website_news:2023301004

អនុញ្ញាតឱ្យទីស្នាក់ការត្រួតច្រកទ្វារចំនួន៣អាចទទួលនិងប្រគល់ឯកសារប័ណ្ណព្រំដែនកម្ពុជា-ថៃ

https://kohsantepheapdaily.com.kh/article/1825055.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ ២៧ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ១០:០២

ខេត្តបន្ទាយមានជ័យ ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការអនុញ្ញាតឱ្យទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកួន, ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ម៉ាឡៃ និងការិយាល័យច្រកចេញ-ចូលតែមួយនៃរដ្ឋបាលស្រុក ទទួលនិងប្រគល់ឯកសារប័ណ្ណព្រំដែនកម្ពុជា-ថៃ ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ជា សេងអាន នាយករងរដ្ឋបាលសាលាខេត្ត លោក ឈីន សូរិយា ប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្ត លោក-លោកស្រី អភិបាលរងស្រុក ប្រធានការិយាល័យច្រកចេញ-ចូលតែមួយស្រុកចំនួន៧ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំច្រកចេញ-ចូលតែមួយ ខេត្តបន្ទាយមានជ័យ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពង្រីកសេវាការធ្វើប័ណ្ណព្រំដែន ទៅការិយាល័យច្រកចេញ-ចូលតែមួយស្រុកចំនួន៧បន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យទៅដល់គៀកនិងបងប្អូនប្រជាពលរដ្ឋ មិនចាំបាច់ចំណាយពេលមកធ្វើនៅច្រកចេញ-ចូលតែមួយនៃរដ្ឋបាលខេត្ត ។

លោក ឈីន សូរិយា ប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្ត បានបញ្ជាក់ឱ្យដឹងថា៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្ដីពីការបន្ថែមទីតាំងទទួល-ប្រគល់ឯកសារសវាផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ ប័ណ្ណ១ តម្លៃ២ម៉ឺនរៀល រយៈពេលអតិបរិមាផ្តល់សេវាចំនួន៥ថ្ងៃ ដែលមានសុពលភាព២ឆ្នាំ ដោយឡែកចំពោះការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា-ថៃ ប័ណ្ណ១ តម្លៃ១ម៉ឺនរៀល រយៈពេលអតិបរិមាផ្តល់សេវាចំនួន៣ថ្ងៃ ដែលមានសុពលភាព២ឆ្នាំ។

លោកបន្តថា ចំពោះការប្រើប្រាស់ប័ណ្ណព្រំដែន បងប្អូនពលរដ្ឋអាចស្នាក់នៅខេត្តជាប់ព្រំដែន នៃព្រះរាជាណាចក្រថៃរយៈពេល០៧ថ្ងៃ ក្នុងពេលចូលម្តង ចំពោះការស្នាក់នៅរយៈពេលយូរ ប៉ុន្តែមិនលើសពី១៥ថ្ងៃ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃភាគីថៃ។ ប្រជាពលរដ្ឋខ្មែរកាន់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលបានបំពេញលក្ខខណ្ឌ និងនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធការងារប្រចាំថ្ងៃ ការងារតាមរដូវកាលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅចំនួន ៣០ថ្ងៃ នៅខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រថៃ ។

website_news/2023301004.txt · Last modified: 2023/10/30 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki