website_news:2023300304

លោកនាយករដ្ឋមន្រ្តី Anwar ថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការជួយនាំយកជនរងគ្រោះនៃការបោកប្រាស់ការងារត្រលប់ទៅប្រទេសម៉ាឡេស៊ីវិញ

https://www.khmertimeskh.com/501263716/-anwar-/?p=1263716 Khmer Times March 28, 2023

លោក Anwar ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការចំនួនមួយថ្ងៃនៅកម្ពុជា បានលើកឡើងពីការដឹកនាំរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ថាលោកជាថ្នាក់ដឹកនាំ«ឆ្នើម» ក្នុងការផ្តល់ការគាំទ្រ និងសហការយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហាឆបោកការងារ។ “ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ពីព្រោះកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលឆើ្លយតបបានលឿន នៅពេលដែលយើងត្រូវដោះស្រាយបញ្ហាបោកប្រាស់ការងារដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ បន្ទាប់មកអ្នកកម្ពុជាក៏បានជួយយើងក្នុងការជួយនាំជនរងគ្រោះម៉ាឡេស៊ី ចំនួន ២៨៧នាក់ មកប្រទេសវិញ។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន នៅវិមានសន្តិភាពកាលពីម្សិលមិញថា “ខ្ញុំសូមអរគុណច្រើន “ ហើយវាមានអត្ថន័យខ្លាំងណាស់ដល់គ្រួសាររាប់រយដែលរងផលប៉ះពាល់ដោយការឆបោកនេះ។

មានសេចក្តីរាយការណ៍ថា ក្រសួងការបរទេសបានទទួលរបាយការណ៍ចំនួន ៥៧២ ពាក់ព័ន្ធនឹងជនជាតិម៉ាឡេស៊ី ដែលជាជនរងគ្រោះនៃក្រុមឆបោកការងារនៅបរទេសគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ។ របាយការណ៍នេះត្រូវបានទទួលតាមរយៈស្ថានទូតម៉ាឡេស៊ីនៅទីក្រុងបាងកក រាជធានីភ្នំពេញ ទីក្រុងវៀងចន្ទន៍ និងយ៉ាំងហ្គោន។ ទន្ទឹមនឹងនោះ លោកបានបន្តថា លោកកំពុងទន្ទឹងរង់ចាំទទួលស្តាប់នូវការចូលរួមចំណែកជាគំនិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកក្រោយ ទាក់ទងនឹងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដែលមានក្នុងពេលបច្ចុប្បន្ន។ លោក Anwar បានលើកឡើងថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាលែងជាបញ្ហាផ្ទៃក្នុងទៀតហើយ ខណៈដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ២០០,០០០នាក់ បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសម៉ាឡេស៊ី។

លោកបានបន្ថែមថា សហគមន៍អាស៊ានយល់ពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែរបបយោធារបស់ប្រទេសនេះក៏ត្រូវតែយល់ដែរថា បញ្ហានេះមិនមែននៅតែមិនអាចដោះស្រាយបានទេ។ លោកក៏បានសម្តែងការជឿជាក់លើភាពឆ្លាតវៃរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្មុងការធានាបានសន្តិភាពនៅ នៅកម្ពុជា បើប្រៀបធៀបទៅនឹងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា “នេះគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីរបៀបដែលប្រទេសដែលត្រូវបានឡោមព័ទ្ធដោយសង្គ្រាមស៊ីវិល និងអំពើហិង្សា ដែលទីបំផុតក៏ទទួលបានសន្តិភាព។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងបទពិសោធន៍ដ៏ច្រើនសន្ធឹកសន្ទាប់របស់លោក ពិតណាស់គឺមានសារៈប្រយោជន៍ក្នុងការពិភាក្សាលើបញ្ហាស្មុគស្មាញជាច្រើន ដូចជាប្រទេសមីយ៉ាន់ម៉ា។ លោកក៏បានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី និងកម្ពុជាបានចែករំលែកទស្សនៈស្រដៀងគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង រុស្ស៊ី-អ៊ុយក្រែន ឧបទ្វីបកូរ៉េ និងបញ្ហាតៃវ៉ាន់-ចិន។ លោកក៏បានថ្លែងអំណរគុណចំពោះលោក ហ៊ុន សែន ដែលបានរៀបចំពិធីស្រាយបួសជាមួយអ្នកកាន់សាសនាឥស្លាមរាប់ពាន់នាក់ក្នុងប្រទេសកម្ពុជានៅយប់នេះ។ លោកបានបន្តថា នេះគឺជាការឆ្លុះបញ្ចាំងពីការយល់ដឹងរបស់លោក ហ៊ុន សែន ចំពោះភាពអត់ឱន និងការគោរពចំពោះក្រុមជនជាតិភាគតិចដែលនេះជាលក្ខណៈសម្បតិ្តមួយដែលពិភពលោកខ្វះសម្រាប់ក្នុងពេលបច្ចុប្បន្ន។

លោកបានបន្ថែមថា “មានការស្អប់ ការយល់ច្រលំ និងការមិនអត់ឱនច្រើន ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមនុស្សមានសណ្តានចិត្តល្អ ដោយលោកបានអញ្ជើញខ្ញុំចូលរួមនៅក្នុងពិធីបុណ្យដ៏អស្ចារ្យនេះ”។ លោកបានបន្តថា លោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ទីក្រុងគូឡាឡាំពួ។

លោកAnwar និងលោក ហ៊ុន សែន បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករការងារផ្ទះ និងអនុស្សារណយោគយល់គ្នាស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។ កាលពីម្សិលមិញ លោក Anwar បានចូលគាល់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ហើយបានចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ និងប្រធានរដ្ឋសភា លោក ហេង សំរិន។ នៅក្នុងពិធីស្រាយបួសជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកសិក្សា និងសហគមន៍ឥស្លាមនៅកម្ពុជា លោកAnwar បានបរិច្ចាគគម្ពីរគូរ៉ាន់ចំនួន ១៥,០០០ច្បាប់ ដែលត្រូវបានបកប្រែជាភាសាខ្មែរ និងភាសាអង់គ្លេស ពីប្រទេសម៉ាឡេស៊ី ដល់សហគមន៍ឥស្លាម។ គាត់បានធ្វើការអធិស្ឋាននៅព្រះវិហារ Al-Masjid Al-Serkal មុនពេលត្រឡប់ទៅប្រទេសវិញ។ Bernama

website_news/2023300304.txt · Last modified: 2023/03/30 09:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki