website_news:2023290803

ពលករខ្មែរមួយចំនួនធ្វើការនៅថៃដែលប្រើប្រាស់ថ្នាំញៀន ធ្វើឱ្យគ្មានប្រាក់ផ្ញើឱ្យគ្រួសារ

https://www.rfa.org/khmer/news/social-economy/some-cambodian-workers-in-thailand-addicted-drug-08252023052111.html ដោយ ម៉ៅ សុធានី 2023.08.25

ពលករខ្មែរធ្វើការរោងចក្រនៅប្រទេសថៃរាប់រយនាក់ប្រើប្រាស់ថ្នាំញៀន ធ្វើឱ្យពុំមានប្រាក់ផ្ញើឱ្យឪពុកម្ដាយនៅកម្ពុជា។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា បញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ដែលមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសគួរតែអន្តរាគមន៍ទៅអាជ្ញាធរថៃ ជួយដល់ពលករទាំងនោះជាបន្ទាន់។

ពលករខ្មែរធ្វើការនៅខេត្តជាប់ទីក្រុងបាងកក (Bangkok) មួយចំនួនលើកឡើងថា ពួកគេមិនចង់ធ្វើការនៅតំបន់ដែលក្រុមពលករទាំងនោះប្រើប្រាស់ថ្នាំញៀននោះទេ ក៏ប៉ុន្តែដោយសារគ្មានជម្រើស ដូច្នេះមានតែអត់ទ្រាំធ្វើការនៅទីនោះបន្តទៀត ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ ពលករធ្វើការរោងចក្រផលិតអាហារ ស៊ីភី រែម (CP Ram Company) នៅស្រុកឡាតលុមកែវ(Lat Lum Keo) ខេត្តផាត់ធុមថានី (Pathum Thani) ជាប់ទីក្រុងបាងកកថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះថា ពលករខ្មែរប្រមាណ ១ពាន់នាក់ក្នុងចំណោមពលករខ្មែរជាង ១ពាន់ ៥០០នាក់(១.៥០០)ដែលធ្វើការរោងចក្រ នៅតំបន់លោករស់នៅបានប្រើប្រាស់គ្រឿងញៀន។ ពលកររូបនេះ បន្តថា ថ្នាំញៀនត្រូវបានគេដាក់លក់ដូចផ្សារត្រី ដែលពួកគេទិញពីប៉ូលិសមូលដ្ឋានរបស់ថៃ នៅតំបន់នោះក្នុងតម្លៃ៣០គ្រាប់ ពី១៥០ ទៅ ២០០បាត ឬស្មើនឹងប្រមាណពី ៤ទៅ៦ដុល្លារអាមេរិក រួចនាំគ្នាប្រើប្រាស់នៅតាមបន្ទប់រៀងៗខ្លួន។

ពលកររូបនេះបន្ថែមថា ដំបូងឡើយគ្រួសារគាត់ធ្លាប់ស្នាក់នៅក្នុងបន្ទប់ជាមួយអ្នកប្រើប្រាស់ថ្នាំញៀនដែរ តែក្រោយមកក៏បានប្ដូរបន្ទប់វិញ ដោយសារព្រួយបារម្ភពីសុវត្ថិភាពខ្លាចអ្នកញៀនថ្នាំវង្វេងស្មារតី ហើយប្រើអំពើហិង្សាមកលើខ្លួន។ ពលកររូបនេះបញ្ជាក់ថា ក្រុមអ្នកញៀនថ្នាំទាំងនោះភាគច្រើនមានឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងមានកាំបិតដាវដាក់ជាប់ខ្លួន ហើយជារឿយៗពួកគេតែងស្រែកឡូឡាបង្កការរំខានដល់អ្នកដែលមិនបានប្រើប្រាស់ថ្នាំញៀននៅពេលយប់។ «ខ្ញុំខ្លាចពេលណាគេប្រើប្រាស់ដល់កម្រិតទៅ វាអាចនឹងប្រតិកម្មក្នុងខ្លួនគាត់អីចឹង គាត់ធ្វើសកម្មភាពមកលើយើងអីចឹង។ ដូចគេប្រើអ៊ីចឹងធ្វើអត់ឱ្យយើងងងុយដេក មិនឱ្យយើងអស់កម្លាំង ហើយបាយទឹកអីអត់ហូបអត់អី ហើយគេនាំគ្នាដើរចុះដើរឡើងចេញចូលៗអ៊ីចឹងទៅ»។

ស្រដៀងគ្នានេះដែរ ពលការិនីធ្វើការនៅតំបន់ពលករខ្មែរប្រើប្រាស់ថ្នាំញៀន ម្នាក់ទៀត គឺលោកស្រី ជួង សុភាព រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ប្អូនប្រុសរបស់លោកស្រីអាយុ២៥ឆ្នាំ បានប្រើប្រាស់ថ្នាំញៀន តាមគ្នីគ្នារយៈពេលប្រមាណ៤ឆ្នាំហើយ។ ពលករមានដើមកំណើតនៅខេត្តពោធិ៍សាត់រូបនេះ បន្តថា ប្អូនលោកស្រីភាគច្រើនទិញថ្នាំញៀន ពីប៉ូលិសមូលដ្ឋាននៅតំបន់នោះ រួចយកមកប្រើប្រាស់នៅក្នុងបន្ទប់ នៅពេលដែលប្អូនត្រឡប់មកពីធ្វើការវិញ។ លោកស្រីថា ប្អូនលោកស្រីញៀនថ្នាំរហូតលែងស្គាល់ឪពុកម្ដាយ ហើយតែងប្រើហិង្សាមកលើលោកស្រី និងមិនស្ដាប់បង្គាប់ការណែនាំរបស់សាច់ញាតិឡើយ។

លោកស្រី ជួង សុភាព ៖ «ដល់ពេលជក់ថ្នាំអ៊ីចឹងទៅមានបាញ់គ្នាកាប់គ្នាអ៊ីចឹងទៅ អនាធិបតេយ្យដូចតំបន់ម៉ាហ្វីយ៉ាអ៊ីចឹង។ ថ្វីត្បិតតែរោងចក្រនឹងធំល្អមែន តែអ្នកធ្វើការគឺអត់សូវខ្លាចច្បាប់ទេ ដូចថាធ្វើអីមកគ្មានខ្លាចច្បាប់ទេ ចង់កាប់ចង់ជក់ចង់ផឹកអ៊ីចឹង ធ្វើបានតាមអំពើចិត្ត។ និយាយទៅគួរឱ្យខ្លាចដូចថាងាកទៅឆ្វេងក៏មានតែអ្នកញៀនថ្នាំ ងាកទៅស្ដាំមានតែអ្នកញៀនថ្នាំ»។

លោកស្រីបន្តថា អ្នកញៀនថ្នាំភាគច្រើនជាក្រុមយុវជនអាយុចន្លោះពី ១៨ ទៅជិត ៣០ឆ្នាំ ដោយអ្នកខ្លះទិញថ្នាំញៀនសម្រាប់ប្រើប្រាស់ខ្លួនឯងផង និងលក់បន្តឱ្យពលករធ្វើការជាមួយគ្នាផង។ លោកស្រីអះអាងថា កន្លងទៅលោកស្រីធ្លាប់ប្ដឹងទៅប៉ូលិសមូលដ្ឋានរបស់ថៃឱ្យចាត់វិធានការលើរឿងនេះដែរ ក៏ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ ហើយថែមទាំងប៉ូលិសប្រាប់លោកស្រីថា កុំចេះដឹងរឿងគេពេក។ លោកស្រីព្រួយបារម្ភខ្លាចប្អូនលោកស្រីមានគ្រោះថ្នាក់ដល់អាយុជីវិត ពីព្រោះសព្វថ្ងៃនេះរាងកាយស្គមស្លេកស្លាំង និងមិនសូវហូបអាហារឡើយ។ លោកស្រីក៏បារម្ភពីអនាគតគ្រួសារដែរ ព្រោះចាប់តាំងពីប្អូនលោកស្រីញៀនថ្នាំមក ពុំដែលផ្ញើប្រាក់ទៅឱ្យឪពុកម្ដាយនៅកម្ពុជានោះទេ។

លោកស្រី ជួង សុភាព៖ «លក់ផងជក់ផងស្ទើរតែទាំងអស់ហ្មង ខ្ញុំឃើញដូចថា សង្វេគណាស់ខ្មែរយើងមិនគួរណាធ្លាក់ដល់ចំណុចហ្នឹងទេ។ ដូចថាគាត់លក់ថ្នាំផងញៀនផង ញៀនរហូតថ្នាក់លែងខ្វល់ខ្វាយពីឪពុកម្ដាយប្រទេសជាតិ សូម្បីតែខ្លួនគាត់ក៏បណ្ដោយខ្លួនធ្វើឱ្យស្គមរីងរៃ ហើយធ្វើការមកបានតែលុយហ្នឹងយកមកជក់ថ្នាំ»។ ក្រុមពលករទាំងនោះអំពាវនាវឱ្យមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ អន្តរាគមន៍ទៅអាជ្ញាធរថៃឱ្យចាត់វិធានការលើអ្នកលក់ថ្នាំញៀននៅតំបន់នោះ ដើម្បីសម្រួលដល់ពួកគេធ្វើការងារដោយសុវត្ថិភាព។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីពលករខ្មែរប្រើប្រាស់ថ្នាំញៀននេះបានទេ នៅថ្ងៃទី២៤ សីហា។ ចំណែករដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ក៏មិនអាចទាក់ទងបានដែរ។

ជុំវិញរឿងនេះ មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃអង្គការសង់ត្រាល់(CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា បញ្ហានេះពុំមែនជាកំហុសរបស់ពលករនោះទេ ពោលគឺដោយសារតែបរិស្ថាននៅតំបន់ពួកគាត់ធ្វើការមានថ្នាំញៀន។ លោកបន្តថា បញ្ហានេះជាគ្រោះថ្នាក់ធំមួយដល់សង្គមជាតិ ដោយសារតែយុវជនពេញកម្លាំងទាំងនោះរវល់តែញៀនថ្នាំដោយពុំបានធ្វើការងាររកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងជាបន្ទុកដល់គ្រួសារទៅវិញ។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះមន្ត្រីស្ថានទូតខ្មែរនៅទីក្រុងបាងកក គួរតែអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យចាត់វិធានការជួយដល់ពលករទាំងនោះជាបន្ទាន់។

លោក ឌី ថេហូយ៉ា៖ «ខ្ញុំគិតថាវាប៉ះពាល់ធំធេងរយៈពេលយូរ ក្លាយទៅជាបន្ទុកសង្គម។ បន្ទុកទី១បន្ទុកគ្រួសាររបស់គាត់ដែលប្រឈមថា តើត្រូវដោះស្រាយរបៀបម៉េច ។ បន្ទុកទីវារងផលប៉ះពាល់ឥទ្ធិពលតកូនតចៅដែលគាត់មិនមានលុយ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារហើយ គាត់មានសារធាតុញៀនទៀត ហើយគាត់ធ្វើឱ្យស្ថិរភាពនៅក្នុងសហគមន៍នៅក្នុងមូលដ្ឋានហ្នឹងវាអត់មានស្ថិរភាព។ ធម្មតាសារធាតុញៀន កាលណាវាញៀនគឺវាអត់ដឹងខុសត្រូវអីទេ វាអាចប្រើប្រាស់អំពើហិង្សាកាប់សម្លាប់អីជាដើមអ៊ីចឹងទៅ»។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់ និងមិនស្របច្បាប់ ប្រមាណ ២លាននាក់ធ្វើការនៅប្រទេសថៃ។

កន្លងទៅក្រៅពីការប្រើប្រាស់ថ្នាំញៀន ពលករខ្មែរ ក៏ប្រឈមនឹងបញ្ហាច្រើនយ៉ាង ដូចជា ថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បង្ខំឱ្យធ្វើការហួសកម្លាំង ប្រើហិង្សាលើរាងកាយ ប្រមាថមើលងាយ និងបើកប្រាក់ខែឱ្យមិនទៀងទាត់ជាដើម។ ជារឿយៗពលករទាំងនោះមិនដែលទទួលបានយុត្តិធម៌នោះទេ នៅពេលដែលពួកគាត់ទៅប្ដឹងអំពីការរំលោភសិទ្ធិការងារពីសំណាក់ថៅកែថៃ។ ចំណែកឯស្ថានទូតខ្មែរវិញកម្រចុះទៅអន្តរាគមន៍ឱ្យពលករ និងចុះត្រួតពិនិត្យពីស្ថានភាពរស់នៅរបស់ពួកគាត់នោះទេ។

មន្ត្រីសង្គមស៊ីវិលឱ្យដឹងថា កត្តាដែលជំរុញឱ្យពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពខ្វះខាត ធ្វើស្រែចម្ការបានផលតែគ្មានទីផ្សារ គ្មានការងារក្នុងស្រុក និងជំពាក់ប្រាក់ធនាគារជាដើម។ ក្រុមពលករឱ្យដឹងថា ពលករខ្មែរដែលញៀនថ្នាំទាំងនោះពុំដែលបានផ្ញើប្រាក់ទៅឱ្យសាច់ញាតិនៅកម្ពុជានោះទេ។ ជាមួយគ្នានេះពួកគេក៏មិនចង់ធ្វើការនៅតំបន់នោះដែរ ក៏ប៉ុន្តែដោយសារគ្មានជម្រើស ព្រោះជីវភាពក្រីក្រ និងអត់ការងារធ្វើនៅក្នុងស្រុក ដូច្នេះមានតែខាំស្មៅនៅប្រទេសថៃបន្តទៀត ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ៕

website_news/2023290803.txt · Last modified: 2023/08/29 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki