website_news:2023290903

នាយករដ្ឋមន្ត្រីថៃ៖ ពលករកម្ពុជាបានរួមចំណែកជួយដល់សេដ្ឋកិច្ចថៃ

https://btv.com.kh/article/31426 2023/09/28 10:25:38 pm

ភ្នំពេញ៖ នៅវិមាន ៧ មករា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់កម្ពុជា។ សម្តេចតេ ជោ បានអបអរសាទរជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សនកិច្ច នេះ បង្ហាញឱ្យឃើញនូវលក្ខណៈពិសេសនៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួប សម្ដែងការគួរសមសម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលឯកឧត្តមសូមវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច។ ឯកឧត្តមក៏បានលើកឡើងពីលទ្ធផល នៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកច ម្រើនថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណ ចំពោះពលករកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសថៃ។ កម្លាំងពលករកម្ពុជាទាំងនេះ បានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយឯកឧត្តមបានធានាអះ អាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ក៏បានលើកឡើងអំពីការសម្រេចចិត្តរបស់ សម្តេច ក្នុងការផ្ទេរអំណាចទៅឱ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាព ដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមិទ្ធផលដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឱ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត។ សម្តេចតេជោក៏បានរម្លឹកឡើងវិញ ពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំកន្លងមក។

សម្តេចតេ ជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១ ប្រែក្លាយតំបន់សមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីពីរប្រែក្លាយព្រំដែន ដែលធ្លាប់ភ័យខ្លាចដោយសង្គ្រាមឱ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្តេចតេជោបន្ថែមថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សម្ដេចក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវ និងវៀតណាមផងដែរ។ សម្តេចតេជោ មានប្រសាសន៍បន្តថា ប្រទេសជាប់ភូមិផងរបងជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និងការជួយគ្នាទៅវិញទៅមក ជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែន សម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺជាដើម។

ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងបានលើកឡើងថា ឯកឧត្តមបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានកោតសរសើរចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕ ដោយ៖ គង់ ឌិន

website_news/2023290903.txt · Last modified: 2023/09/29 09:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki