website_news:2023310502

ការពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុតិ្តធម៌ និងអាជ្ញាធរស្រុក ឃុំ នៅក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន

https://www.facebook.com/deputygovernoryousophear? 31/05/2023

ខេត្តសៀមរាប ៖ ថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការអនុវត្តច្បាប់ស្តីពី យុត្តិធម៌អនីតិជន និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាដោយសមស្រប ដល់មន្រ្តីមានសមត្ថកិច្ចនៅថ្នាក់ក្រុង ស្រុក ជាអភិបាលរងទទួលបន្ទុក អធិការ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ស្រុក ក្រុង មន្រ្តីការិយាល័យសុខុមាលភាពសង្គម ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ គ.ក.ន.ក ឃុំ និងនាយ នាយរងប៉ុស្តិ៍ ឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន សរុបចំនួន ៧២នាក់ ស្រី ២០នាក់ ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ នៅរដ្ឋបាលស្រុកអង្គរជុំ។ វគ្គបណ្តុះបណ្តាលខាងលើប្រព្រឹត្តទៅដោយមានការហការរៀបចំនិងគាំទ្រដោយរដ្ឋបាលសាលាខេត្តសៀមរាប អង្គការមូលនិធិអេ២១ និងអង្គការជីវិតនៅកម្ពុជា ព្រមទាំងមានការគាំទ្របច្ចេកទេសពីស្នងការនដ្ឋាននគរបាលខេត្តផងដែរ។ វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តនៅថ្នាក់មូលដ្ឋាន ឱ្យបានយល់ដឹងបន្ថែម អំពីច្បាប់ គោលនយោបាយដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កិច្ចការពារកុមារពីការរំលោភបំពាននានា និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាដោយសមស្រប។ វគ្គបណ្តុះបណ្តាលបានផ្តោតលើទៅប្រធានសំខាន់ៗរួមមាន៖

១. រចនាសម្ព័ន្ធ យន្តការគាំទ្រ និងការអនុវត្តតួនាទីភារកិច្ច របស់គណកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ រាជធានី-ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

២. ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ៖

- ក្រមសីលធម៌ក្នុងការធ្វើសម្ភាសន៍របស់មន្រ្តីនគរបាលយុត្តិធម៌ និងមន្រ្តីសង្គមកិច្ច

- វិធីសាស្រ្ត និងទម្រង់បែបបទសម្ភាសន៍រហ័ស (សារៈសំខាន់នៃការប្រើប្រាស់ទម្រង់សម្ភាសន៍ខ្លី និងសូរចនាករស្តីពី អំពើជួញដូរមនុស្ស)។

៣. នីតិវិធីបង្វែរអនីតិជនទំនាស់នឹងច្បាប់

៥. នីតិវិធីកុមារមេត្រី

៦. ការផ្តល់សេវារបស់អង្គការមូលនិធិអេ២១ សម្រាប់កុមារ និងជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

៧. ការផ្តល់សេវារបស់អង្គការជីវិតនៅកម្ពុជា (TLC) សម្រាប់កុមារ

មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកស្រី យូ សុភា អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ បានជំរុញដល់មន្រ្តីនគរបាលយុត្តិធម៌ពង្រឹងទៅលើការអនុវត្តច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ពិសេសការអនុវត្តនីតិវិធីបង្វែរកុមារទំនាស់នឹងច្បាប់ នីតិវិធីកុមារមេត្រី ឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ដល់កុមារ។ បន្ថែមពីនោះលោកស្រី ក៏បានជំរុញទៅក្រុមការងារនៅថ្នាក់ឃុំសង្កាត់បន្ថែម ត្រូវរៀបចំផែនការសកម្មភាព និងបង្កើនកញ្ចប់ថវិកាសម្រាប់អនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដោយដាក់បញ្ចូលទៅក្នុងកញ្ចប់សេវាសង្គមឱ្យបានសមស្រប និងមានការឆ្លើយតបទៅនឹងតម្រូវការងារនៅក្នុងមូលដ្ឋាននីមួយៗ។

website_news/2023310502.txt · Last modified: 2023/05/31 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki