website_news:2023310702

មន្ត្រីអន្តោប្រវេសន៍កោះបាលី៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរសរីរាង្គនៅកម្ពុជា

https://www.khmertimeskh.com/501333598/-2/?p=1333598 Khmer Times July 30, 2023

កាលពីថ្ងៃទី២៩ ខែ កក្កដា នគរបាលឥណ្ឌូណេស៊ីបាននិយាយថា មន្ត្រីអន្តោប្រវេសន៍កោះបាលីចំនួន៣ នាក់ត្រូវបានចាប់ខ្លួនពីបទផ្សំគំនិតជាមួយក្រុមជួញដូរសរីរាង្គខុសច្បាប់ដោយបានបញ្ជូនជនរងគ្រោះរាប់សិបនាក់មកប្រទេសកម្ពុជាដើម្បីលក់ក្រលៀនរបស់ពួកគេ។ ចំណាត់ការនេះ ត្រូវបានធ្វើឡើងនៅពេលដែលអាជ្ញាធរបានបង្ក្រាបក្រុមជួញដូរសរីរាង្គខុសច្បាប់ ដោយចាប់ខ្លួនសមាជិកចំនួន១២ នាក់កាលពីសប្តាហ៍មុន រួមទាំងមន្រ្តីនគរបាល និងមន្រ្តីអន្តោប្រវេសន៍ម្នាក់ដែលត្រូវបានគេកំណត់ថាជា AH ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធជនរងគ្រោះចំនួន១២២ នាក់ទៅបរទេស។ មន្ត្រីអន្តោប្រវេសន៍កោះបាលីទាំងបីនាក់នេះ ត្រូវបានចោទប្រកាន់ថាបានធ្វើការជាមួយ AH ដោយបានទទួលសំណូកដើម្បីអោយក្រុមជូញដូរយកជនរងគ្រោះឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍យ៉ាងងាយស្រួលមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើការវះកាត់គ្រលៀន។

លោក Hengki Haryadi នាយកនគរបាលក្រុងហ្សាកាតាទទួលបន្ទុកឧក្រិដ្ឋកម្មទូទៅបានប្រាប់ AFP ថា៖ «(ពួកគេ) នឹងត្រូវបាននាំទៅក្រុងហ្សាការតានៅរសៀលថ្ងៃនេះ ហើយនឹងស្ថិតក្រោមការឃុំឃាំងរបស់នគរបាលក្រុងហ្សាការតា។ លោកបានបន្តថា យ៉ាងហោចណាស់ជនរងគ្រោះចំនួន១៨ នាក់បានចាកចេញពីកោះបាលីមកប្រទេសកម្ពុជាចន្លោះខែមីនាដល់ខែមិថុនា។ អាជ្ញាធរជឿជាក់ថាមានជនរងគ្រោះច្រើនជាងនេះ ហើយក៏កំពុងស្វែងរកពួកគេផងដែរ។ សមាជិកមួយចំនួននៃក្រុមជួញដូនេះគឺជាជនរងគ្រោះដែលធ្លាប់ផ្តល់គ្រលៀន ដែលបានក្លាយជាអ្នកជ្រើសរើសជនរងគ្រោះផ្សេងទៀតដោយប្រើបណ្តាញសង្គម Facebook និង WhatsApp ដើម្បីទាក់ទាញ និងជួញដូរជនរងគ្រោះ។

លោក Haryadi បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា ក្រុមជួញដូរសរីរាង្គនេះបានធ្វើសកម្មភាពតាំងពីឆ្នាំ២០១៩ ដោយរកចំណូលបាន ១.៥៨ លានដុល្លារអាមេរិក។ ក្រុមជួញដូរទទួលបានប្រាក់ ២០០ លានរូពីសម្រាប់ក្រលៀននីមួយៗ ដោយផ្តល់សំណូកចំនូន៦៥ លានរូពី ហើយប្រគល់ប្រាក់ដែលនៅសល់ទៅឱ្យជនរងគ្រោះ។ ការជួញដូរសរីរាង្គគឺខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយសមាជិកក្រុមជួញដូរទាំង១០នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនប្រឈមមុខនឹងការជាប់ពន្ធនាគារ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦០០ លានរូពី ប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភលើច្បាប់ជួញដូរមនុស្សរបស់ប្រទេស។ មន្ត្រីនគរបាលរូបនេះត្រូវបានចោទប្រកាន់ពីបទរារាំងការស៊ើបអង្កេត និងទទួលសំណូកដើម្បីជួយជនជាប់ចោទលាក់ខ្លួននិងបំលាស់ទីលំនៅ។ គាត់ប្រឈមនឹងការជាប់គុកប្រាំឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។ មន្ត្រីអន្តោប្រវេសន៍ AH ត្រូវបានចោទប្រកាន់ពីបទបំពានអំណាច និងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។

មានជនជាតិឥណ្ឌូណេស៊ីក្រីក្រមួយចំនួន ត្រូវបានចាប់ខ្លួនពីបទលក់ក្រលៀនរបស់ពួកគេតាមអ៊ីនធឺណិតក្នុងតម្លៃត្រឹមតែ៥០ លានរូពីក្នុងម្នាក់ៗ ដែលបង្កឱ្យមានការជួញដូរដ៏គ្រោះថ្នាក់ និងខុសច្បាប់នៃសរីរាង្គរបស់មនុស្ស។ ដោយសារភាពក្រីក្រ ពួកគេត្រូវបង្ខំខ្លួនលក់គ្រលៀនរបស់ខ្លួនដើម្បីសងបំណុលគ្រួសារ។ Haryadi បាននិយាយថាជនរងគ្រោះជាច្រើនក្នុងចំណោមជនរងគ្រោះទាំង១២២ នាក់បានបាត់បង់ការងាររបស់ពួកគេក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ហើយត្រូវបានគេកេងប្រវ័ញ្ចដោយសារតែស្ថានភាពគ្រួសារធ្លាក់ដុនដាប៕ AFP

website_news/2023310702.txt · Last modified: 2023/07/31 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki