website_news:2023311002

មន្ត្រីសង្គមស៊ីវិលថា ករណីជនបរទេសផលិតវីដេអូអាសអាភាសជាការរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យអាប់ឱនមុខមាត់ជាតិធ្ងន់ធ្ងរ

https://www.rfa.org/khmer/news/human-rights/csos-say-the-case-of-foreigners-producing-pornographic-videos-is-a-violation-of-human-rights-and-a-serious-disgrace-to-the-nation-10272023103533.html ដោយ សេក បណ្ឌិត2023.10.27

មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ជនបរទេសដែលយកស្ត្រីខ្មែរ និងស្ត្រីបរទេសផ្សេងទៀត ដើម្បីផលិតវីដេអូអាសអាភាសបានធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពស្ត្រីខ្មែរ និងធ្វើឱ្យអាប់ឱនដល់វប្បធម៌ជាតិធ្ងន់ធ្ងរ។ ពួកគាត់បារម្ភថា ករណីផលិតវីដេអូ (Video) អាសអាអាភាស ដោយជនបរទេសនេះនឹងបន្តកើតមាន ប្រសិនបើអាជ្ញាធរពុំមានការចុះបង្ក្រាបឱ្យបានខ្លាំងក្លាទេនោះ។

បទល្មើស ដែលប្រព្រឹត្តដោយជនបរទេសរស់នៅកម្ពុជា ជាពិសេសគឺជនជាតិចិន និងវៀតណាមបន្តកើតឡើងជារៀងរាល់ថ្ងៃ ធ្វើឱ្យពលរដ្ឋមានការបារម្ភ បើទោះជាមានការបង្ក្រាបជាហូរហែរបស់សមត្ថកិច្ចកម្ពុជាក្តី ប៉ុន្តែជនល្មើសទាំងនោះហាក់កាន់តែច្រើន។ ពួកគេមួយចំនួនហ៊ានប្រព្រឹត្តបទល្មើសគ្រប់បែបយ៉ាង ជាពិសេសពាក់ព័ន្ធករណីជួញដូរផ្លូវភេទ និងផលិតវីដេអូអាសអាភាសតាមទំនើងចិត្ត ដោយពុំខ្លាចញញើតចំពោះការបង្ក្រាបរបស់សមត្ថកិច្ច និងច្បាប់របស់កម្ពុជាឡើយ។

ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ចាត់ទុកទង្វើក្រុមជនបរទេស ដែលផលិតខ្សែវីដេអូអាសអាភាសទាំងនោះថា ធ្វើឱ្យប៉ះពាល់កិត្តិយសជាតិធ្ងន់ធ្ងរ។ លោកថា កម្ពុជាជាប្រទេសមានវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អ និងមិនគួរក្លាយជាទីកន្លែងសម្រាប់ក្រុមជនជាតិចិន និងវៀតណាមមកធ្វើអាជីវកម្មខុសច្បាប់នាំស្ត្រីខ្មែរផលិតរឿងដែលនាំឱ្យមានភាពអាម៉ាស់ដល់សង្គមឡើយ។

លោក រស់ សុដ្ឋា៖ «កម្ពុជាគឺជាប្រទេស ដែលមានអរិយធម៌ រក្សានូវសេចក្ដីសុខផ្លូវចិត្តភាពស្ងប់ស្ងាត់ ពោលគឺមិនឱ្យមានចិត្តពុះកញ្ជ្រោលទៅលើលោភៈ ទោសៈ មោហៈ និយាយឱ្យចំតណ្ហាផ្លូវភេទនេះឯង។ ការថតវីដេអូសិច (Sex) នេះអាចជំរុញមនុស្សឱ្យមានចំណង់ជ្រុលទៅលើផ្លូវភេទ ហើយអាចថា មានចិត្តទៅលើការប្រព្រឹត្តនូវអំពើខុសឆ្គងផ្នែកផ្លូវភេទ ដូចជាការរំលោភកូន ប្រពន្ធគេអ្នកដទៃ ដែលមិនមានការព្រមព្រៀង ជាការរំលោភផ្នែកសីលធម៌ខ្មែរ ក៏ដូចជាច្បាប់ជាតិផងដែរ។ ខ្ញុំជឿជាក់ថា ឥស្លាមសាសនា ឬក៏គ្រិស្តសាសនា ក៏គេមិនគាំទ្រដែរនូវអំពើថតវីដេអូដែលជាសកម្មភាពមួយក្នុងការលើកកម្ពស់ចំណង់ផ្លូវភេទនេះ»។

ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៤ ខែតុលា បានចុះបង្ក្រាបជនសង្ស័យជាង ៣០នាក់ ក្នុងនោះរួមមានជនជាតិចិន វៀតណាម និងស្ត្រីខ្មែរផង ដែលសមត្ថកិច្ចចោទថា ពួកគេលួចផលិតខ្សែវីដេអូអាសអាភាសនៅអគារខុនដូរ (Condo) មួយស្ថិតនៅខណ្ឌបឹងកេងកង។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែតុលា។ ប៉ុន្តែ លោក ឆាយ គឹមខឿន បញ្ជាក់ប្រាប់កាសែតក្នុងស្រុក កាលពីថ្ងៃទី២៥ ខែតុលាថា សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ ប្រសិនបើរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសសមត្ថកិច្ចនឹងបញ្ជូនពួកគេទៅតុលាការ។

ខ្សែវីដេអូអាសអាភាសនោះមានជនជាតិចិន ស្ត្រីជនជាតិចិន និងខ្មែរ គឺពួកគេប្រើប្រាស់ភាសាជាតិរៀងខ្លួន ដើម្បីសម្ដែង និងធ្វើសកម្មភាពស្រើបស្រាល។ ក្រោយការបែកធ្លាយវីដេអូអាសអាភាសនោះ យុវជនខ្មែរមួយចំនួនដែលនិយមប្រើប្រាស់បណ្ដាញសង្គម ដោយអ្នកខ្លះចូលបញ្ចេញមតិរិះគន់ និងអ្នកខ្លះទៀតបញ្ចេញមតិបែបបញ្ចើចបញ្ចើ និងចែករំលែកយ៉ាងផុលផុស។

មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា សីលធម៌សង្គមខ្មែរកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ខណៈយុវជនខ្មែរជាច្រើនបានទទួលរងឥទ្ធិពលពីខ្សែវីដេអូអាសអាភាសដែលផ្សព្វផ្សាយលើបណ្ដាញសង្គម ខណៈសមត្ថកិច្ចមិនទាន់ចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពឡើយ។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវយុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈថា គួរចំណាយពេលសម្រាប់សិក្សាពីសង្គមជាតិដែលកំពុងជួបបញ្ហា និងពុំគួរបន្តចែករំលែកវីដេអូអាសអាភាសលើបណ្ដាញសង្គមនោះទេ ព្រោះវាគ្មានចំណេញអ្វីក្រៅពីនាំភាពអាម៉ាស់ដល់សង្គមជាតិឡើយ។

ទាក់ទងនឹងរឿងនេះដែរ កាលពីខែសីហា កន្លងទៅក៏មានស្ត្រីខ្មែរម្នាក់បានបង្ហោះវីដេអូតាមបណ្ដាញសង្គមដោយអះអាងថា សណ្ឋាគារមួយកន្លែងឈ្មោះ ហ្វឹងហ្សូវ ស្ថិតនៅខេត្តព្រះសីហនុ មានក្រុមជនជាតិចិនប្រើប្រាស់គ្រឿងញៀន និងល្បួងនារីខ្មែរ ដើម្បីថតអាក្រាតកាយ ដើម្បីផលិតខ្សែវីដេអូអាសអាភាសធ្វើអាជីវកម្ម។ ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មាត្រា ១៥ ចែងថា ជនណាជួញដូរអ្នកដទៃក្នុងគោលដៅស្វែងរកប្រយោជន៍ បំពានផ្លូវភេទ និងផលិតរូបភាពអាសអាភាស ជាដើម អាចប្រឈមត្រូវផ្ដន្ទាទោសរយៈពេល ២០ឆ្នាំ។

ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក រស់ សុដ្ឋា ស្នើដល់អាជ្ញាធរចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ជនបរទេសដែលជួញដូរមនុស្ស ជាពិសេសស្ត្រីខ្មែរក្នុងទម្រង់ផ្សេងៗយកទៅផលិតរូបភាពអាសអាភាស ដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ និងនាំឱ្យសីលធម៌សង្គមធ្លាក់ចុះ៕

website_news/2023311002.txt · Last modified: 2023/10/31 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki