website_news:2023301003

ជនជាតិចិននិងខ្មែរដែលសង្ស័យថតរឿងអាសអាភាសបានបញ្ជូនខ្លួនទៅតុលាការហើយ

https://www.rfi.fr/km//20231027-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 27/10/2023 - 13:20

ជនជាតិចិន និងខ្មែរប្រមាណ ១០នាក់ ក្នុងចំណោម៤៥នាក់ ដែលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបានកាលថ្ងៃទី២៤តុលា ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ហើយ។ ពួកគេត្រូវបានចាប់និងឃាត់ខ្លួន ក្រោយសង្ស័យថា លួចថតរឿងវីដេអូអាសអាភាសដែលបានបង្ហោះតាមបណ្តាញសង្គម។

ក្នុងចំណោម ៤៥នាក់ដែលបានចាប់ និងឃាត់ខ្លួនបាន ក្នុងនោះមេក្លោង និងបក្ខពួកសរុបចំនួន ១០នាក់ ភាគច្រើនជាជនជាតិចិន ព្រមទាំងវត្ថុតាងផ្សេងៗ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២៧ ខែតុលានេះ។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ការចាប់និងឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៤៥នាក់នេះ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី១០ ខែតុលា ពាក់ព័ន្ធករណីឆបោក សញ្ចារកម្ម ផលិតចែកចាយរូបភាពវីដេអូអាសអាភាសមកអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមលោក ឆាយ គឹមខឿន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេត ដោយមានការសម្របសម្រួលនីតិវិធីពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបនៅថ្ងៃទី២៤តុលា សមត្ថកិច្ចបានឆែកឆេរ ពិនិត្យនៅចំណុចអគារ Wow Now នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយឈានដល់នាំខ្លួនជនសង្ស័យចំនួន៤៥នាក់ ដកហូតសម្ភារៈ និងឧបករណ៍អេឡិចត្រូនិចមួយចំនួន។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់នេះ ក្នុងនោះមានជនជាតិចិន ៣៧នាក់ (ស្រី៣នាក់) និងខ្មែរចំនួន ៨នាក់ (ស្រី៣នាក់)។ ចំណែកគ្រឿងឧបករណ៍សម្ភារៈដែលចាប់បានមានកុំព្យូទ័រលើតុសម្រាប់កាត់តវិដេអូមួយចំនួន ឧបករណ៍ស៊ិច សម្ភារៈបម្រើថតស៊ិច និងស្រោមអនាម័យជាដើម។

ក្រោយពីធ្វើការសាកសួររួចមក ឃើញថាមានជនសង្ស័យពាក់ព័ន្ធចំនួន ១០នាក់ជាជនជាតិចិន ត្រូវបានឲ្យឃាត់ខ្លួនបណ្តោះអាសន្នពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយជនសង្ស័យទាំង ១០នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី២៧តុលានេះ។ នេះបើតាមលោក ឆាយ គឹមខឿន។ ដោយឡែកអ្នកដទៃផ្សេងទៀតដែលមិនជាប់ពាក់ព័ន្ធចំនួន ៣៥នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕

website_news/2023301003.txt · Last modified: 2023/10/30 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki