website_news:2023300601

អង្គការសង្គមស៊ីវិលចំនួន ៤ ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ខណៈក្រសួងថាមិនទាន់មានការស្នើស្មុំកូនពីកម្ពុជានោះឡើយ

https://www.postkhmer.com/national/2023-06-28-1815-251801.html ជា សុខនី | Publication date 28 June 2023 | 18:15 ICT

ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន ៤ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ តែរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្ដោតការយកចិត្តទុកដាក់លើការបង្កើនលទ្ធភាពទទួលបានការការពារ និងការគាំទ្រសង្គមរបស់គ្រួសារ ព្រមទាំងពង្រឹងប្រព័ន្ធថែទាំតាមគ្រួសារក្នុងស្រុកឱ្យបានខ្លាំង ក៏ដូចជាកសាងសមត្ថភាពអ្នកធ្វើកិច្ចការសង្គមទាំងអ្នកថ្មី និងអ្នកចាស់ ។

ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយស្តីពី៖ ប្រទេសកម្ពុជា និង អ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ កាលពីថ្ងៃទី២៨ ខែមិថុនា ដែលអង្គការសង្គមស៊ីវិលទាំង ៤ នោះមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) និងIntercountry Adoptee Voices (ICAV)។

សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល» ។ ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញ១ទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភ័ស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ នេះរួមបញ្ចូលទាំងអាជ្ញាធរ និងបុគ្គលិកមណ្ឌលកុមារកំព្រា ដែលក្លែងបន្លំឯកសារប្រកាសថា កុមារមួយចំនួនជាក្មេងកំព្រា ឬជាក្មេងគេបោះបង់ចោល ដោយជាទូទៅ មានការផ្លាស់ប្ដូរឈ្មោះ និងថ្ងៃខែ ឆ្នាំកំណើតរបស់ពួកគេ។

អង្គការសង្គមស៊ីវិលចំនួន ៤ បានបញ្ជាក់ថា កុមារត្រូវបានគេស្មុំយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការយល់ព្រម ឬដឹងឮពីឪពុកម្ដាយរបស់ពួកគេ។ ជាលទ្ធផល ប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ បានផ្អាកការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ២០០៩។ យោងតាមសេចក្តីថ្លែងការណ៍រួមដដែលនេះបានលើកឡើងថា ប្រទេសកម្ពុជា និងអ៊ីតាលី បានជំរុញឱ្យមានការបើកការស្មុំកូនអន្ដរប្រទេសឡើងវិញ ដែលគណៈប្រតិភូមកពីគណៈកម្មាធិការស្មុំកូនអន្ដរប្រទេសនៃប្រទេសអ៊ីតាលី បានជួបជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា កាលពីអំឡុង ខែឧសភា ឆ្នាំ២០២៣។

យោងតាមការរាយការណ៍ របស់គណៈកម្មាធិការស្មុំកូនអន្ដរប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៧ ខែឧសភា បានឱ្យដឹងថា កាលពីថ្ងៃទី១ ដល់ទី៦ ខែឧសភា គណៈប្រតិភូមកពីគណៈកម្មាធិការស្មុំកូនអន្ដរប្រទេស(CAI)បានមកប្រទេសកម្ពុជា ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជាសម្រាប់ការស្មុំកូនអន្តរជាតិ (ICAA) និងពិនិត្យពីស្ថានភាពនៃដំណើរការនៃនីតិវិធីការទទួលស្គាល់ឡើងវិញនៃស្ថាប័នដែលមានការអនុញ្ញាតពីប្រទេសអុីតាលី (EEAA)។

គណៈកម្មាធិការស្មុំកូនអន្តរប្រទេសអ៊ីតាលី បានបញ្ជាក់ថា៖ «ប្រទេសកម្ពុជានឹងរៀបចំជាផ្លូវការនូវបញ្ជីឈ្មោះកុមារដែលគ្រប់លក្ខខណ្ឌក្នុងការស្មុំកូន ប្រហែលជាក្នុងខែមិថុនា ឆ្នាំ២០២៣។ កុមារ២នាក់ក្នុងចំណោមភ្នាក់ងារមួយ ត្រូវបានរំពឹងថា នឹងត្រូវផ្គូផ្គងជាមួយគ្រួសារជនជាតិអ៊ីតាលី ត្រឹមដំណាច់ឆ្នាំនេះ ហើយគណៈប្រតិភូប្រទេសកម្ពុជា ត្រូវបានអញ្ជើញទៅកាន់ប្រទេសអ៊ីតាលី នៅឆ្នាំ២០២៤ ដើម្បីបន្តតាមដានកូនចិញ្ចឹមទាំងនោះ»។

សេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា៖ «ការបើកឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញដោយប្រថុយប្រថាន និងខ្វះការទទួលខុសត្រូវច្បាស់លាស់នេះ គឺជាការប្រឆាំងនឹងការអនុវត្តច្បាប់ជាតិ និងអន្ដរជាតិ។ ច្បាប់ជាតិ និងអន្តរជាតិកំណត់ថា ការស្មុំកូនអន្ដរប្រទេស គួរតែធ្វើឡើងបន្ទាប់ពីការប្រើប្រាស់រួចហើយនូវគ្រប់មធ្យោបាយថែទាំកុមារតាមគ្រួសារនៅក្នុងប្រទេសកំណើតរបស់ពួកគេ»។ ប្រភពដដែលបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា គួរតែផ្ដោតការយកចិត្តទុកដាក់លើការបង្កើនលទ្ធភាពទទួលបានការការពារ និងការគាំទ្រសង្គមរបស់គ្រួសារ ព្រមទាំងពង្រឹងប្រព័ន្ធថែទាំតាមគ្រួសារក្នុងស្រុកឱ្យបានខ្លាំងក៏ដូចជាកសាងសមត្ថភាពអ្នកធ្វើកិច្ចការសង្គមទាំងអ្នកថ្មីនិងអ្នកចាស់»។

ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤ បានបង្ហាញនូវក្តីសង្ឃឹមដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអុីតាលី អាចបញ្ឈប់ជាបន្ទាន់នូវការបើកស្មុំកូនអន្តរប្រទេសឡើងវិញ ដើម្បីធានាថា គ្មានកុមារ និងគ្រួសារប្រជាពលរដ្ឋខ្មែរណាមួយ ត្រូវបែកចេញពីគ្នាម្ដងទៀត។

ទាក់ទងនឹងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៤នេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ឱ្យដឹងថា ក្រសួងមិនទាន់បានឃើញនូវសេចក្ដីថ្លែងការណ៍ជាផ្លូវការរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះនៅឡើយទេ។ ប៉ុន្តែអ្វីដែលអង្គការទាំងនោះ បានស្នើសុំបញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសរវាងកម្ពុជាជាមួយអ៊ីតាលី លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងមិនទាន់បានទទួលនូវការស្មុំកូនណាម្នាក់ឡើយជាមួយប្រទេសអុីតាលី ក្រោយពេលដែលក្រសួងបើកឱ្យមានការស្មុំកូន ប៉ុន្តែក្រសួងក៏មិនទាន់បានដំណើរការអ្វីទាំងអស់នោះទេ ពីព្រោះក្រសួងកំពុងត្រូវការរៀបចំនីតិវិធី និងរៀបចំឯកសារឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ផងដែរ។

ក្រៅពីនេះទៀត លោកថា ក្រសួងក៏មិនអាចធ្វើតាមអ្វីដែលក្រុមអង្គការសង្គមស៊ីវិលទាំងនោះស្នើដែរ ព្រោះក្រសួងធ្វើការទៅតាមគោលការណ៍ ទៅតាមច្បាប់ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកម្ពុជាក៏មានច្បាប់ អនុសញ្ញាអន្តរជាតិស្ដីពីស្មុំកូនអន្តរជាតិជាច្រើនដែរ។ លោក តូច ចាន់នី បានថ្លែងថា៖ «ខ្ញុំដូចអត់យល់រឿងសង្គមស៊ីវិលទាំងប៉ុន្មាន វាចេះតែបារម្ភអ៊ីចឹង ហើយមកដល់ពេលនេះមិនទាន់មានការស្មុំកូនណាមួយ ហើយក៏មិនទាន់អ្នកណាដាក់ពាក្យស្មុំកូនដែរ។ យើងគ្រាន់តែធ្វើការរៀបចំ យើងបើកមែន ប៉ុន្តែយើងរៀបចំឱ្យមានភ្នាក់ងារស្មុំកូនអន្តរប្រទេសគឺពាក់ព័ន្ធនឹងអុីតាលី គឺអុីតាលីត្រូវស្នើសុំមកតាមរយៈភា្នក់ងារស្មុំកូន ហើយបើពាក់ព័ន្ធសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកត្រូវស្នើមកភ្នាក់ងារដែរ»។ លោកបានបន្ថែមថា ដូច្នេះក្រសួងមិនទាន់ទទួលបានពាក្យស្នើស្មុំកូនណាមួយពីអន្តរប្រទេសនោះទេ ហើយក្រសួងក៏ធ្វើតែតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ៕

website_news/2023300601.txt · Last modified: 2023/06/30 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki