានសិក្សា ទៅដល់យុវជន កាកបាទក្រហមកម្ពុជា សិស្សានុសិស្សជាង ៧០នាក់នៃវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ លោកលើកឡើងថា វគ្គផ្សព្វផ្សាយនេះធ្វើឡើងដើម្បីចែករំលែកឱ្យយុវជន កាកបាទក្រហមកម្ពុជា បានយល់ដឹង និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះកុមារក្នុងសម័យកាលរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបយ៉ាងទូលំទូលាយ ដែលអាចឱ្យកុមារងាយជឿតាមការអូសទាញ ការលួងលោមចាញ់បោកគេធ្លាក់ចូលក្នុងការរំលោភបំពានផ្លូវភេទ និងការជួញដូរកេងប្រវ័ញ្ចផ្លូវភេទ។

លោក យ៉ាន ឧត្តម មានប្រសាសន៍ថា ៖ «សូមអំពាវនាវឱ្យអាណាព្យាបាលទាំងអស់ គួរមានវិធានការការពារកូនៗពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដោយអប់រំកូនឱ្យយល់អំពីអ្វីជាសុវត្ថិភាព និងគ្មានសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ និងណែនាំកូនឱ្យកត់សម្គាល់មនុស្សដែលអាចនាំគ្រោះថ្នាក់ពេលអនឡាញ»។

លោកបន្តថា ៖ «ត្រូវបង្ហាញកូនៗពីរបៀបការប្រើប្រាស់ឯកជនភាព របស់ពួកគេ តាមអនឡាញ, អាចឱ្យកូនៗដឹងពីបច្ចេកវិទ្យា តែក៏ត្រូវផ្តល់ដំបូន្មានដើម្បីកែឥរិយាបថ ពួកគេ ពេលអនឡាញ និងបង្ហាញកូនៗពីការយកចិត្តទុកដាក់របស់អ្នក ហើយស្តាប់ពីបញ្ហារបស់ពួកគេពីការប្រើប្រាស់ប្រព័ន្ធអញឡាញនេះ»។ កុមារដែលរងការរំលោភបំពានឬការកេងប្រវ័ញ្ចផ្លូវភេទ នឹងរងការប៉ះទង្គិចធ្ងន់ធ្ងរ ទាំងលើផ្លូវកាយ និងផ្លូវចិត្ត ដោយពួកគេភាគច្រើន អាចនឹងមានអារម្មណ៍ពិបាក ទុកចិត្តអ្នកដទៃ អស់សង្ឃឹម បាក់ទឹកចិត្ត ឯកា និងភ័យខ្លាចជាដើម។ នេះបើតាម លោក យ៉ាន ឧត្តម។

ការផ្សព្វផ្សាយដូចគ្នានេះដែរ ក៏ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ រៀបចំឡើង មានរយៈពេល៣ថ្ងៃ ស្ដីពី «ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ តាមអនឡាញ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព» ដោយមានការចូលរួមពីយុវជន និងសិស្សានុសិស្សប្រមាណ២០០នាក់។ ទាក់ទងនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនេះ កាលពីចុងខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានចេញនូវរបាយការណ៍មួយដែលមានឈ្មោះថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា (Disrupting Harm in Cambodia)។ ក្នុងរបាយការណ៍នោះបានរកឃើញថា កុមារដែលប្រើប្រាស់អ៊ីនធឺណិតចំនួន១១% អាយុចន្លោះពី១២-១៧ ឆ្នាំ ធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់មួយចំនួនជាក់លាក់ នៅឆ្នាំមុនពេលការអង្កេតនេះចាប់ផ្តើម។

ប្រសិនបើគិតតាមចំនួនប្រជាជនកម្ពុជានៅក្នុងក្រុមអាយុនេះ នោះវាបង្ហាញឱ្យឃើញថា មានកុមារប្រមាណ ១៦០ ០០០ នាក់ធ្លាប់បានទទួលរងការបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ បើតាមរបាយការណ៍នេះ កុមារចំនួន ១៦% បានរងគ្រោះពីការបញ្ចេញមតិពាក់ព័ន្ធផ្លូវភេទមកលើខ្លួន ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនពេញចិត្ត ហើយក្នុងនោះ មានកុមារចំនួន ៣១% បាននិយាយថា វាបានកើតទ្បើងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ប្រភពដដែលថា កុមារចំនួន ១៦% ត្រូវបានគេផ្ញើរូបភាពអាសអាភាសឱ្យ ដែលពួកគេមិនចង់បាន ហើយក្នុងនោះ មានកុមារចំនួន ៣៦% បាននិយាយថា ពួកគេបានទទួលរូបភាពទាំងនោះ នៅលើបណ្តាញផ្សព្វផ្សាយសង្គម៕

website_news/2023290301.txt · Last modified: 2023/03/29 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki