website_news:2023310303

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា សន្យាពន្លឿនការធ្វើមាតុភូមិនិវត្តន៍ ជនជាតិម៉ាឡេស៊ី ដែលបានធ្លាក់ខ្លួនជាជនរងគ្រោះនៃការងារឆបោកនៅកម្ពុជា

https://www.khmertimeskh.com/501265033// Khmer Times March 30, 2023

ស្ថានទូតម៉ាឡេស៊ី នឹងពន្លឿនដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋម៉ាឡេស៊ី ចំនួន១២នាក់ ដែលបានធ្លាក់ខ្លួនជាជនរងគ្រោះនៃការងារឆបោកនៅកម្ពុជា។ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បាននិយាយថា ក្រុមការងាររបស់លោកបានពិភាក្សាជាមួយនគរបាល និងនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ទាក់ទងនឹងការដោះលែងបុគ្គលចំនួន ១២នាក់ ដែលរួមមាន ១១នាក់នៅខេត្តព្រះសីហនុ និងម្នាក់នៅទីនេះ។ លោកបានអោយដឹងទៀតថា ជនជាតិម៉ាឡេស៊ីទាំង ១២ នាក់ដែលមានបុរស ១១ នាក់ និងស្ត្រីម្នាក់អាយុចន្លោះពី ២០ ទៅ ២៥ ឆ្នាំ ត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះនៅថ្ងៃទី ២៥ ខែមីនា មុននឹងត្រូវបានរក្សាទុកបណ្ដោះអាសន្នរហូតដល់នីតិវិធីពាក់ព័ន្ធនឹងការដោះលែងពួកគេត្រូវបានបញ្ចប់។ លោកបានប្រាប់ Bernama នៅថ្ងៃនេះថា “ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន បុគ្គលទាំង១២នាក់ នឹងត្រូវបានបញ្ជូនទៅវិញនៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ អាស្រ័យលើដំណើរការរៀបចំឯកសារ” ។ លោកបានបន្តទៀតថា ជនរងគ្រោះភាគច្រើនដែលត្រូវបានជួយសង្គ្រោះលើកនេះបានមកកម្ពុជាកាលពីឆ្នាំមុន ជាក់ស្តែងពួកគេបានដឹងថាខ្លួនត្រូវបានចាញ់បោកដោយការផ្តល់ការងារក្លែងក្លាយ។ លោកបានបន្ថែមទៀតថា ក្រុមការងាររបស់លោកបានជួបជនរងគ្រោះ និងបានផ្តល់ការប្រឹក្សា ក៏ដូចជាជំនួយក្នុងការទទួលបានព័ត៌មានលំអិតទាក់ទងនឹងឧប្បត្តិហេតុជាក់ស្តែង រួមទាំងការទទួលបានព័ត៌មានដើម្បីតាមដានមេក្លោងរបស់ក្រុមនេះ។ស្ថានទូតម៉ាឡេស៊ីបានរៀបចំឯកសារសម្រាប់ការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះម៉ាឡេស៊ីទាំងអស់។ “ប្រសិនបើពួកគេមានលិខិតឆ្លងដែន (នីតិវិធីធម្មតាត្រូវបានអនុវត្ត) (ប្រសិនបើមិនមាន) យើងនឹងចេញវិញ្ញាបនបត្របន្ទាន់ ហើយនឹងរៀបចំដំណើរការទិដ្ឋាការ និងទិញសំបុត្រយន្តហោះសម្រាប់ពួកគេត្រឡប់ទៅម៉ាឡេស៊ីវិញ។

លោកបានអោយដឹងទៀតថា “យើងបានទាក់ទងក្រុមគ្រួសារជនរងគ្រោះ ដើម្បីជូនដំណឹងដល់ពួកគេថា ពួកគេ (ជនរងគ្រោះ) មានសុវត្ថិភាព ហើយបានផ្តល់ឱកាសឱ្យក្រុមគ្រួសារពួកគេបាននិយាយជាមួយពួកគេផងដែរ” ។ លោកបានបន្តថាបច្ចុប្បន្នស្ថានទូតម៉ាឡេស៊ីកំពុងសហការជាមួយអាជ្ញាធរកម្ពុជាដើម្បីស្វែងរកពលរដ្ឋម៉ាឡេស៊ីចំនួន ១២ នាក់បន្ថែមទៀតដែលបានធ្លាក់ខ្លួនជាជនរងគ្រោះដោយសារក្រុមឆបោកការងារនៅទីនេះ។

ក្នុងសន្និសីទសារព័ត៌មានជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅកម្ពុជា បាននិយាយថា ពលរដ្ឋម៉ាឡេស៊ីសរុបចំនួន ២៨៧នាក់ ដែលបានរងគ្រោះដោយសារក្រុមនេះ ត្រូវបានបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីវិញដោយជោគជ័យ៕ Bernama

website_news/2023310303.txt · Last modified: 2023/03/31 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki