website_news:2023290802

សមត្ថកិច្ចថៃចាប់ខ្លួនស្ត្រីពលករខ្មែរបីនាក់ ដាក់ឃុំករណីលួចលក់ត្រីងៀតគ្មានការអនុញ្ញាត

https://www.rfa.org/khmer/news/social-economy/thai-police-arrested-three-cambodian-women-workers-08242023165954.html ដោយ ឡេង ម៉ាលី 2023.08.24

សមត្ថកិច្ចថៃចាប់ស្ត្រីពលករខ្មែរបីនាក់ ឃុំខ្លួនក្នុងពន្ធនាគារ ដោយចោទពីបទលួចលក់ត្រីប្រឡាក់គ្មានការអនុញ្ញាត។ ស្ត្រីពលករ ដែលសមត្ថកិច្ចថៃចាប់ខ្លួននោះនិយាយថា ត្រីប្រឡាក់ ដែលពួកគេលក់នោះ គឺជាត្រីដែលប្ដីរបស់ពួកគាត់ទៅរកបាននៅជិតៗ កន្លែងពួកគេស្នាក់នៅ និងជាត្រីសល់ពីការធ្វើម្ហូបប៉ុណ្ណោះ។ សមត្ថកិច្ចថៃបានទាមទារឱ្យស្ត្រីពលករខ្មែរទាំងបីនាក់ ដែលរងការចោទថា លួចលក់ត្រីប្រឡាក់គ្មានការអនុញ្ញាតនោះ ត្រូវបង់ប្រាក់ម្នាក់ៗ ចំនួន ១ម៉ឺនបាត ឬជាង ៣០០ដុល្លារ ទើបគេព្រមដោះលែងឱ្យមានសេរីភាពវិញ។ ប៉ុន្តែ បើទោះជាក្រុមស្ត្រីពលករខ្មែរបង់ប្រាក់ តាមការទាមទារក្ដី ក៏សមត្ថកិច្ចថៃមិនដោះលែងពួកគេវិញដែរ។

លោកស្រី វនសៀ ជាដា អាយុ ៣៥ឆ្នាំ ជាពលករម្នាក់ ក្នុងចំណោមពលករទាំងបីនាក់ ដែលសមត្ថកិច្ចថៃចាប់ខ្លួន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែសីហាថា លោកស្រីមកប្រទេសថៃ ធ្វើការនៅរោងចក្រមួយកន្លែងក្នុងខេត្តភិតបុរី (Phit Borey) ហើយពេលប្ដីលោកស្រីទំនេរពីការងារទៅរកត្រីនៅជិតកន្លែងស្នាក់នៅធ្វើម្ហូប។ លោកស្រីបន្តទៀតថា ត្រីដែលនៅសល់ពីការធ្វើម្ហូប លោកស្រីប្រឡាក់លក់ឱ្យអ្នកជិតខាង ហើយនៅទីបំផុតសមត្ថកិច្ចបានចាប់ខ្លួនលោកស្រី និងស្ត្រីពលករពីរនាក់ផ្សេងទៀត ក្នុងករណីលក់ត្រីប្រឡាក់នេះ។ លោកស្រី វនសៀ ជាដា៖ «ខ្ញុំត្រីតែពីរហ្នឹងត្រីតុពីរដល់គេ (សមត្ថកិច្ចថៃ) ចាប់បានគេថា ខ្ញុំហ្នឹងធ្វើខុសច្បាប់ប្រទេសថៃ យើងមកធ្វើការដឹងតែធ្វើការគេអត់ឱ្យលក់ដូរទាំងអស់ពេលអ៊ីចឹង គេទារខ្ញុំ ១ម៉ឺនបាត»។

សមត្ថកិច្ចថៃ ក្នុងខេត្តភិតបុរី (Phit Borey) បានចាប់ខ្លួនស្ត្រីពលករខ្មែរបីនាក់ នៅម្ដុំកន្លែងពួកគេធ្វើការ និងស្នាក់នៅ ស្ថិតក្នុងខេត្តនេះ កាលពីថ្ងៃទី១៩ ខែសីហា ដោយចោទពីបទលួចលក់ត្រីប្រឡាក់គ្មានការអនុញ្ញាត។ នៅពេលចាប់ខ្លួនភ្លាមៗ នោះ សមត្ថកិច្ចថៃ ទាមទារក្រុមស្ត្រីពលករទាំងបីនាក់ថា ម្នាក់ៗ ត្រូវបង់ប្រាក់ចំនួន ១ម៉ឺនបាត ឬជាង ៣០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ ប៉ុន្តែ នៅពេលក្រុមលោកស្រីបង់ប្រាក់រួចហើយ សមត្ថកិច្ចថៃមិនដោះលែងតាមការសន្យាទេ ហើយថែមទាំងបញ្ជូនសំណុំរឿងនេះទៅតុលាការទៀត។ នៅពេលជួបរឿងបែបនេះ ក្រុមស្ត្រីពលករបានបង្ហោះវីដេអូ ដែលពួកគាត់ជាប់ឃុំនៅក្នុងពន្ធនាគារនោះ តាមហ្វេសប៊ុក។

លោកស្រី វនសៀ ជាដា ឱ្យដឹងទៀតថា ក្រោយការបង្ហោះវីដេអូរួចហើយ មានមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទូរស័ព្ទទៅលោកស្រី ប៉ុន្តែមិនមែនមកជួយសម្របសម្រួលធ្វើអន្តរាគមន៍ទេ គឺមន្ត្រីទាំងនោះបានស្ដីបន្ទោសក្រុមលោកស្រី និងបញ្ជាក់ជំហរថា ពួកគេមិនអាចជួយបានទេ ព្រោះក្រុមលោកស្រីខុស លួចលក់ត្រីបែបនេះ គឺខុសច្បាប់។ លោកស្រីឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនក្រុមលោកស្រីទាំងបីនាក់ ទៅប្រទេសកម្ពុជាវិញ នៅដើមសប្ដាហ៍ក្រោយនេះ។

លោកស្រី វនសៀ ជាដា៖ «គេមិនអាចជួយអីបងឯងបានទេ ហើយបងឯងគេឱ្យមកធ្វើការបងឯងមកធ្វើការខុសអ៊ីចឹងឱ្យគេជួយម៉េច? បងឯងមិនយល់ពីគេ ឱ្យគេជួយយើងម៉េច? ដឹងអត់គេឱ្យមកធ្វើការដឹងអត់ថា មកធ្វើការអ៊ីចឹងខុសច្បាប់ ខ្ញុំថា ខ្ញុំអត់ដឹងទេ។ សំណាងហើយគេឱ្យបងឯងគេដាក់បងឯងប៉ុណ្ណឹង តាមច្បាប់ប្រទេសថៃ គេដាក់គុកបងឯងមួយឆ្នាំ។ ដល់ពេលនិយាយអ៊ីចឹង ខ្ញុំខ្ជិលនិយាយហ្មងទៅ»។ ទាក់ទងការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន បានទេ នៅថ្ងៃទី២៤ ខែសីហា។

កាលពីពេលកន្លងទៅ អ្នកការពារសិទ្ធិពលករ និងភ្នាក់ងារបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ រិះគន់ថា មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃថា មិនសូវយកចិត្តទុកដាក់ជួយគាំពារសិទ្ធិពលករខ្មែរទេ តែមន្ត្រីទាំងនោះពូកែខាងធ្វើការយកមុខយកមាត់ នឹងរឿងពង្រឹងបក្សប្រជាជនកម្ពុជា នៅប្រទេសនេះទៅវិញ។

មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន យល់ថា បើទោះជាច្បាប់ការងារប្រទេសថៃ មិនអនុញ្ញាតឱ្យពលករបរទេសមានសិទ្ធិលក់ដូរក្ដី ប៉ុន្តែលោកថា មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ គួររកវិធីដោះស្រាយ ជាជាងមកស្ដីបន្ទោសឱ្យពលករ ដែលកំពុងរងគ្រោះ។ អ្នកការពារសិទ្ធិពលកររូបនេះឱ្យដឹងទៀតថា ក្រុមស្ត្រីពលករទាំងបីនាក់នោះ ពួកគេមានលិខិតឆ្លងដែន និងឯកសារការងារត្រឹមត្រូវ។ ដូច្នេះ ប្រសិនបើមន្ត្រីស្ថានទូតជួយធ្វើអន្តរាគមន៍ទាន់ពេល បញ្ហានេះនឹងមិនរីកធំ ឬក៏មិនឱ្យសមត្ថកិច្ចថៃបញ្ជូនសំណុំរឿងនេះទៅតុលាការនោះទេ។

លោក លឹង សុផុន៖ «គួរណាស់គាត់ (មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ) មានវិធានការណាមួយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋខ្មែរយើងកំពុងមានបញ្ហាប្រឈម ជាពិសេស ដូចបងៗ ដែលកំពុងតែប៉ូលិសចាប់ដាក់ឃុំគួរណាស់គួរមានវិធានការណាមួយឱ្យពួកគាត់ឆាប់រួចផុតពីគុក ឬរួចផុតពីទោសអីអ៊ីចឹងណា»។

ស្រដៀងគ្នានឹងការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះដែរ លោកស្រី វនសៀ ជាដា ដែលកំពុងជាប់ឃុំ ដោយសារលួចលក់ត្រីប្រឡាក់គ្មានការអនុញ្ញាតនេះ មានប្រសាសន៍ថា លោកស្រីចង់ឃើញមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សម្របសម្រួលជាមួយសមត្ថកិច្ចថៃ ដោយអនុញ្ញាតឱ្យលោកស្រីអាចបន្តធ្វើការងារនៅប្រទេសថៃតទៅទៀត ព្រោះលោកស្រីបារម្ភថា នៅពេលសមត្ថកិច្ចថៃបញ្ជូនពួកលោកស្រីទៅដល់ប្រទេសកម្ពុជារួចហើយ គេមិនអនុញ្ញាតឱ្យក្រុមលោកស្រីចូលមកធ្វើការនៅប្រទេសថៃវិញបានទេ។

អង្គការសង់ត្រាល់ (CENTRAL) រកឃើញថា ពលករខ្មែរភាគច្រើន ដែលសមត្ថកិច្ចថៃចាប់ខ្លួន បានរងការធ្វើទុក្ខទោស ទារុណកម្ម ដោយការចាប់ដាក់ខ្នោះ និងជាប់ឃុំក្នុងបន្ទប់តូចចង្អៀត។ អង្គការនេះរកឃើញទៀតថា រយៈពេលបីខែចុងក្រោយនេះ សមត្ថកិច្ចថៃចាប់ពលករខ្មែរជាង ១.០០០នាក់ (មួយពាន់)។ ពលករខ្លះជាប់ឃុំនៅប្រទេសថៃ ហើយមួយចំនួនធំ សមត្ថកិច្ចថៃបញ្ជូនទៅកម្ពុជាវិញ៕

website_news/2023290802.txt · Last modified: 2023/08/29 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki