website_news:2023291102

ពលករ និងមន្ត្រីអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿនការបញ្ចុះតម្លៃលិខិតឆ្លងដែន

https://www.rfa.org/khmer/news/social-economy/workers-and-civil-society-officials-call-on-government-to-speed-up-passport-discounts-11242023042016.html ដោយ ថា ថៃ 2023.11.24

ពលករ និងមន្ត្រីអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿន ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន។ ពួកគាត់លើកឡើងថា ការបញ្ចុះតម្លៃលិខិតឆ្លងដែននេះ នឹងអាចធ្វើឲ្យពលករ រួចផុតពីទាសករសម័យទំនើប។ ពលករ ដែលចំណាកស្រុកទាំងប្រថុយប្រថានទៅប្រទេសថៃ កំពុងតែជួបបញ្ហាជីវភាព ក្រោយពីបង្ខំចិត្តនាំកូននាំចៅចាកឆ្ងាយពីគ្រួសារ ដើម្បីទៅធ្វើការនៅប្រទេសថៃ រកលុយសងបំណុលធនាគារ។ ពលករទាំងនោះជាពលករឆ្លងដែនខុសច្បាប់ទាំងនោះ នៅពេលថៅកែកេងប្រវ័ញ្ចកម្លាំង និងមិនបើកប្រាក់ខែឲ្យ គឺពួកគាត់មិនត្រឹមតែ មិនត្រូវបានការពារដោយក្រសួងការងារ នៃប្រទេសថៃទេ ថែមទាំងប្រឈមនឹងថៅកែដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរថៃ ឲ្យឃាត់ខ្លួនពួកគាត់នៅក្នុងករណីគ្មានលិខិតឆ្លងដែនទៀតផង។

ពលករធ្វើការសំណង់នៅប្រទេសថៃ លោក សឿន ឌីន ដែលមានប្រពន្ធ និងកូនចំនួន៥នាក់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ វិច្ឆិកា ថា គ្រួសាររបស់លោកបានចំណាកស្រុកមកដើម្បីរកការងារធ្វើ ដោយមិនមានលទ្ធភាពធ្វើលិខិតឆ្លងដែននោះទេ។ លោកបន្តថា ថ្មីៗនេះ ថៅកែមិនបានបើកលុយឲ្យលោក និងពលករចំនួន ១៥នាក់ផ្សេងទៀតនោះ ជាហេតុធ្វើឲ្យគ្រួសារលោកជួបបញ្ហាសេដ្ឋកិច្ច និងគ្មានលទ្ធភាពសងបំណុលធនាគារ។ លោក សឿន ឌីន៖ «ធ្វើម៉េចបើអត់ទៅហើយមានតែធ្វើការឡើងមកហ្នឹងហើយ ដល់ពេលឡើងមកបើកលុយអត់បានទៀត អត់ដឹងគិតថាម៉េច ។ ជួបដែរផលលំបាក គេអត់បើកលុយឲ្យ អីចឹងទៅពិបាកដែរបង មានថ្ងៃខ្លះដើររើសអេតចាយ»។

កម្មករ នៅប្រទេសថៃ ម្នាក់ទៀត គឺលោក គួ សាវឿន ប្រាប់វិទ្យុអាស៊ីសេរីថា លោកក៏ជួបប្រទះបញ្ហា ដូចពលករដទៃទៀតដែរដូចជា ការធ្វើការពីមួយខែទៅមួយខែ ប្រាក់ខែសម្រាប់តែបន្តសុពលភាពឯកសារការងារ ។ លោកស្នើដល់រដ្ឋាភិបាល បញ្ចុះតម្លៃលិខិតឆ្លងដែន និងរៀបចំកន្លែងធ្វើលិខិតឆ្លងដែនឲ្យបានច្រើនកន្លែងក្នុងប្រទេសថៃ ដើម្បីកាត់បន្ថយការចំណាយរបស់ពលករ។ លោក គួ សាវឿន៖ «ស្នើឲ្យរាជរដ្ឋាភិបាលមកធ្វើលិខិតឆ្លងដែន (Passport)នៅប្រទេសថៃ ចង់ឲ្យគាត់មកធ្វើទៅ ដើម្បីកុំឲ្យបងប្អូនយើងទៅតាមជាយដែនទៅថតរូបថតអី គាត់មានផលវិបាកអាថ្លៃឡានទៀត ។ ថ្លៃឡានគេយកពីគាត់ក្នុងមួយនាក់ ៤ពាន់ ៥រយបាត អ៊ីចឹងគាត់ទៅធ្វើការរាល់ថ្ងៃហ្នឹង ចិញ្ចឹមតែប៉ាស្ព័រ និងឯកសារប៉ុណ្ណឹងឯង អ៊ីចឹងគាត់អត់មានលុយបង់ធនាគារ គាត់ខ្វះខាតច្រើន។ អ៊ីចឹងរួបរួមទៅគាត់ធ្វើការមួយថ្ងៃ ៣រយហាសិបបាតទៅ ៤រយបាត មានន័យថា គាត់យកលុយចំណូលហ្នឹងយកទៅចាយឯកសារវាអត់គ្រប់អត់គ្រាន់ហាបង»។

ចំណែកពលករខ្មែរធ្វើការសំណង់នៅខេត្តជាប់ទីក្រុងបាងកក (Bangkok) លោក អែម ពិសិដ្ឋ ថ្លែងថា ដោយសារការធ្វើលិខិតឆ្លងដែន និងទិដ្ឋាការការងារនៅប្រទេសថៃ មានតម្លៃថ្លៃ និងត្រូវធ្វើជាប្រចាំ លោកស្នើដល់រដ្ឋាភិបាលឲ្យបញ្ចុះតម្លៃលិខិតឆ្លងដែន និងផ្អាកការបង់សងបំណុលធនាគាររយៈពេលមួយឆ្នាំដើម្បីឲ្យពលរដ្ឋ មានលទ្ធភាពស្ដារសេដ្ឋកិច្ចឡើងវិញ។ លោក អែម ពិសិដ្ឋ៖ «ហើយណាមួយបារម្ភនៅពេលយើងធ្វើការខែវស្សាការងារសំណង់ពេលខ្លះយើងត្រូវទឹកភ្លៀងយើងត្រូវអីទៅវា ផ្ដាសាយវាឈឺ ហើយយើងអត់បានធ្វើការ សុំសម្រាកមួយថ្ងៃទៅ២ថ្ងៃ អីចឹងហើយយើងត្រូវខ្ចីលុយគាត់ហ្នឹងដើម្បីមើលថែទាំខ្លួនថែមទៀត អ៊ីចឹង។ អ៊ីចឹងហើយធ្វើឲ្យយើងធ្វើការចាប់ពី៣ខែ ទៅ៤ខែបានយើងអាចដោះគ្រាន់តែរួច និងមានលុយផ្ញើទៅអ្នកផ្ទះខ្លះ»។

វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបចំពោះការលើកឡើងនេះ បាននៅឡើយទេ នៅថ្ងៃទី២២ វិច្ឆិកា។

ទាក់ទងនឹងការស្នើសុំបញ្ចុះថ្លៃធ្វើលិខិតឆ្លងដែននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា កាលពីដើមខែកញ្ញា ថ្លែងទទួលស្គាល់ថា តម្លៃធ្វើលិខិតឆ្លងដែននៅកម្ពុជា មានតម្លៃខ្ពស់ បើធៀបនឹងប្រទេសក្នុងតំបន់ ។ លោក ណែនាំដល់ស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញ ចំពោះតម្លៃធ្វើលិខិតឆ្លងដែននេះ។ លោក ស សុខា៖ «និយាយរួមសូមឲ្យពិនិត្យបញ្ហានេះហើយ សូមឲ្យលើកយោបល់ក្នុងការសម្រេចធ្វើម៉េចផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កុំឲ្យការវិវត្តពីមួយអាណត្តិទៅមួយអាណត្តិលិខិតឆ្លងដែនមានការឡើងថ្លៃរហូត ហើយយើងដឹងហើយការបោះពុម្ព ឬមួយការផលិតនៃលិខិតឆ្លងដែននេះ មិនដល់ប៉ុណ្ណឹងពេកទេ»។

ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ អង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែងក្នុងកិច្ចពិភាក្សារបស់អង្គការសង់ត្រាល់ ក្រោមប្រធានបទថា៖ «ធ្វើដូចម្ដេច ដើម្បីកាត់បន្ថយហានិភ័យ នៃការចំណាកស្រុក?» នៅថ្ងៃទី២២ វិច្ឆិកា ថា ពលករចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ កំពុងតែជួបប្រទះបញ្ហាតាំងពីដំណាក់កាលស្វែងរកការងារ អំឡុងពេលការងារ និងក្រោយឈប់បំពេញការងារ។ លោកបន្តថា នៅពេលពលករទាំងនោះ ត្រូវបានថៅកែរំលោភសិទ្ធិការងារ ដោយកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬថៅកែមិនបើកប្រាក់ខែឲ្យ ឬថៅកែបង្ខំឲ្យធ្វើការក៏ដោយ ក៏ពួកគាត់ស្ទើរតែមិនទទួលបានការការពារពីក្រសួងការងារ នៃប្រទេសថៃដែរ។

លោក ឌី ថេហូយ៉ា៖ «ទាសភាពក្នុងសម័យទំនើបនេះ ទាសករក្នុងសម័យទំនើបហ្នឹង វាអត់មានឯករាជ្យ អត់មានសេរីភាព អត់មានសេរីភាពក្នុងការដើរហើរ អត់មានសេរីភាពក្នុងការតវ៉ា មិនទទួលបានប្រាក់ឈ្នួលសមរម្យ ការងារដោយបង្ខំទាំងអស់ហ្នឹង គេហៅថា បើយើងនិយាយភាសាសាមញ្ញគេហៅថា ទាសករក្នុងសម័យទំនើបសំណួរសួរថា បើការធ្វើការរបស់ប្រជាពលរដ្ឋភាគច្រើន ដែលធ្វើការក្នុងភាពជាទាសភាពក្នុងសម័យទំនើប សំណួរសួរថា ទី១ សុខភាពគាត់រឹងមាំឬអត់នៅពេល ដែលគាត់ចប់កិច្ចសន្យាការងារ ឬក៏ត្រឡប់មកខ្មែរ? ទី២ សំណួរសួរថា គាត់សល់លុយត្រឡប់មកវិញអត់?»។

ប្រៀបធៀបជាមួយធ្វើលិខិតឆ្លងដែនជាមួយប្រទេសជិតខាងវិញ ការធ្វើលិខិតឆ្លងដែនកម្ពុជាមានតម្លៃថ្លៃជាងគេ។ ដើម្បីធ្វើលិខិតឆ្លងដែនប្រើប្រាស់ ប្រជាពលរដ្ឋខ្មែរត្រូវចំណាយចាប់ពីជាង ១រយដុល្លារ (១១០ដុល្លារ) ទៅដល់ជាង ២រយដុល្លារអាមេរិក (២៣០ដុល្លារ) ខណៈការធ្វើលិខិតឆ្លងដែន ប្រទេសថៃ (Thailand) និងប្រទេសឡាវ (Lao) ប្រជាពលរដ្ឋនៃប្រទេសទាំង ២នេះ ត្រូវចំណាយប្រមាណ ៥០ដុល្លារតែប៉ុណ្ណោះ៕

website_news/2023291102.txt · Last modified: 2023/11/29 09:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki