website_news:2023301005

ភូមាចាប់ខ្លួនអ្នកឆបោកអនឡាញបាន៩៥នាក់

https://www.rfi.fr/km//20231028-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 28/10/2023 - 16:49

នៅសប្តាហ៍នេះ ប៉ូលិសភូមាចាប់ខ្លួនមនុស្សបាន៩៥នាក់ នៅក្រុងរ៉ង់ហ្គូន ពីបទជាប់សង្ស័យរកស៊ីឆបោកតាមបណ្តាញអ៊ីនធ័រនែត។ នេះបើតាមការជូនដំណឹងរបស់អាជ្ញាធរភូមានៅល្ងាចថ្ងៃសុក្រទី ២៧តុលា២០៣។ ជាសរុបអាជ្ញាធរភូមាចាប់ខ្លួនមនុស្សបាន៩៥នាក់ កាលពីថ្ងៃព្រហស្បតិ៍ទី ២៦តុលា ភាគច្រើនជាជនជាតិភូមា ក្នុងទីតាំងបីកន្លែងផ្សេងគ្នា នៅក្រុងរ៉ង់ហ្គូន។ ក្នុងពេលចុះឆែកឆេរនោះ ប៉ូលិសក៏រឹបអូសបាននូវឡានមួយគ្រឿង កុំព្យូទ័រ ទូរស័ព្ទដៃជាច្រើនគ្រឿង ព្រមទាំងសម្ភារៈជាច្រើនផ្សេងទៀត ប៉ុន្តែជនសង្ស័យជាអ្នកទទួលខុសត្រូវ នៃបណ្តាញឆបោកនេះ បានគេចខ្លួនរួច ពេលប៉ូលិសទៅដល់ផ្ទះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសឹកភូមាចេញផ្សាយនៅព្រលប់ថ្ងៃសុក្រទី ២៧តុលា។

នេះជាលើកទីមួយហើយ ដែលអាជ្ញាធរភូមា បានប្រកាសចាប់ខ្លួនមនុស្សបានក្នុងទ្រង់ទ្រាយធំនៅក្រុងរ៉ង់ហ្គូនអតីតរដ្ឋធានីនៃប្រទេស ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការរកស៊ីឆបោកតាមអនឡាញ។ ប្រតិបត្តិការចាប់ខ្លួនមុនៗដៅធ្វើតែនៅតាមព្រំដែនភាគខាងជើងជាប់ប្រទេសចិនតែប៉ុណ្ណោះ ព្រោះចិនជាសម្ព័ន្ធមិត្តបានដាក់សម្ពាធលើភូមាឱ្យបិទបញ្ចប់ការឆបោកតាមអ៊ីនធ័រនែតដៅលើពលរដ្ឋចិន។

នៅភូមា បណ្តាញឧក្រិដ្ឋជនជាប់ចោទជាអ្នកចាប់ជំរិតបរទេស ឬទាក់ជនបរទេសឱ្យចូលមកតំបន់គ្មានច្បាប់នៅតាមបណ្តោយព្រំដែនភាគខាងជើងនិងខាងកើតភូមា រួចចាប់បង្ខំឱ្យពួកគេឆបោកតទាក់ជនរួមជាតិ តាមបណ្តាញអ៊ីនធ័រណែត។ បណ្តាញឧក្រិដ្ឋនេះ ទំនងទាក់ទាញ ចាប់ និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យរកស៊ីឆបោកតាមអនឡាញ។

បើតាមភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ការជួញដូរមនុស្សក្នុងកាស៊ីណូ និងប្រតិបត្តិការឆបោកអនឡាញបានកើនឡើងយ៉ាងខ្លាំងនៅនៅពេញតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅតាមបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គ និងបានផលចំណេញយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមកទេ។ ផលចំណេញពីរបរឆបោកមានទំហំដល់រាប់ពាន់លានដុល្លារ ស្ទើរស្មើនឹងផលិតផលដុលនៃប្រទេសខ្លះនៅក្នុងតំបន់ផង។

ជនរងគ្រោះបានអះអាងបានធ្វើដំណើរទៅប្រទេសភូមា កម្ពុជា ថៃនិងឡាវ ដោយលង់ជឿនឹងពាក្យសន្យាក្លែងក្លាយ បានការងារធ្វើមានប្រាក់ខែខ្ពស់ ឬ បានជួបគូស្នេហ៍។ តែពេលទៅដល់ត្រូវជាប់ការបង្ឃាំងនិងរងការបង្ខំឱ្យធ្វើការឆបោក ទាក់ជនរួមជាតិឯងបន្តតាមអនឡាញ។ អ្នកនាំពាក្យក្រសួងការបរទេសថៃបានប្រកាសនៅថ្ងៃសុក្រម្សិលមិញថា មានពលរដ្ឋខ្លួនរងគ្រោះជាប់ក្នុងបណ្តាញឆបោកនៅរដ្ឋShanភាគខាងជើងភូមាចំនួន២១៩នាក់ និងសង្គ្រោះបាន១៥៣នាក់៕

website_news/2023301005.txt · Last modified: 2023/10/30 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki