website_news:2023290804

ក្រសួងការបរទេសតៃប៉ិត្រូវបានរិះគន់ជុំវិញករណីជួញដូរមនុស្សមកកម្ពុជា

https://www.khmertimeskh.com/501349554//?p=1349554 KhmerAugust 26, 2023

ក្រុមប្រឹក្សាឃ្លាំមើល (The Control Yuan) បានរិះគន់ក្រសួងការបរទេស (MOFA) និងការិយាល័យព្រះរាជអាជ្ញាស្រុក Kaohsiung ជុំវិញការដោះស្រាយករណីពាក់ព័ន្ធនឹងជនជាតិតៃវ៉ាន់ដែលត្រូវបានគេចាប់បង្ខាំងនៅកម្ពុជា បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងការបោកប្រាស់ការងារ និងជួញដូរមនុស្ស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានរបាយការណ៍អំពីជនជាតិតៃវ៉ាន់ដែលត្រូវបានគេធ្វើទារុណកម្ម ចាប់បង្ខាំង គំរាមកំហែងវះយកសរីរាង្គ និងត្រូវបានបង្ខិតបង្ខំឱ្យចូលរួមក្នុងសកម្មភាពបោកប្រាស់ បន្ទាប់ពីទទួលយកការងារក្រៅម៉ោងនៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។

សមាជិកនៃក្រុមប្រឹក្សាឃ្លាំមើល (The Control Yuan) លោកស្រី Yeh Ta-hua និងលោកស្រី Chi Hui-jung បានដាក់របាយការណ៍ស៊ើបអង្កេតលើបញ្ហានេះ ដែលត្រូវបានអនុម័តដោយគណៈ កម្មាធិការនៃក្រុមប្រឹក្សាឃ្លាំមើលលើកិច្ចការក្នុងស្រុក និងជនជាតិភាគតិចកាលពីថ្ងៃអង្គារសប្តាហ៍មុន។ សមាជិកនៃក្រុមប្រឹក្សាឃ្លាំមើល (The Control Yuan) លោកស្រី Yeh Ta-huaបង្ហាញរបាយការណ៍ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯ Control Yuan ក្នុងទីក្រុងតៃប៉ិ។

លោកស្រីYeh បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិថា ការិយាល័យរបស់ព្រះរាជអាជ្ញាបានបំពានគោលការណ៍ ដែលថា ការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាមិនត្រូវបង្ហាញជាសាធារណៈនោះទេ ខណៈដែលខ្លួនបានចេញវីដេអូទាក់ទងនឹងករណីឆបោកការងារកាលពីខែសីហាឆ្នាំមុន។ លោកស្រីបាននិយាយថា វីដេអូនេះត្រូវបានចេញផ្សាយ ខណៈដែលជនរងគ្រោះកំពុងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា ហើយជាលទ្ធផល ពួកគេត្រូវបានធ្វើទារុណកម្មកាន់តែធ្ងន់ធ្ងរ។ លោកស្រី Yeh បានបន្តថា ក្នុងនាមជាក្រសួង ខ្លួនបានបរាជ័យក្នុងការគ្រប់គ្រងពីស្ថានការណ៍ជួញដូរមនុស្សនៅកម្ពុជា។ លោកស្រីបាននិយាយថា មជ្ឈមណ្ឌលហៅទូរសព្ទបន្ទាន់របស់ក្រសួងបានទទួលការហៅទូរស័ព្ទចំនួន ៦៤៣លើកដើម្បីសុំជំនួយទាក់ទងនឹងការបោកប្រាស់ការងារនៅក្រៅប្រទេសចាប់ពីឆ្នាំ២០២១ ដល់ខែមិថុនាឆ្នាំនេះ។ បន្ថែមពីលើនេះ មានពលរដ្ឋចំនួន ៦៨២នាក់ក្នុងប្រទេសកម្ពុជា ១៩៤នាក់ក្នុងប្រទេសថៃ និង១២៤នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា បានស្វែងរកជំនួយពីការិយាល័យតៃវ៉ាន់នៅក្រៅប្រទេស។

លោកស្រី Yeh បាននិយាយថា អ្នកបង្ហោះវីដេអូ (YouTuber) ឈ្មោះ Hao-pang Bump បានបង្ហោះវីដេអូដែលចោទប្រកាន់ក្រសួងថា មិនព្រមជួយជនរងគ្រោះពីការបោកប្រាស់ការងារកាលពីខែមីនាឆ្នាំមុន ដោយបានបន្ថែមថា ក្រសួងគ្រាន់តែសុំឱ្យភ្នាក់ងារនគរបាលជាតិ និងភ្នាក់ងារផ្សេងទៀតឱ្យជួយដោះស្រាយបញ្ហានេះកាលពីខែឧសភាឆ្នាំមុន ដែលបានបង្ហាញពីកង្វះវិធានការណ៍ និងការឆ្លើយតប។” លោកស្រីបាននិយាយថា លើសពីនោះ មូលនិធិសង្គ្រោះបន្ទាន់សម្រាប់ប្រជាជនតៃវ៉ាន់ ដែលធ្វើដំណើរទៅក្រៅប្រទេស កម្រត្រូវបានប្រើប្រាស់ដោយសារតែដំណើរការដាក់ពាក្យសុំដ៏លំបាក ដែលនាំឱ្យមានភាពយឺតយ៉ាវក្នុងការជួយសង្គ្រោះជនជាតិតៃវ៉ាន់នៅក្រៅប្រទេស។

ក្រុមប្រឹក្សាឃ្លាំមើលបាននិយាយថា គួរតែមានការកែលម្អនិងបានស្នើឱ្យគណៈរដ្ឋមន្ត្រីឱ្យតាមដានជាមួយភ្នាក់ងារពាក់ព័ន្ធ។ របាយការណ៍បាននិយាយថា មូលនិធិសម្រាប់ការសង្គ្រោះបន្ទាន់នៅក្រៅប្រទេស គួរតែត្រូវបានប្រើប្រាស់ ដោយមានភាពបត់បែន ដើម្បីបង្ការភាពយឺតយ៉ាវ។ របាយការណ៍បាននិយាយថា ចំនួនមន្ត្រី និងនគរបាលផ្នែកកិច្ចការឧក្រិដ្ឋកម្មអន្តរជាតិ ដែលត្រូវបានដាក់នៅក្រៅប្រទេស គួរតែត្រូវបង្កើន ដោយបន្ថែមថា រដ្ឋាភិបាលគួរតែផ្តល់ជំនួយច្រើនជាងមុនដល់ជនរងគ្រោះ នៅពេលពួកគេត្រឡប់ទៅតៃវ៉ាន់វិញ។ បន្ថែមពីលើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកតុលាការជាមួយប្រទេសផ្សេងទៀត វាមានសារៈសំខាន់ណាស់សម្រាប់វិស័យសាធារណៈក្នុងការធ្វើការជាមួយវិស័យឯកជន ដូចជាអង្គការសង្គ្រោះអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ និងធនាគារការងារជាដើម។ របាយការណ៍បាននិយាយថា ភ្នាក់ងារគួរតែសិក្សាករណីកន្លងមក ដើម្បីរៀបចំផែនការបង្ការ ចាត់តាំងអង្គភាពជាក់លាក់ ដើម្បីដោះស្រាយឧបទ្ទវហេតុបែបនេះ និងផ្តោតលើការចេញការព្រមានដល់ក្រុមដែលមានហានិភ័យខ្ពស់ ដូចជាយុវជន តាមរយៈមធ្យោបាយនានា ដែលពួកគេភាគច្រើនប្រើដើម្បីស្វែងរកការងារ។

ក្រសួងបាននិយាយថា ខ្លួនបាននិងកំពុងសហការជាមួយការិយាល័យតៃវ៉ាន់នៅក្រៅប្រទេស និងភ្នាក់ងារនគរបាលក្នុងស្រុក ដើម្បីដោះស្រាយបញ្ហានេះ ចាប់តាំងពីទទួលបានការហៅទូរស័ព្ទសុំជំនួយពីប្រជាពលរដ្ឋដែលធ្វើការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២១។ ក្រសួងបាននិយាយថា ខ្លួនបានចេញសេចក្តីជូនដំណឹង និងការព្រមានអំពីការធ្វើដំណើរម្តងហើយម្តងទៀត ចាប់តាំងពីពេលនោះមក ដោយជំរុញអ្នកស្វែងរកការងារឱ្យប្រុងប្រយ័ត្នចំពោះការបោកប្រាស់ការងារបរទេស។ ក្រសួងបាននិយាយថា ខ្លួនកំពុងដោះស្រាយបញ្ហាហៅទូរស័ព្ទសុំជំនួយកាន់តែច្រើន បន្ទាប់ពីវីដេអូរបស់ Hao-pang Bump បានទាក់ទាញការចាប់អារម្មណ៍ពីប្រជាជន ហើយក្រសួងបានកោះប្រជុំ និងសហការជាមួយភ្នាក់ងារនគរបាល និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត។

ក្រសួងការបរទេសបាននិយាយថា មូលនិធិដែលប្រើប្រាស់សម្រាប់បេសកកម្មជួយសង្គ្រោះភាគច្រើនបានមកពីថវិការបស់ក្រសួងមហាផ្ទៃជាក់លាក់ ហើយមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះ។ ក្រសួងបានបន្ថែមថា ការដែលក្រុមប្រឹក្សាឃ្លាំមើលបានលើកឡើងពីដំណើរការដាក់ពាក្យដែលពិបាក និងយឺតយ៉ាវ អាចជាការយល់ច្រឡំ។ ក្រសួងបាននិយាយថា ជោគជ័យនៃប្រតិបត្តិការជួយសង្គ្រោះគឺអាស្រ័យទៅលើថាតើព័ត៌មានគ្រប់គ្រាន់ត្រូវបានផ្តល់ និងឆន្ទៈរបស់ជនរងគ្រោះ និងសមាជិកគ្រួសាររបស់ពួកគេ ក៏ដូចជាបទប្បញ្ញត្តិក្នុងស្រុក និងលក្ខខណ្ឌនយោបាយ ដោយបន្ថែមថា ក្រសួង និងការិយាល័យរបស់ខ្លួននៅក្រៅប្រទេសមិន ដែលធ្វេសប្រហែសក្នុងករណីសង្គ្រោះគ្រាអាសន្ននោះទេ។

website_news/2023290804.txt · Last modified: 2023/08/29 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki