website_news:2023310305

សមត្ថកិច្ចកំពុងសាកសួរបុរសម្នាក់ ទាក់ទងករណីគំរាមចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រីអាយុ ១៤ ឆ្នាំ

https://www.postkhmer.com/national/2023-03-29-1948-248554.html គឹម សារុំ | Publication date 29 March 2023 | 19:48 ICT

បន្ទាយមានជ័យៈ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៩ មីនា កំពុងសាកសួរបុរសម្នាក់ ពាក់ព័ន្ធនឹងការគំរាមចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ ប្រព្រឹត្តកាលពីដើមខែមីនា ឆ្នាំ ២០២៣។

លោកស្រី រស់ សុជាតិ ស្នងការរងទទួលផែននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី ២៩ មីនាថា បុរសសង្ស័យម្នាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញរបស់លោកស្រី សាកសួរពាក់ព័ន្ធនឹងការគំរាមចែកចាយរូបភាពអាសអាភាស របស់ក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ។ ប៉ុន្តែលោកស្រីមិនអាចប្រាប់ពីអត្តសញ្ញាណរបស់ជនសង្ស័យបានទេ ព្រោះស្ថិតនៅក្នុងនីតិវិធីកំពុងស៊ើបសួរនៅឡើយ។ លោកស្រីប្រាប់ថា៖ «រឿងនេះស្ថិតក្នុងនីតិវិធីស៊ើបអង្កេត ដូច្នេះខ្ញុំមិនអាចផ្តល់ឈ្មោះរបស់ជនសង្ស័យបានទេ។ម៉្យាងរឿងនេះ ទាក់ទងនឹងក្មេងស្រីជាអនីតិជនផង»។ ចំណែកលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរ បាលជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៩មីនាថា សមត្ថកិច្ចជំនាញព្រហ្មទណ្ឌរបស់លោក បានឃាត់ខ្លួនបុរសម្នាក់កាលពីយប់ថ្ងៃទី២៨មីនា នៅក្នុងរាជធានីភ្នំពេញ ទីដែលជនសង្ស័យកំពុងរស់នៅ។ ប៉ុន្តែទោះយ៉ាងណា លោកមិនបានប្រាប់ពីអត្តសញ្ញាណរបស់បុរសសង្ស័យនោះទេ ហើយលោកថា បានប្រគល់ជនសង្ស័យឱ្យទៅនគរបាលខេត្តបន្ទាយមានជ័យហើយនៅថ្ងៃទី២៩មីនា ដោយសារតែក្មេងស្រីរងគ្រោះរស់នៅទីនោះ។ លោកប្រាប់យ៉ាងខ្លីថា៖«កម្លាំងជំនាញព្រហ្មទណ្ឌរបស់ យើងបានឃាត់ខ្លួនបុរសនោះហើយ យើងប្រគល់គាត់ទៅឱ្យនគរបាលខេត្តបន្ទាយ មាន ជ័យវិញ ព្រោះជាខេត្តសាមីដែលជនរងគ្រោះរស់នៅ»។

ពាក់ព័ន្ធករណីនេះដែរបើតាមកញ្ញា សោម វឌ្ឍនា មន្រ្តីនៃអង្គភាពការពារកុមារ Child ProtectionUnit (CPU) បានឱ្យដឹងនៅថ្ងៃទី២៩មីនាថា ករណីនេះក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ រីឯបុរសសង្ស័យរស់នៅក្នុងរាជធានីភ្នំពេញ។ ទោះយ៉ាងណា កញ្ញាសោម វឌ្ឍនា មិនបានបញ្ជាក់ពីអត្តសញ្ញាណក្មេងស្រីរងគ្រោះ និងជនសង្ស័យដល់ភ្នំពេញប៉ុស្តិ៍ឡើយ។ បើយោងតាមផេកហ្វេប៊ុករបស់អង្គភាពការពារកុមារ(CPU)បានសរសេរថា កាលពីវេលាម៉ោងប្រហែល៨និង៣០នាទីយប់ ថ្ងៃទី២៨មីនា នគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គភាពការពារកុមារ(CPU) បានឃាត់ខ្លួនបុរសអាយុ៣០ឆ្នាំម្នាក់ នៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងគំរាមបង្ហោះរូបភាពអាសអាភាសរបស់ក្មេងស្រីអាយុ១៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។

បទល្មើសខាងលើនេះ បានកើតឡើងនៅខេត្តបន្ទាយមានជ័យ កាលពីដើមខែមីនា ឆ្នាំ២០២៣។ នៅក្នុងផេកហ្វេប៊ុកដដែលនេះ បានដកស្រង់សម្តីរបស់លោក James McCabe ប្រធានអង្គភាពការពារកុមារថា៖«ខ្ញុំចង់អបអរសាទរ ដល់ភ្នាក់ងារទាំងអស់ ដែលពាក់ព័ន្ធនឹងការចាប់ខ្លួន។ នេះជាការបង្ហាញនិងព្រមានយ៉ាងច្បាស់ ដល់ជនដែលបញ្ជូនរូបភាពអាសអាភាស ប៉ុនប៉ងគំរាមកំហែង និងបង្កាច់បង្ខូចកុមារ។ អ្នកនឹងត្រូវបានរកឃើញ ហើយអ្នកនឹងត្រូវចាប់ខ្លួន។ កិច្ចសហប្រតិបត្តិការដ៏ល្អនៅទូទាំងស្ថាប័ន និងខេត្តមួយចំនួនបានឈានដល់ការចាប់ខ្លួននេះ»៕

website_news/2023310305.txt · Last modified: 2023/03/31 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki