website_news:2023290305

ក្រសួងសង្គមកិច្ចនិងJICA ប្តេជ្ញាពង្រឹងកិច្ចសហការលើគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

https://btv.com.kh/article/21629 2023/03/27 04:22:57 pm

ភ្នំពេញ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ បានទទួលពិភាក្សាការងារ ជាមួយលោកស្រី Kamei Haruko ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា មុននឹងលោកស្រីបញ្ចប់អាណត្តិនៅកម្ពុជា។

នៅក្នុងឱកាសនោះលោកស្រី Kamei Haruko មានប្រសាសន៍ថា លោកស្រីមានក្តីសោមនស្សរីករាយជាពន់ពេក ដោយឆ្នាំនេះជាខួបលើកទី៧០ នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា ហើយលោកស្រីពិតជាមានក្តីរំភើបរីករាយដែលបានមកបំពេញបេសកម្មនៅប្រទេសកម្ពុជា។ លើសពីនេះ លោកស្រីបានស្នើរដល់មន្រ្តីក្រសួងសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអ្នកជំនាញ JICA បន្ថែមទៀតលើគម្រោងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដើម្បីឱ្យគម្រោងនេះ ទទួលបានផលជាវិជ្ជមាននៅពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រសាសន៍ថា ការជួញដូរមនុស្សជារឿងមួយដ៏ស្មុគស្មាញដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នា ព្រោះថាករណីជួញដូរមនុស្ស ប្រព្រឹត្តិទៅជាប្រព័ន្ធពីប្រទេសមួយទៅប្រទេសមួយ។ តែយ៉ាងណាក្តីក្រសួងសង្គមកិច្ច នឹងបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ រាប់បញ្ចូលទាំងអង្គការJICAដែរ ដើម្បីទប់ស្កាត់ការជួយដូរមនុស្ស។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរអរគុណដល់អង្គការJICA តំណាងរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងទៅតែជួយប្រជាជន និងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅឆ្នាំ១៩៥៣។ ចាប់តាំងពីការបង្កើតទំនាក់ទំនងនេះមក ប្រទេសជប៉ុនបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖ ការកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងការបណ្តុះធនធានមនុស្សជាដើម៕ អត្ថបទ៖ទូច សោភ័ណ

website_news/2023290305.txt · Last modified: 2023/03/29 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki