website_news:2023290306

កម្ពុជា និងម៉ាឡេស៊ី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការប្រឆាំង នឹងការរត់ពន្ធ ការជួញដូរមនុស្ស និងសំអាតប្រាក់

https://cen.com.kh/archives/640038.html Posted ByPen Srey NeatMarch 27, 2023

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីវិធីទទួលបដិសណ្ឋាកិច្ចរួចរាល់នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជួបប្រជុំទ្វេភាគី ដែលធ្វើឡើងនៅវិមានសន្តិភាព។ក្នុងជំនួបប្រជុំទ្វេភាគីនោះផងដែរ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរបានរិះរកវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបញ្ជាក់ថា ឯកឧត្តមពិតជារីករាយដែល បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអរគុណដល់សម្ដេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា សម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដ៏មានបទពិសោធន៍ទូលំទូលាយ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញភាគច្រើន ដូចជាបញ្ហាមីយ៉ាន់ម៉ា ជាពិសេសការរក្សាបានសន្តិភាពនៅកម្ពុជា ហើយប្រសិនបើប្រៀបធៀបទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា បច្ចុប្បន្ននេះ នេះជាឧទាហរណ៍ ១ដ៏ល្អអស្ចារ្យ ដែលកម្ពុជាជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្គ្រាមស៊ីវិល ហើយទីបំផុតទទួលបានសន្តិភាពយ៉ាងពេញលេញ ហើយឯកឧត្តមក៏ទន្ទឹងរង់ចាំការចូលរួមចំណែករបស់សម្ដេច នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ ដើម្បីពិភាក្សាផ្ដល់នូវទស្សនៈមួយចំនួននៅក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា អំពីរដ្ឋបាលយោធា របស់មីយ៉ាន់ម៉ា ឲ្យយល់អំពីថា បញ្ហានេះ មិនត្រូវបន្តដោយមិនមានដំណោះស្រាយនោះទេ ហើយបញ្ហាសមុទ្រចិនខាងត្បូង បញ្ហារុស្ស៊ី អ៊ុយក្រែន បញ្ហាឧបទ្វីបកូរ៉េ បញ្ហាតៃវ៉ាន់ និងចិនជាដើម គឺសម្តេច និងឯកឧត្តម ពិតជាមានទស្សនៈដូចគ្នា។ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានថ្លែងនូវការកោតសរសើរ ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា បានបញ្ចប់នូវសង្គ្រាម និងមានភាពរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងម៉ាឡេស៊ី បានធ្វើការពិភាក្សាលើកិច្ចការជាច្រើន ក្នុងនោះបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការប្រឆាំង នឹងការរត់ពន្ធ ការជួញដូរមនុស្ស និងសំអាតប្រាក់រួមទាំងការពិចារណាបង្កើតឱ្យមានអនុស្សារណៈយោគយល់គ្នារវាងនគរបាលនៃប្រទេសទាំង២ផងដែរ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើងយ៉ាងទូលំទូលាយពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។

សម្ដេចតេជោបានថ្លែងរំលឹកដល់អនុស្សាវរីយ៍ដ៏គួរឲ្យចងចាំ គឺជាការស្គាល់គ្នាជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ដែលកាលនោះឯកឧត្តម អាន់វ៉ា បានរៀបចំពិសាអាហារមួយពេលជូនសម្តេចនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ហើយបើគិតមកដល់ពេលនេះ មានរយៈពេល ២៧ឆ្នាំមកហើយ។ សម្តេចតេជោបានផ្ដាំផ្ញើតាមរយៈឯកឧត្តមអាន់វ៉ា ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីភរិយាសម្តេច ជូនដល់ភរិយាឯកឧត្តម អាន់វ៉ា ផងដែរ ព្រោះតែភរិយានាយករដ្ឋមន្ត្រីទាំងពីរ មានជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលប្តីជួបទុក្ខលំបាក ភរិយាត្រូវទទួលអំរែកទាំងអស់ក្នុងគ្រួសារ។ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2023290306.txt · Last modified: 2023/03/29 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki