website_news:2023291104

អ្នកជំនាញថា ការប្រើភាសាត្រឹមត្រូវអាចបន្ថយការរើសអើង និងអំពើហិង្សាលើពលករចំណាកស្រុក

https://khmer.voanews.com/a/experts-say-using-the-right-language-can-reduce-discrimination-and-violence-against-migrant-workers/7371609.html ២៧ វិច្ឆិកា ២០២៣កាន់ វិច្ឆិកា

ភ្នំពេញ៖ អ្នកជំនាញផ្នែកស្រ្តី និងយេនឌ័រលើកឡើងថា ការប្រើប្រាស់ពាក្យពេចន៍ពាក់ព័ន្ធនឹងពលករចំណាកស្រុកដោយត្រឹមត្រូវ អាចជួយកាត់បន្ថយការរើសអើង និងអំពើហិង្សាលើពួកគេ។ ការលើកឡើងរបស់អ្នកជំនាញពាក់ព័ន្ធនឹងការប្រើពាក្យពេចន៍អំពីពលករចំណាកស្រុកនេះ ធ្វើឡើងក្នុងពិធីសម្ពោធកម្រងសន្ទានុក្រមវាក្យសព្ទ ស្តីអំពីទេសន្តរប្រវេសន៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្តោតលើពលករទេសន្តរប្រវេសន៍ជាស្រ្តី និងបញ្ឈប់អំពើហិង្សាលើស្រ្តី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សន្ទានុក្រមនេះចងក្រងដោយកម្មវិធីសុវត្ថិភាព និងយុត្តិធម៌នៃអង្គការអន្តរជាតិខាងការងារ (ILO) និងទីភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី (UN Women)។

លោកស្រី Deepa Bharathi ប្រធានទីប្រឹក្សាបច្ចេកទេសនៃការិយាល័យប្រចាំតំបន់របស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ថ្លែងក្នុងពិធីសម្ពោធនោះថា ពលករចំណាកស្រុកមានឯកសារមានប្រមាណជា ១១,៦ លាននាក់នៅអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។ ក្នុងនោះ ពលករជាស្ត្រីចំនួន៥,២លាននាក់។ លោកស្រី Deepa Bharathi បន្ថែមថា ពលករចំណាកស្រុកតែងប្រឈមមុខនឹងការរើសអើង អំពើហិង្សា និងការយាយីក្នុងប្រទេសដើម និងប្រទេសគោលដៅរបស់ពួកគេ ខណៈដែលពាក្យពេចន៍ ឬភាសាអាចធ្វើឱ្យស្ថានភាពពួកគេប្រសើរឡើង ឬកាន់តែទាញទម្លាក់ពួកគេ។

សន្ទានុក្រមវាក្យសព្ទ ស្តីពីទេសន្តរប្រវេសន៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ មាន៤៦ទំព័រ និងមាន៨២ពាក្យ ត្រូវបានបកប្រែជាភាសាខ្មែរ មកពីច្បាប់ដើមជាភាសា អង់គ្លេស។ សន្ទានុក្រមនេះប្រើជាមគ្គុទេសន៍សម្រាប់អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកបណ្តុះបណ្តាល និងអ្នកពាក់ព័ន្ធដទៃទៀតដែលរៀបចំវគ្គបណ្តុះបណ្តាល ឬសរសេរអត្ថបទអំពីទេសន្តរប្រវេសន៍ការងាររបស់ស្រ្តី និងសម្រាប់អ្នកដែលសរសេរអត្ថបទអំពីអំពើហិង្សាលើស្រ្តី ក្នុងបរិបទទេសន្តរប្រវេសន៍ ឬចំណាកស្រុក។ នេះបើតាមសេចក្តីផ្តើមក្នុងសន្ទានុក្រម។

អ្នកស្រី ឃុន សុភា អ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិនៃ UN Women ប្រចាំកម្ពុជាថ្លែងក្នុងកម្មវិធីនោះថា ពាក្យពេចន៍ដែលបុគ្គលម្នាក់ៗប្រើ មានឥទ្ធិពលដល់ផ្នត់គំនិតរបស់បុគ្គល និងសង្គមជាវិជ្ជមាន ឬអវិជ្ជមាន។ អ្នកស្រីថា ទាំងអស់គ្នា ជាពិសេសអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងសង្គម គួរតែប្រើពាក្យពេចន៍ ឬភាសាដែលមានឥទ្ធិពលជាវិជ្ជមានសម្រាប់សង្គម ពិសេសក្នុងបរិបទពលករចំណាកស្រុក។ អ្នកស្រីបន្ថែមថា៖ «បងប្អូនពលករចំណាកស្រុកជាស្រ្តីបានចូលរួមចំណែកយ៉ាងធំធេងចំពោះសេដ្ឋកិច្ចរបស់ទាំងប្រទេសគោលដៅ ក៏ដូចជាប្រទេសរបស់ខ្លួន ប្រទេសដើម។ អ៊ីចឹងគឺឃើញថាចាំបាច់ដែលត្រូវមានការទទួលស្គាល់ គឺការចូលរួមចំណែករបស់ពួកគាត់ ជាពិសេសគឺទិដ្ឋភាពអំពើហិង្សាលើស្រ្តី ក៏ដូចជា អំពើហិង្សាលើយែនឌ័រទៅទៀតនោះ គឺរិតតែសំខាន់ទៅទៀតក្នុងការប្រើប្រាស់នូវពាក្យពេចន៍ទាំងឡាយណាដែលមិនកាន់តែធ្វើឱ្យស្រ្តីពលករចំណាកស្រុកហ្នឹង ត្រូវបានរើសអើងបន្ថែមមួយជាន់លើទៀត»។

បើតាមអ្នកស្រី ឃុន សុភា សន្ទានុក្រមនេះនឹងផ្សព្វផ្សាយពីសារៈសំខាន់នៃពាក្យដែលងាយស្រួលប្រើក្នុងប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលរបស់ពាក្យនីមួយៗទៅលើពលករចំណាកស្រុក។ ក្នុង សន្ទានុក្រមវាក្យសព្ទស្តីពីទេសន្តរប្រវេសន៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ មានការបញ្ជាក់អំពីពាក្យមួយចំនួនដែលគួរប្រើ និងចៀសវាងប្រើ ដូចជា ចៀសវាង ប្រើពាក្យជនចំឡែកឬជនក្រៅភព ដោយគួរប្រើពាក្យថាពលករទេសន្តរប្រវេសន៍ ឬពលករចំណាកស្រុក។ ចៀសវាងការប្រើពាក្យអ្នកជួយការងារផ្ទះ ឬឈ្នួលបម្រើ មកជាពាក្យ អ្នក ឬកម្មករធ្វើការតាមផ្ទះ និងជៀសវាងការប្រើពាក្យជនរងគ្រោះ មកជាពាក្យអ្នកដែលរស់រានពីអំពើហិង្សាជាដើម។ បើតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជា គិតត្រឹមឆ្នាំ២០២២ ពលករចំណាកស្រុកមានឯកសារដែលកំពុងធ្វើការនៅក្រៅប្រទេសមានចំនួនជាង១លាន៣សែននាក់ ក្នុងនោះពលករជាស្រ្តីមានប្រមាណជា៤០ភាគរយ។ លោកស្រី ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារីលើកឡើងថា ពលករចំណាកស្រុកពីកម្ពុជាទៅធ្វើការនៅក្រៅប្រទេសមានការកើនឡើង ហើយពលករជាស្រ្តីក៏មានការកើនឡើងផងដែរ។ អ្នកស្រីថា ពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកំណើត និងប្រទេសគោលដៅ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ប៉ុន្តែអ្នកស្រីថា ពួកគេបែរជាត្រូវបានផ្តល់តម្លៃទាបទៅវិញ។ លោកស្រី ញាណ សុចិត្រា បន្ថែមថា អ្នកសារព័ត៌មានត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជនអំពីសារៈសំខាន់នៃការទប់ស្កាត់ការជួញដូរមនុស្ស និងការការពារពលករចំណាក ស្រុក។ លោកស្រីថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលជាអ្នកសារព័ត៌មាន សូមមេត្តាអាននូវក្រមសីលធម៌ហ្នឹង ថាតើ ក្នុងនាមយើងជាអ្នកផ្តល់សារជូនប្រជាជន យើងផ្តល់សារមានន័យថាយើងចង់ផ្តល់ព័ត៌មាន និងចំណេះដឹងជូនប្រជាជន អ៊ីចឹងគួរតែអានសារ ត្រូវតែអានសារហ្នឹង ហើយគោរពការសរសេរសារព័ត៌មានរបស់យើងហ្នឹង»។

ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិចេញកាលពីខែសីហា ឆ្នាំ២០២១ ការធ្វើចំណាកស្រុកអាចទទួលបានការងារដែលមានប្រាក់ខែខ្ពស់ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ស្ត្រី។ ប៉ុន្តែស្ត្រីជាពលករចំណាកស្រុកក៏ប្រឈមនឹងការរើសអើងជាលក្ខណៈប្រព័ន្ធ ហើយបញ្ហាប្រឈម និងឧបសគ្គជាច្រើន បានរារាំងពួកគេមិនឱ្យស្វែងរកជំនួយ ទាំងតាមរយៈបណ្តាញផ្លូវការ និងក្រៅផ្លូវការ ថែមទាំងមិនដឹងថា ត្រូវស្វែងរកសេវាកម្មដែលមានការគាំទ្រនៅទីណាជាដើម។ របាយការណ៍បន្ថែមថា ការរើសអើងនេះបង្កជាគ្រោះថ្នាក់ ជាពិសេសនៅពេលប្រែទៅជាអំពើហិង្សាដែលនឹងធ្វើឱ្យ ប៉ះពាល់ដល់ សេដ្ឋកិច្ច សង្គម និងបុគ្គល៕

website_news/2023291104.txt · Last modified: 2023/11/29 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki