website_news:2023300302

ជីវិតពលករខ្មែរធ្វើការលើទូកនេសាទនៅប្រទេសថៃ

https://www.rfa.org/khmer/news/social-economy/the-life-of-cambodian-workers-on-fishing-boat-in-thailand-03262023123043.html ដោយ សេក បណ្ឌិត2023.03.26

ពលករខ្មែរធ្វើការងារជាកម្មករនេសាទនៅប្រទេសថៃ ប្រឹងលក់កម្លាំង ដើម្បីបានកម្រៃផ្ញើប្រាក់ឱ្យសាច់ញាតិនៅស្រុកកំណើត។ យ៉ាងហោចណាស់ពលករខ្មែរជិត ៧.០០០នាក់ បានរងគ្រោះនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរងការជួញដូរជាដើម។ នៅលើសមុទ្រល្វឹងល្វើយ ទូកនេសាទរាប់រយគ្រឿងចតនៅផែមួយកន្លែងក្នុងខេត្តរ៉ាយ៉ង(RAYONG) ប្រទេសថៃ ត្រៀមចេញនេសាទ។ ពលករខ្មែរមួយក្រុម កំពុងធ្វើការងារយ៉ាងញាប់ដៃញាប់ជើង រៀបចំគ្រឿងសម្ភារៈដាក់ឡើងទូកត្រៀមចេញនេសាទ។

កំពុងចាក់ខ្សែចងដែកដាក់ជើងសំណាញ់លោក ឆេង ចាន់ណា អាយុ ៣៣ឆ្នាំ មកធ្វើលើទូកនេសាទនៅប្រទេសថៃ ជាង ២ឆ្នាំមកហើយ។ ពលករខ្មែរមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះ ឱ្យវិទ្យុអាស៊ីសេរីដឹងថា ទូកនេសាទដែលលោកធ្វើការនេះ ចេញនេសាទម្ដងៗពី ៨ថ្ងៃ ទៅ១០ថ្ងៃ។ លោកថា ការងារនេះប្រើកម្លាំងច្រើន ប៉ុន្តែបើជួបថៅកែល្អ ទោះហត់បន្តិចក្ដីតែលោកអាចទទួលបានប្រាក់ឈ្នួលត្រឡប់មកវិញ។ លោក ឆេង ចាន់ណា៖ «ពេលត្រីបានច្រើនហត់បងការងារនេះ»។ ការងារនៅលើទូកនេសាទនេះ ក្រុមពលករធ្វើការងារតាមជំនាញ និងតាមចង្អុលបញ្ហាពីមេការខ្មែរគ្រប់គ្រងលើទូកនេះ។ ពេលពួកគាត់ធ្វើការងារជុំគ្នាម្ដងៗ ពួកគាត់ស្រែកជាសំនៀងពីរោះម្យ៉ាងដែរ។ ពួកគាត់ម្នាក់ៗចូលចិត្តពាក់ក្រវិល ចាក់សាក់នៅលើដៃ ឬដងខ្លួនមើលទៅរាងកាច តែតាមពិតពួកគាតរួសរាយរាក់ទាក់ណាស់។

ពលករម្នាក់ទៀត លោក ឆាយ ស៊ីឡែន រៀបរាប់ថា លោកទទួលបានកម្រៃពីការងារគិតប្រាក់សរុបជាង ១ម៉ឺនបាត ឬជាង៣០០ដុល្លារក្នុងមួយខែ។ ទោះយ៉ាងណាលោកថា ថៅកែបើកប្រាក់ឱ្យលោក មួយខែតែជាង ៥ពាន់បាតទេ ដោយប្រាក់នៅសល់ផ្សេងទៀង ថៅកែទុកទូទាត់នៅរៀងរាល់ចុងឆ្នាំ។ លោកឱ្យដឹងទៀតថា ប្រាក់ឈ្នួលនៅទីនេះ បើទូកនៅមិនទាន់ចេញនេសាទ ថៅកែផ្ដល់ប្រាក់១០០បាតក្នុងមួយថ្ងៃ សម្រាប់ពលករម្នាក់ តែបើទូកចេញនេសាទអាចទទួលបានកម្រៃពី៤០០បាត ទៅ ៥០០បាតក្នុងមួយថ្ងៃ។ លោក ឆាយ ស៊ីឡែន៖ «ពេលយើងចាយៗយើងកត់បញ្ជីខ្លួនឯង ដល់ថ្ងៃយើងយកបញ្ជីទៅសរុបជាមួយគេ យើងចាយប៉ុន្មាន ១៨ខែ ឬ ១៥ខែហ្នឹងចាយអស់ប៉ុន្មាន ឧទាហរណ៍ថា បាន៣សែនបាតអ៊ីចឹងយើងចាយ ១សែនបាត នៅសល់ ១សែនជាង»។ ការគ្រប់គ្រងការងារលើទូកនេសាទនេះ ក្រៅពីមានកម្មករនេសាទ ក៏មានមេការមើលការខុសត្រូវដែរ។ នៅលើទូកនេះមេការជាជនជាតិខ្មែរដែរ។ នៅពេលផ្ដល់បទសម្ភាស ក្រុមកម្មករហាក់មានភាពភ័យខ្លាច ក្នុងការផ្ដល់សម្ភាស ទាក់ទងការបើកប្រាក់ឈ្នួល ការគោរពសិទ្ធិពលករ និងហូបចុកជាដើម។ ចំណែកមេការគ្រប់គ្រងលើទូកនេះ បានមកឈរតាមឃ្លាំមើលកម្មករនេសាទផ្ដល់សម្ភាសមកវិទ្យុអាស៊ីសេរី។

មេការទូកនេសាទលោក យាន រិទ្ធិ ជាអ្នកចាត់ចែងការងារទូទៅលើទូកនេះ។ លោក យាន រិទ្ធិ ឱ្យដឹងថា ទូកនេសាទនេះមានកម្មករជាង៤០នាក់ ដែលស្ទើរទាំងអស់ជាពលករខ្មែរ។ លោកថា ក្នុងនាមលោកជាមេការតែងតែ យោគយល់ដល់កម្មករ ហើយបើអ្នកមកថ្មីមិនសូវចេះធ្វើការ លោកជួយណែនាំ។ មេការរូបនេះអះអាងទៀតថា ទូកនេសាទរបស់លោកនេះ តម្រូវគ្រប់កម្មករមានឯកសារគ្រប់គ្រាន់ ហើយក៏គ្មានការបង្ខិតបង្ខំប្រើគ្រឿងញៀនដើម្បីឱ្យមានកម្លាំងដើម្បីធ្វើការងារនោះដែរ ។ លោកថា បើថៅកែដឹងថា កម្មករណាលួចប្រើគ្រឿងញៀន គេនឹងបញ្ឈប់ពីការងារ។ លោក យាន រិទ្ធ៖ «ប្រឹងប្រែងហ្នឹងហើយព្រោះធ្វើការយកលុយ រកលុយយើងបានលុយច្រើនដែរដល់ពេលមិនសូវធ្វើការមិនសូវបានដែរ គ្រាន់តែមើលប្រាប់ថា ធ្វើការម៉េច ធ្វើការអ៊ីចេះ ធ្វើការអ៊ីចុះយើងដែរហ្នឹង»។ កម្មករលើទូកនេសាទនេះ អាចទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃពីថៅកែ។ អាហារពេលល្ងាចរបស់ក្រុមពលករថ្ងៃនេះ គឺមួយបាយឆ្នាំងធំសម្រាប់ហូបរួមគ្នា ចំណែកម្ហូបវិញ គឺភ្លៅមាន់ និងស្លាបមាន់បំពង។

បុរសមាឌធំ និងរូបសាក់លើដងខ្លួនផងនោះ គឺលោក ឆន រិទ្ធិ ពលកររូបនេះ កំពុងទទួលអាហារទំនងឆ្ងាញ់ណាស់ ក្រោយលោកធ្វើការងារហត់នឿយពេញមួយថ្ងៃនេះ។ លោក ឆន រិទ្ធិ មានអាយុ២៩ឆ្នាំ មកពីខេត្តសៀមរាប មកធ្វើការងារនៅនេះបាន ២ឆ្នាំហើយ។ លោកថា ថ្ងៃខ្លះបាយម្ហូបដែលថៅកែរៀបចំនេះលោកហូបមិនឆ្អែត ដែលលោកត្រូវទិញបាយម្ហូបពីក្រៅ មកហូបបន្ថែម។ លោកយល់ថា ជីវិតកម្មករនេសាទនៅលើសមុទ្រនេះ មិនមែនជាការងារងាយស្រួលព្រោះត្រូវធ្វើការងារទាំងឈឺទាំងជាដើម្បីបានប្រាក់កម្រៃ។ លោក ឆន រិទ្ធិ៖ «ជួនកាលបើថា យើងខ្ជិលហូបបាយនៅហ្នឹងបើយើងមានលុយ យើងទៅក្រៅក៏បានដែរទៅហូបគុយទាវ មួយចានប្រាំពាន់រៀល។ ពិបាកយើងធ្វើការងារយប់អ៊ីចឹងជួនកាលរលក ជូនកាលអត់ស្រួល។ ចំណាប់អារម្មណ៍បើនៅខ្មែរគេឱ្យថ្លៃសមរម្យយើងអាចទៅ ប៉ុន្តែបើនៅយ៉ាប់យ៉ឺនយើងចង់នៅថៃ»។

កម្មករទូកនេសាទគឺជាការងារមួយស្ថិតចំណោមការងារមានហានិភ័យខ្ពស់ផ្សេងទៀត ដោយការងារនេះប្រឈម ការប្រើអំពើហិង្សា ការរំលោភសិទ្ធិ ថៅកែបើកលុយមិនគ្រប់ចំនួន និងត្រូវបង្ខិតបង្ខំឱ្យធ្វើការងារហួសកម្លាំងជាដើម។ កម្មករទូកនេសាទខ្លះធ្វើការងាររាប់ឆ្នាំលើទូកនេសាទ សល់ត្រឹមជីវិតមកជួបប្រពន្ធកូននៅស្រុកកំណើត។

មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់ថា នៅប្រទេសថៃសព្វថ្ងៃ អាជ្ញាធរថៃបានត្រួតពិនិត្យតឹងរ៉ឹងលើឯកសារការងាររបស់ពលករដើម្បីជួយពង្រឹងការគោរពសិទ្ធិការងាររបស់ពលករ។ ទោះយ៉ាងណា លោកសង្កេតឃើញថា ពលករខ្មែរចុះនេសាទនៅប្រទេសនេះ នៅតែជួបការរំលោភសិទ្ធិ ករណីថៅកែមិនបើកប្រាក់ឈ្នួល ថៅកែមិនធ្វើឯកសារគ្រប់គ្រាន់ និងការបង្ខំឱ្យពលករធ្វើការច្រើនម៉ោងជាដើម។ លោក លឹង សុផុន៖ «ក្នុងករណីបែបហ្នឹងខ្ញុំឃើញចំនួនច្រើនហើយកន្លងមកដោយពួកគាត់(ពលករទូកនេសាទ) ទៅអ្នកខ្លះគាត់អត់មានលុយចាយប្រចាំថ្ងៃពេលខ្លះចេញ គាត់ឈប់ពីកន្លែងហ្នឹងទៅរកកន្លែងផ្សេង ធ្វើឱ្យគាត់ហានិភ័យរងគ្រោះពីមួយទៅកន្លែងអ៊ីចឹង ពួកគាត់នៅតែប្រឈម នៅតែមានបញ្ហារហូត»។

កាលពីថ្មីៗនេះ អង្គការការពារសិទ្ធិពលករសង់ត្រាល់ បានធ្វើវីដេអូឯកសារ ស្ដីពីអតីតពលករខ្មែរធ្វើការងារទូកនេសាទ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅលក់ឱ្យថៅកែទូកនេសាទនៅប្រទេសថៃ។ ពួកគាត់ធ្វើការជាច្រើនឆ្នាំ មិនទទួលបានប្រាក់ឈ្នួលឡើយ មិនត្រឹមតែប៉ុណ្ណោះត្រូវរងអំពើហិង្សាគ្រប់បែបយ៉ាង និងធ្វើការលើសកម្លាំងជាទម្ងន់។ រយៈពេលបីឆ្នាំចុងក្រោយនេះ គិតពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ យ៉ាងហោចណាស់ពលករខ្មែរជិត៧.០០០នាក់ (៦.៩៩១) ក្នុងនោះស្ត្រីជាង ៤.០០០នាក់ ត្រូវបានអង្គការសង់ត្រាល់ជួយសង្គ្រោះ។ ពលករទាំងនោះ ចាញ់បោកមេខ្យល់ រងការរំលោភសិទ្ធិការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរងការជួញដូរជាដើម។

ធនាគារពិភពលោករាយការណ៍ថា កាលពីឆ្នាំ២០១៥ ប្រទេសថៃមានចំនួនកម្មករចំណាកស្រុកខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជិត ៤លាននាក់ (៣.៧៦)ក្នុងនោះ ៥៣ ភាគរយមកពីប្រទេសភូមា ២៦ភាគរយមកពីប្រទេសឡាវ និង ២១ភាគរយមកពីកម្ពុជា។ ចំណែកទិន្នន័យរបស់រដ្ឋាភិបាលថៃវិញ បង្ហាញថា កម្មករចំណាកស្រុកកម្ពុជា ឡាវ និងភូមាដែលបានចុះឈ្មោះរួចរាល់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួនជិត ២លាននាក់ (១,៧២៦,៤១៥) ក្នុងនោះជិត ៥ម៉ឺននាក់ ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ៕

website_news/2023300302.txt · Last modified: 2023/03/30 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki