website_news:2023301101

លោកជំទាវ ឡងឌី សាន់ណារ៉ា ៖ ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

https://btv.com.kh/article/35622 2023/11/29 07:21:55 pm

ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា រួមគ្នាធ្វើ បង្កើតស្នាដៃថ្មី ជាទម្រង់សិល្បៈ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការបង្ការ ទប់ស្កាត់ និងកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស។

ការថ្លែងរបស់លោកជំទាវ ឡងឌី សាន់ណារ៉ា យ៉ាងដូច្នេះ ក្នុងសិក្ខាសាលា ស្តីពី«តួនាទី នៃ វិស័យវប្បធម៌ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» រៀបចំដោយក្រុមការងារបង្ការ ទប់ស្កាត់អំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្រី្ត និងកុមារ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នារសៀលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ និងមានការចូលរួមធ្វើបទបង្ហាញពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា ការរៀបចំសិក្ខាសាលានេះ នឹងធ្វើឱ្យយើង ដែលមានវត្តមាននៅទីនេះ បានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស ដោយការបង្កើតជាស្នាដៃថ្មីៗលើវិស័យសិល្បៈ ដើម្បីជួយផ្សព្វផ្សាយ បណ្តុះគំនិត និងជម្រុញឱ្យមានការចូលរួមលុបបំបាត់ការជួញដូរមនុស្សតាមគ្រប់រូបភាព ក្នុងគោលដៅរួមចំណែក រក្សាសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចិរភាព។

មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន។ អំពើជួញដូរមនុស្សត្រូវបានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរឹកស្មុគ្រស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន។

លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា កន្លងមកព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន ក៏បាននឹងកំពុងតែធ្វើការងារយ៉ាងសកម្មពាក់ព័ន្ធ នឹងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស។ ឥឡូវនេះ យើងមានផែនការសកម្មភាព និងយុទ្ធសាស្រ្តជាតិ ដែលត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាដាក់បញ្ចូលនូវសម្មភាពដែលពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ជាមួយគ្នានោះដែរ លោកជំទាវ ឡង សាន់ណារ៉ា សូមជូនជាគំនិតខ្លះៗដើម្បីអង្គសិក្ខាសាលា យកទៅពិភាក្សា៖ ១-យើងរួមគ្នាគិតនិងពិភាក្សា សំដៅស្វែងរកយន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីអប់រំ ផ្សព្វផ្សាយ និងបញ្ច្រៀបការយល់ដឹងដល់ស្រទាប់មហាជនលើសកម្មភាពជួញដូរមនុស្ស។ ២-ត្រូវបន្តជម្រុញនិងលើកកម្ពស់កិច្ចសហការជាប្រចាំជាមួយក្រសួង ស្ថាប័នជាតិ អង្គការ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងឡាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវអំពើ ឬ សកម្មភាពជួញដូរមនុស្ស និង៣-បន្តអនុវត្តយន្តការ ដែលមានស្រាប់ តាមរយៈការតម្លើងស្នាដៃក្នុងទំរង់សិល្បៈផ្សេងៗ និងបង្កើតការ ផលិតឯកសារជារូបភាព ឬឯកសារជាវីដេអូ តាមបច្ចេកវិទ្យាឌីជីថល ទាន់សម័យ ដើម្បីបង្កើតភាពងាយ ស្រួលដល់អ្នកផ្សព្វផ្សាយផង និងអ្នកទទួលព័ត៌មានផង៕ អត្ថបទ ៖ រដ្ឋា

website_news/2023301101.txt · Last modified: 2023/11/30 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki