website_news:2023310701

ករណីជួញដូរក្រលៀន៖ អាជ្ញាធរឥណ្ឌូនេស៊ីថាមានការបញ្ជូនមនុស្សមកវះកាត់លក់ក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលា

https://www.rfi.fr/km//20230728-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 28/07/2023 - 08:06

ព័ត៌មានពីការជួញដូរសរីរាង្គមនុស្សមកប្រទេសកម្ពុជា បានកក្រើកជាថ្មីម្តងទៀត នៅក្រោយពេលដែលអាជ្ញាធរឥណ្ឌូនេស៊ីបានឃាត់ខ្លួន និងសាកសួរព័ត៌មានពីជនសង្ស័យជាង១០នាក់។ ព័ត៌មានចុងក្រោយនោះ គឺអាជ្ញាធរឥណ្ឌូនេស៊ីថា មានការបញ្ជូនមនុស្សពីឥណ្ឌូនេស៊ីចូលមកកម្ពុជា ដើម្បីវះកាត់លក់ក្រលៀន នៅឯមន្ទីរពេទ្យព្រះកេតុមាលា។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន AP គឺ ជនសង្ស័យទី១០ បានសារភាពប្រាប់ប៉ូលីសឥណ្ឌូនេស៊ី ថា មានការបញ្ជូនមនុស្សពីឥណ្ឌូនេស៊ីមកមន្ទីរពេទ្យព្រះកេតុមាលេ ក្រុងភ្នំពេញ ដើម្បីវះកាត់ប្តូរក្រលៀន។ ប្រភពជាមន្ត្រីសមត្ថកិច្ច លោក Krishna Murti ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃអគ្គស្នងការនគរបាលជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា មានប្រតិបត្តិការជួញដូរក្រលៀន កំពុងធ្វើឡើងនៅឯមន្ទីរពេទ្យព្រះកេតុមាលា ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា។ តាមលោក Krisna Murti គឺអាជ្ញាធរឥណ្ឌូនេស៊ីកំពុងទាក់ទង សុំការសហការជិតស្និទ្ធលើបញ្ហានេះជាមួយនឹងអាជ្ញាធរកម្ពុជា។

អាជ្ញាធរឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០កក្កដា បានចាប់ខ្លួនមនុស្ស ១២នាក់ រួមទាំងប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ១២២នាក់ មកកម្ពុជា ដើម្បីលក់ក្រលៀន។ ប្រភពដែលជាប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មនៅទីក្រុង Jakarta លោក Hengki Haryadi បានអះអាងថា មនុស្សទាំង១២នាក់ ត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សមកពីទូទាំងប្រទេសឥណ្ឌូនេស៊ី តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបញ្ជូនពួកគេមកប្រទេសកម្ពុជាដើម្បីវះកាត់ប្តូរក្រលៀន។ បើតាមប្រភពដដែល គឺជនរងគ្រោះទាំង១២២រូប បានយល់ព្រមលក់សរីរាង្គរបស់ពួកគេដោយសារតែត្រូវការប្រាក់ ខណៈភាគច្រើនជាអ្នកបាត់បង់ការងារក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

យ៉ាងណាមិញ ទាក់ទងនឹងព័ត៌មានពីការជួញដូរក្រលៀនពីឥណ្ឌូនេស៊ី មកកម្ពុជា គឺអាជ្ញាធរកម្ពុជាថាមិនបានដឹងពីព័ត៌មាននេះឡើយ។ ទោះយ៉ាងនេះក្តី លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបដិសេធថា បញ្ហាជួញដូរសរីរាង្គ ឬការលក់ក្រលៀន ចូលមកទឹកដីកម្ពុជា ថាជាការពិតឬយ៉ាងនោះទេ តែសុំឲ្យមានការសហការផ្តល់ព័ត៌មានពីខាងភាគីឥណ្ឌូនេស៊ី។ បើតាមលោកស្រី ជូ ប៊ុនអេង ប្រសិនបើករណីនេះពិតជាកើតមានមែន គឺអាជ្ញាធររវាងប្រទេសទាំងពីរគួរសហការស៊ើបអង្កេត ជាជាងការលើកឡើងក្នុងន័យចោទប្រកាន់មកលើកម្ពុជា៕

website_news/2023310701.txt · Last modified: 2023/07/31 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki