website_news:2023300802

ក្រសួងសង្គមកិច្ច បន្តបើកកិច្ចប្រជុំពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

https://freshnewsasia.com/index.php/en/localnews/307904-2023-08-29-06-36-10.html 2023-08-29 01:36pm

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំបច្ចេកទេស ស្តីពីការធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក សៅ សុភៈ អនុរដ្ឋលេខាធិការ នៃក្រសួង ស.អ.យ, លោកស្រីឧត្តមសេនីយ៍ឯក វជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ, លោក ឯក សំអុល ប្រធានគម្រោងកម្មវិធី របស់អង្គការ IOM, លោក ឡៅ វ៉េង អគ្គនាយករងសេវាសង្គមកិច្ច, លោក ជ័យ រដ្ឋ អគ្គនាយករងកុងសុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានមន្ទីរ ស.អ.យ ខេត្តជាប់ព្រំដែនវៀតណាម និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញឹក វណ្ណារ៉ា សូមថ្លែងអំណរគុណចំពោះអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (អាយ អូ អឹម) ដែលតែងតែសហការយ៉ាងជិតស្និទ ជាមួយក្រសួងសង្គមកិច្ច លើវិស័យសង្គមកិច្ចកន្លងមកដែលមាននាយកដ្ឋាន គាំពារជនរងគ្រោះជាសេនាធិការ ពិសេសថ្ងៃនេះបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ។

ជាមួយគ្នានេះដែរ លោក ញឹក វណ្ណារ៉ា បានបន្តថា នីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការ កំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្សបានកើតឡើងតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មានរយៈពេលជាង១៣ឆ្នាំកន្លងផុតទៅហើយ ដែលជាហេតុតម្រូវឱ្យភាគី នៃប្រទេសទាំងពីរត្រូវតែធ្វើបច្ចុប្បន្នភាពឡើងវិញនូវ SOP មួយនេះ។ មួយទៀត អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សបានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែង គ្រប់រូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងហើយឧក្រិដ្ឋកម្មនេះបានធ្វើឱ្យប៉ះពាល់ទាំងថា្នក់ជាតិ តំបន់ និងលើពិភពលោក។

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានលើកឡើងថា បញ្ហានេះប្រទេសកម្ពុជាបាននឹងកំពុងបង្កើតរៀបចំចងក្រងផ្សព្វផ្សាយ អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងទ្វេភា ពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងចូលរួមកាត់បន្ថយឱ្យបានជាអតិបរិមានូវអំពើជួញដូរមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងលើពិភពលោក ពិសេសជាងនោះទៅទៀត ការសម្របសម្រួល ក្នុងកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវា ការរៀបចំធ្វើមាតុភូមិនិវត្តន៍ ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាចំណុចដ៏សំខាន់ដែលប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់នៃសន្ធិសញ្ញាស្តីពីការលុបបំបាត់ ប់អំពើជួញដូរមនុស្សត្រូវតែអនុវត្តឱ្យបានពេញលេញ និងផ្តល់សេវាដល់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សដោយមិនប្រកាន់និន្នាការជាតិពន្ធនោះឡើយ។

ក្នុងបរិបទនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមក្រុមការងារបច្ចេកទេស (អ្នកអនុវត្តជាក់ស្តែង) របស់លោក លោកស្រី និងធ្វើឱ្យសិក្ខាមួយនេះមានអត្ថន័យក្នុងចូលរួមមតិយោបល់ ធាតុចូលផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ជនរង់គ្រោះដោយអំពើជួញដូរមនុស្សនិងរំលោភបំពានផ្លូវភេទពិសេសស្រ្តី និងកុមាររងគ្រោះដោយអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទនៅកម្ពុជា ឬនៅប្រទេសគោលដៅណាមួយ។

ក្នុងនាមក្រសួងសង្គមកិច្ច លោក ញឹក វណ្ណារ៉ា សូមសូមគោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានគាំពារជនរងគ្រោះ ដែលបានខិតខំប្រឹងប្រែងសហការយ៉ាងសកម្មជាមួយអង្គការដៃគូលើការកសាងឯកសារមួយនេះ និងសូមថ្លែងអំណរគុណចំពោះអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ជានិច្ចជាកាលតែងតែសហការជាមួយក្រសួងសង្គមកិច្ច លើវិស័យការងារសង្គមកិច្ច ជាពិសេសអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (អាយ អឹម) បានជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងដំណើរការកសាងឯកសារនេះឡើង។

ទន្ទឹមនឹងនេះដែរ លោកក៏សូមអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់មេត្តាជួយគាំទ្រ និងមានកិច្ចសហការបន្តជាមួយក្រសួងសង្គមកិច្ច ឱ្យបានច្រើនជាងនេះដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជនរងគ្រោះអំពើជួញដូរមនុស្សនាពេលអនាគត់។ ជាមួយគ្នានេះ លោកសង្ឃឹមយ៉ាងមុតមាំថាឯកសារនេះនឹងក្លាយជាពិសេសមធ្យោបាយសម្រាប់ការអនុវត្តការងារជាក់ស្ដែងប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងជាជំនួយស្មារតីដល់អ្នកផ្តល់សេវាថែទាំជនរងគ្រោះ ការកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវា និងការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តជនរងគ្រោះនៃជនជាតិទាំងពីរ គឺកម្ពុជា និងវៀតណាម៕

website_news/2023300802.txt · Last modified: 2023/08/30 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki