website_news:2023290902

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដាក់ដំណើរការជាផ្លូវការហើយដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ

https://www.btv.com.kh/article/31407 2023/09/28 06:42:13 pm

ភ្នំពេញ៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីថៃបានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានមានវត្តមានអមនាយករដ្ឋមន្ត្រីទាំងពីរក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត។

បើយោងតាម ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន ឱ្យដឹងថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរង គ្រោះប៉ោយប៉ែត ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៣ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ។ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានទំហំដីសរុប ៤.៩០០ ម៉ែត្រការ៉េ (បណ្តោយ ៩៨ ម៉ែត្រ និងទទឹង៥០ ម៉ែត្រ)។ ត្រូវប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា ដោយមើលឃើញពីការយកចិត្តទុកដាក់ជួយដល់ជនងាយរងគ្រោះអំពើជួញដូរមនុស្ស និងចំណាកស្រុក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បាន ផ្តល់ជំនួយសម្រាប់សាងសង់អាគារបន្ថែមលើទំហំដីសរុប ៩,៧៦៨ ម៉ែត្រការ៉េ ដែលបានចំណាយទឹក ប្រាក់អស់ប្រមានញ ២,១៩៩,៩២០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្តល់សេវាដូចជា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរង គ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកប ដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ និងពិការភាព៕ អត្ថបទ.ភារម្យ

website_news/2023290902.txt · Last modified: 2023/09/29 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki