website_news:2023310801

មេដឹកនាំអាស៊ានប្ដេជ្ញាជាថ្មី ក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងសន្តិសុខតាមព្រំដែន

https://www.postkhmer.com/national/2023-08-29-1815-254041.html រី សុចាន់ | Publication date 29 August 2023 | 18:15 ICT

ភ្នំពេញៈ មេដឹកនាំអាស៊ាន បានអះអាងជាថ្មី ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងភាគីខាងក្រៅ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងសន្តិសុខតាមព្រំដែនខណៈពួកគេបានទទួលស្គាល់ការគំរាមកំហែង នៃការរត់ពន្ធអាវុធនៅក្នុងតំបន់អាស៊ាន និងបញ្ហាប្រឈមក្នុងការទប់ស្កាត់ការជួញដូរអាវុធខុសច្បាប់។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៧នៅទីក្រុងឡាប៊ូនបាចូ (Labuan Bajo) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែសីហា ដែលដឹកនាំដោយប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ាននៅឆ្នាំនេះ។ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំនេះ។

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះដែលទើបចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា បានបញ្ជាក់ថា៖ «យើងបានផ្លាស់ប្តូរទស្សនៈ និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនឆ្នាំ២០១៦-២០២៥»។ កិច្ចប្រជុំបានកត់សម្គាល់ពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកិច្ចប្រជុំឧត្តមមន្ត្រី ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន(SOMTC) ឆ្នាំ២០២២-២០២៤ដើម្បីអនុវត្តផែនការសកម្មភាពរបស់អាស៊ានហើយទន្ទឹងរង់ចាំការអនុវត្តយ៉ាងរឹងមាំនិងពេញលេញនៃវិស័យទាំង១០របស់ខ្លួន។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «យើងបានទទួលស្គាល់ការគំរាមកំហែងនៃការរត់ពន្ធអាវុធដែលរីករាលដាលនៅក្នុងតំបន់អាស៊ាន និងបញ្ហាប្រឈមក្នុងការបង្ការ និងទប់ស្កាត់ការជួញដូរ និងការរត់ពន្ធអាវុធ និងគ្រាប់រំសេវឆ្លងដែនខុសច្បាប់។ ក្នុងន័យនេះ យើងបានអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធ ដែលជាការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងទាំងនេះ។

យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានដឹកនាំកិច្ចប្រជុំ SOMTC លើវិស័យអាទិភាពនៃការរត់ពន្ធអាវុធក្នុងការដឹកនាំរៀបចំសេចក្តីប្រកាសនេះ»។ ប្រភពដដែលបានបន្ថែមថា៖«យើងសូមបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន និងភាគីខាងក្រៅពាក់ព័ន្ធផ្សេងទៀតដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងសន្តិសុខព្រំដែន»។

អង្គប្រជុំនោះបានស្វាគមន៍ការអនុម័តផែនការការងារ SOMTC ចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ប្រទេសបូក៣នៃដៃគូអាស៊ានពីឆ្នាំ២០២៤-២០២៧, ប្រទេសចិនពីឆ្នាំ២០២៤-២០២៧ ,ឥណ្ឌាពីឆ្នាំ២០២៣-២០២៧, ប្រទេសជប៉ុនពីឆ្នាំ២០២៣-២០២៧ ,នូវែលសេឡង់ពីឆ្នាំ២០២៣-២០២៥ និងសហរដ្ឋអាមេរិកពីឆ្នាំ២០២៣-២០២៦។

កិច្ចប្រជុំក៏បានអនុម័តសេចក្តីប្រកាសក្រុងឡាប៊ូនបាចូ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ ដែលជាការប្តេជ្ញាចិត្តក្នុងការពន្លឿននិងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ក្នុងការដោះស្រាយករណីឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ កិច្ចប្រជុំបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំ AMMTC ក្នុងការដឹកនាំរៀបចំសេចក្តីប្រកាសនេះ និងបានសង្កត់ធ្ងន់លើគោលការណ៍នៃធម្មនុញ្ញអាស៊ាន ជាពិសេសការគោរព លើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងទទួលស្គាល់សិទ្ធិជនរងគ្រោះនិងសាក្សី។

សេចក្តីថ្លែងការណ៍រួមបន្ថែមថា៖« ក្នុងន័យនេះយើងបានអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារ និងជួយសាក្សី និងជនរងគ្រោះនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលជាការប្តេជ្ញាចិត្តចំពោះការការពារ និងការផ្តល់ជំនួយដល់សាក្សី និងជនរងគ្រោះ»។ មួយវិញទៀត កិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឋានៈជាប្រធានដឹកនាំកិច្ចប្រជុំ SOMTC លើវិស័យអាទិភាពនៃអំពើភេរវកម្ម ក្នុងការដឹកនាំរៀបចំសៀវភៅណែនាំអាស៊ានស្តីពីការអប់រំកែប្រែ ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មអ្នកទោសក្នុងពន្ធនាគារពាក់ព័ន្ធនឹងអំពើភេរវកម្ម និងអំពើជ្រុលនិយមដោយហិង្សា។

កិច្ចប្រជុំរង់ចាំប្រើប្រាស់សៀវភៅណែនាំនេះក្នុងការផ្តល់ដល់អ្នកធ្វើសេចក្តីសម្រេចចិត្តនូវការណែនាំដ៏មានសារៈប្រយោជន៍សម្រាប់ការបង្កើតនិងអនុវត្តកម្មវិធីស្តារនីតិសម្បទា និងសមាហរណកម្មប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើចំណេះដឹង ដែលបានផ្តល់ពីអ្នកជំនាញពាក់ព័ន្ធក្នុងវិស័យនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំនេះលោក សុខ ផល និងលោក ListyoSigit Prabowo អគ្គស្នងការនគរបាលជាតិឥណ្ឌូនេស៊ីក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលជាតិឥណ្ឌូនេស៊ីស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងការលើកកម្ពស់ការកសាងសមត្ថភាព៕

website_news/2023310801.txt · Last modified: 2023/08/31 10:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki