website_news:2023290504

ខេត្តតាកែវ និងខេត្តអានយ៉ាង ឯកភាពដាក់ចេញទិសដៅទប់ស្កាត់គ្រឿងញៀន និងជួញដូរមនុស្ស នៅតាមតំបន់ព្រំដែន

https://www.postkhmer.com/national/2023-05-26-1506-250473.html រី សុចាន់ | Publication date 26 May 2023 | 15:06 ICT

តាកែវៈ ខេត្តតាកែវ និងខេត្តអានយ៉ាងរបស់វៀតណាម បានឯកភាពគ្នាដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់អំពើភេរវកម្ម ព្រហ្មទណ្ឌ គ្រឿងញៀន និងជួញដូរមនុស្ស នៅតាមតំបន់ព្រំដែននៃខេត្តទាំង ២។

លោក សៅ សារុន ស្នងការរងខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែឧសភា បានដឹកនាំប្រតិភូ ជួបសំណេះសំណាល និងទទួលយកអំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង សាលាក្រុងចូវដុក ខេត្តទិញបៀន និងសាលាស្រុកអានភូ របស់វៀតណាម ជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តអានយ៉ាងដឹកនាំដោយលោក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់នាថ្ងៃទី២៦ ខែឧសភា ថា៖ «ភាគីទាំង២បានឯកភាពដាក់ចេញនូវទិសដៅកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការទប់ស្កាត់អំពើភេរវកម្ម ព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស និងបន្តរក្សាសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជាពិសេសសហការប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅតាមតំបន់ព្រំដែននៃខេត្តទាំង២»។

លោក សៅ សារុន បានកោតសរសើរ និងអរគុណដល់ស្នងការនគរបាលខេត្តអានយ៉ាង ដែលតែងតែបានឧបត្ថម្ភគាំទ្រជាថវិកាសម្ភារនិងគ្រឿងឧបភោគបរិភោគជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវនាពេលកន្លងមក។

ភាគីទាំង២បានជូនវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង និងពិសាអាហារសាមគ្គី៕

website_news/2023290504.txt · Last modified: 2023/05/29 09:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki