website_news:2023300503

តើបុគ្គលដែលចែកចាយរូបភាពអាសអាភាស ត្រូវផ្តន្ទាទោសបែបណា?

https://www.kampucheathmey.com/local-news/487300 ថ្ងៃចន្ទ ២៩ ឧសភា ២០២៣ដោយ អុន ស្រីមាន

ក្នុងសម័យឌីជីថល មនុស្សងាយនឹងរងគ្រោះបំផុតចំពោះពាក្យលួងលោម បោកបញ្ឆោតឱ្យផ្ញើរូបអាក្រាតកាយរបស់ខ្លួន ជាថ្នូរនៃការស្រឡាញ់ ឬដោះដូរអ្វីមួយមកវិញ។ ជាពិសេស ជនបោកប្រាស់ទាំងនោះ តែងប្រើពាក្យស្រឡាញ់ដើម្បី លួងលោមពួកគេ និងគម្រាមបង្ហោះរូបទាំងនោះនៅលើបណ្តាញសង្គម ឬ Internet ។ កុមារក៏មានបញ្ហាប្រឈមដូចគ្នា។ តើបុគ្គលដែលប្រព្រឹត្តអំពើទាំងនេះ មានទោសបែបណាខ្លះ?

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសម្នាក់ នៅខេត្តកណ្តាល បន្ទាប់ពីរូបគេបានស្គាល់គ្នាជាមួយក្មេងស្រីម្នាក់តាមប្រព័ន្ធបណ្តាញសង្គម និងគម្រាមបង្ហោះរូបភាពអាក្រាត និងអាសអាភាសរបស់ក្មេងស្រីនោះជាសាធារណៈ ដែលបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកនៅក្នុងបណ្តាញសង្គម។

បើតាមច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ របស់កម្ពុជា គឺក្នុងមាត្រា៣៩ បានចែងថា ជនណាដែល កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាពអាសអាភាសត្រូវមានទោសពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ចំនួន ១សែនរៀល ដល់២សែនរៀល។

ក្នុងមាត្រាដដែល សម្រាប់បុគ្គលណាដែលបានផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលបំណងយកទៅប្រើប្រាស់ ឬ ប្រព្រឹត្តបទល្មើសណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់២លានរៀល។

ចំពោះច្បាប់ដដែលសម្រាប់កុមារវិញ នៅក្នុងមាត្រា៤១ ទាក់ទងនឹងរូបភាព និងសម្ភារៈអាសអាភាសនៃកុមារបានចែងមកថា ជនណាដែលកាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល ដល់១០លានរៀល។ ជនណាដែលផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា៤០នៃច្បាប់នេះ បានឱ្យនិយមន័យចំពោះរូបភាព និងសម្ភារៈអាសអាភាសនៃកុមារថា ជាសម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជារូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលបង្ហាញពីរូបរាងអាក្រាតរបស់អនីតិជន៕

website_news/2023300503.txt · Last modified: 2023/05/30 09:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki