website_news:2023290904

អ្នកឃ្លាំមើលថា រដ្ឋាភិបាលត្រូវធានាការអនុវត្តច្បាប់ និងយុត្តិធម៌សង្គមឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ ក្រោយការភ័យខ្លាចពីឧក្រិដ្ឋកម្មល្បែងអនឡាញ

https://www.rfa.org/khmer/news/social-economy/social-activist-urges-government-to-fix-cambodia-damage-and-restore-social-confidence-after-the-alleged-online-scamming-human-trafficking-went-viral-around-the-world-09272023075217.html ដោយ សុជីវី2023.09.27

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើឱ្យរដ្ឋាភិបាលចិនអន្តរាគមន៍បញ្ឈប់ការផ្សព្វផ្សាយខ្សែភាពយន្តចិន ក្រោមចំណងជើងថា «No More Bets» ទាក់ទងនឹងឧក្រិដ្ឋកម្មល្បែងអនឡាញ ដែលក្រសួងចាត់ទុកថាបានបន្ទាបតម្លៃកម្ពុជា។

អ្នកសកម្មតាមដានបញ្ហាសង្គម ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាលអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងធានាឱ្យបានយុត្តិធម៌សង្គមសម្រាប់មនុស្សគ្រប់រូបដោយមិនមានការរើសអើង ដើម្បីស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិបានឡើងវិញ។

សំណើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៅរដ្ឋាភិបាលចិន ដែលជាមិត្តដែកថែមកម្ពុជានេះធ្វើឡើងតាមរយៈលិខិតដាក់ទៅស្ថានទូតចិនប្រចាំនៅកម្ពុជា។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុម ម៉ាប់ ប្រាប់វិទ្យុអាស៊ីសេរីថា ខ្សែភាពយន្ត ដែលបន្ទាបតម្លៃកម្ពុជាបែបនេះបានធ្វើឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានមិនពេញចិត្ត ឬខឹងសម្បារ។ លោកថារឿង «No More Bets» នេះផលិតនៅក្រៅប្រទេស មិនបានសហការជាមួយអាជ្ញាធរកម្ពុជា ដែលធ្វើឱ្យក្រសួងមិនអាចគ្រប់គ្រងបាន និងពិបាកនឹងបញ្ឈប់ការផ្សព្វផ្សាយរឿងនេះ។ លោក ស៊ុម ម៉ាប់ បញ្ជាក់ថា ក្រសួងវប្បធម៌បានផ្ញើលិខិតទៅស្ថានទូតចាប់តាំងពីពេលដែលមានឈុតខ្លីៗ ផ្សព្វផ្សាយពាណិជ្ជកម្មរឿងនេះមកម្ល៉េះ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីស្ថានទូតចិននៅឡើយទេ។

លោក ស៊ុម ម៉ាប់៖ «តាមរយៈឆាណែលការទូតយើងធ្វើរឿងហ្នឹងមួយ។ ទី២ នៅក្នុងយើងមិនអនុញ្ញាតឱ្យជាដាច់ខាតចរាចររឿងហ្នឹងនៅក្នុងផ្ទៃប្រទេសរបស់យើង។ ទី៣ ប្រសិនបើមានកុនហ្នឹងតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ យើងនឹងសហការជាមួយក្រសួងពាក់ព័ន្ធទប់ស្កាត់កុំឱ្យមានបង្ហោះលើបណ្ដាញពីព្រោះវាប៉ះពាល់មែនដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ប្រទេសយើង។ គាត់ផលិតអប់រំប្រជាជនគាត់ តែវាមកប៉ះពាល់បណ្ដាប្រទេសសមាជិកអាស៊ាន»។

ទាក់ទងនឹងរឿងនេះអ្នកឃ្លាំមើលបញ្ហាសង្គមថា វិធានការរបស់ក្រសួងវប្បធម៌នៅពេលនេះហាក់ដូចជាយឺតពេលទៅហើយនៅពេលដែលខ្សែភាពយន្តរឿង «No More Bets» មានមនុស្សមើលរាប់លាននាក់ និងរកចំណូលបានជិតពាន់លានដុល្លាររួចទៅហើយ។ រឿង «No More Bets» ដែលមានរយៈពេល ២ម៉ោង ជារឿងដែលក្រុមអ្នកផលិតអះអាងថា ជារឿងអប់រំពលរដ្ឋដោយផ្អែកលើស្ថានភាពពិតនៅក្នុងប្រទេសមួយ ចំនួននៅអាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជា ថៃ (Thailand) និងមីយ៉ាន់ម៉ា (Myanmar) ដោយឆ្លុះបញ្ចាំងពីការជួញដូរមនុស្សប្រមាណ ១សែនករណី។ រឿងនេះបង្ហាញពីការអប់រំសាធារណជន អ្នកទស្សនាមិនឲ្យលង់ជឿការផ្សព្វផ្សាយពីការងារបោកប្រាស់តាមអនឡាញ និងការលេងល្បែង ដែលអាចជាការរៀបចំដោយក្រុមឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់។ រឿងនេះក៏បង្ហាញពីក្រុមឧក្រិដ្ឋជនបោកប្រាស់ និងធ្វើទារុណកម្មបង្ខំឱ្យអ្នកដែលចង់ធ្វើការអានឡាញចូលទៅក្នុងប្រព័ន្ធចាប់ជំរិត និងបង្កើតបទឧក្រិដ្ឋចាប់ជំរិត ការជួញដូរមនុស្សតាមអនឡាញ និងការបង្ខាំងមនុស្សបង្ខំឲ្យធ្វើការ។ ជាមួយគ្នានេះ រឿងនេះក៏បង្ហាញពីឈុតឆាកវាយដំធ្វើទារុណកម្មអ្នកទេសចរ ដែលត្រូវចាប់ជំរិត។ ចំណុចពិសេសមួយទៀតនៃរឿងនេះគឺ គេបង្ហាញថា រឿងហេតុទាំងនេះកើតនៅប្រទេសខ្មែរ ថែមទាំងមានតួអង្គនៃរឿងនេះពាក់អាវមានសរសេរអក្សរខ្មែរជាក្រុមថែមទៀត។ សារសំខាន់នៃរឿងនេះគឺ “One more viewer, one less fraud victim” ដែលមានន័យជាភាសាខ្មែរថា “អ្នកទស្សនា ១នាក់ អាចកាត់បន្ថយជនរងគ្រោះ ១នាក់ ពីការចាញ់បោក”។ មកដល់ពេលនេះ រឿងនេះត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃមូលហេតុ ដែលអាចធ្វើឲ្យអ្នកទេសចរ និងវិនិយោគិនខ្លាចរអាមិនហ៊ានមកកម្សាន្ត និងរកស៊ីនៅកម្ពុជា។

ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ អាជ្ញាធរកម្ពុជាពិបាកនឹងរារាំងរឿងនេះពីព្រោះគេបានផ្សព្វផ្សាយទៅជាច្រើនប្រទេសរួចហើយ ម្យ៉ាងវិញទៀតរឿងនេះក៏ឆ្លុះបញ្ចាំងការពិត ដែលកើតឡើងនៅក្នុងប្រទេសមួយចំនួនចំនួននៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផង។ លោកថា ដើម្បីដោះស្រាយរឿងនេះ ឬស្ដារមុខមាត់កម្ពុជាបានសំខាន់ណាស់ ដែលត្រូវពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយ។ លោក កើត សារ៉ាយ៖ «ចំណុចទី១ គឺកម្ពុជាត្រូវតែចាប់ផ្ដើមពិនិត្យឡើងវិញអំពីប្រព័ន្ធ ឬអំពើពុករលួយនៅក្នុងសង្គមរបស់ខ្លួនឯង ចោរកម្ម ឧក្រិដ្ឋកម្មផ្សេងៗ ដែលអាចប្រព្រឹត្តនៅកម្ពុជាបាន មិនមែនជនទាំងអស់ហ្នឹងជាអាទិទេព មានសិល្ប មានវេទមន្តទេ វាតែងមានការជួយជ្រោមជ្រែងពីអ្នកកាន់អំណាចនៅកម្ពុជា។ អ៊ីចឹងគឺត្រូវពិនិត្យឡើងវិញថា រឿងហ្នឹងមានអ្នកធំ អ្នកមានអំណាចប៉ុន្មាននៅកម្ពុជា ដែលបានសហការក្នុងរឿងហ្នឹង។ ទី២ ត្រូវពង្រឹង រឹតបន្តឹងច្បាប់ជាមួយមន្ត្រីអនុវត្តច្បាប់នៅក្នុងស្រុក ដើម្បីឱ្យចាត់វិធានការតឹងរ៉ឹងទៅលើឧក្រិដ្ឋជនសំខាន់នៅក្នុងគោលដៅ»។ លោក សារ៉ាយ បន្តថា វិធានការនេះត្រូវតែដើរទន្ទឹមនឹងការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរណ៍ និងអ្នកជំនួញបរទេសមកកម្ពុជា។

ចំណែកអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា យឺតពេលហើយដែលទៅរារាំងការផ្សព្វផ្សាយខ្សែភាពយន្តនេះ។ ម្យ៉ាងវិញទៀតលោកថា ជនបរទេស ជាពិសេស នៅក្នុងប្រទេសជឿនលឿនពួកគេតែងតែប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយមុនពេលពួកគេធ្វើដំណើរទៅលេង ឬទៅរកស៊ីប្រទេសណាមួយ ពោលគឺមិនអាចលាក់បាំងការពិតពីពួកគេបានឡើយ បើទោះបីជាមិនមានការផ្សព្វផ្សាយរឿង «No More Bets» នេះក៏ដោយ។ លោក វ៉ន ចាន់ឡូត៖ «ប្រទេសសេរី គេជឿនលឿនពលរដ្ឋគេគឺគេមានភាពវ័យឆ្លាតនៅក្នុងការទទួលបានព័ត៌មាន គឺគេអាចរកព័ត៌មានបានដោយខ្លួនគេ។ អញ្ចឹងអ្វីដែលកម្ពុជាគួរធ្វើគឺយើងត្រូវតែធានាថារដ្ឋាភិបាលប្ដេជ្ញាចិត្តទប់ស្កាត់ ឬលប់បំបាត់រាល់ទម្រង់ ដែលជាអំពើឧក្រិដ្ឋកម្ម មានទាំងការលាងលុយកខ្វក់ ការឆបោកអីទាំងអស់ហ្នឹងជារឿងដែលសហគមន៍អន្តរជាតិគេចង់បាន»។

បញ្ហាឧក្រិដ្ឋកម្មល្បែងអនឡាញនេះមិនមែនគ្រាន់តែជាក្ដីបារម្ភសម្រាប់តែកម្ពុជាទេ វាក៏ជាក្ដីបារម្ភរបស់បណ្ដាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ទាក់ទងនឹងរឿងជួញដូរមនុស្សនេះនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន នឹងមកទស្សនកិច្ចនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី២៨ សប្ដាហ៍នេះ ដើម្បីជជែកបញ្ហាសន្តិសុខរវាងប្រទេសទាំង២ និងការរួមគ្នាជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស។

អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កាលបីចុងខែសីហា បានចេញផ្សាយរបាយការណ៍មួយរកឃើញថា មានមនុស្សប្រមាណ ១សែននាក់ ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខំឱ្យធ្វើការងារតាមប្រព័ន្ធអ៊ីនធឺណិតកម្ពុជា។ ជនរងគ្រោះរងការរំលោភបំពានធ្ងន់ធ្ងរជាច្រើន រួមទាំងការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខ ហើយមនុស្សជាច្រើនបានទទួលរងការធ្វើទារុណកម្ម និងការប្រព្រឹត្តិដោយឃោរឃៅ អមនុស្សធម៌ និងថោកទាប ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗ ទៀត។

ប៉ុន្តែដូចពេលមុនៗ ដែរ រដ្ឋាភិបាលកម្ពុជាតែងបដិសេធ ជាពិសេស នៅពេលនេះថា កម្ពុជាពុំមានឧក្រិដ្ឋកម្មអនឡាញធំសម្បើមបែបនេះទេ។ អ្នកឃ្លាំមើលបញ្ហាសង្គមថា រដ្ឋាភិបាលកម្ពុជាគួរបើកការស៊ើបអង្កេតរកការពិតជាជាងច្រានចោលភា្លមៗ នូវរបាយការណ៍នានា ដែលលាតត្រដាងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា៕

website_news/2023290904.txt · Last modified: 2023/09/29 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki