website_news:2023311003

ហ្វីលីពីនឃុំខ្លួនមនុស្សជិត ៦០០ នាក់ ចម្រុះជាតិសាសន៍ក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរមនុស្ស

https://www.postkhmer.com/national/2023-10-30-1051-255578.html ហួន ឌីណា | Publication date 29 October 2023 | 10:55 ICT

អាជ្ញាធរហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍ ទី ២៨ ខែតុលាថា ប៉ូលិសហ្វីលីពីនបានឃុំខ្លួនមនុស្សជិត ៦០០ នាក់ ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងសង្ស័យ ក្រោមប្រតិបត្តិការជួញដូរមនុស្ស និងឆបោកតាមអ៊ិនធឺណិតនៅទីក្រុងម៉ានីល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

គណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្ម (PAOCC) របស់ហ្វីលីពីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិចិន កូរ៉េ វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្ស ដែលក្រុមប៉ូលិសរកឃើញនៅខាងក្នុងបរិវេណអំឡុងពេលប្រតិបត្តិការឆ្មក់ចូលកាលពីយប់ថ្ងៃសុក្រ។ លេខា ធិការក្រសួងយុត្តិធម៌ លោក Crispin Remulla បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរកំពុងសម្ភាសអ្នកជាប់ឃុំចំនួន ៥៩៨ នាក់ ដើម្បីកំណត់ថា អ្នកណាជាជនរងគ្រោះ ឬអ្នកណាជាជនសង្ស័យ។

បើតាមការចុះផ្សាយរបស់ AFP ស្ថានទូតចិនទទួលបា នការស្នើសុំឱ្យជួយកំណត់អត្តសញ្ញាណមនុស្ស ៩ នាក់ ដែលសង្ស័យថា បានដំណើរការអាជីវកម្មពាក់ព័ន្ធ ដែលទទួលបានអាជ្ញាបណ្ណថាជាក្រុមហ៊ុនហ្គេមអ៊ីនធឺណិត។ ការបង្រ្កាបរបស់ប៉ូលិសហ្វីលីពីននានេះ ធ្វើឡើងចំពេលមានកំណើន នៃការព្រួយបារម្ភជាអន្តរជាតិជុំវិញការបោកប្រាស់តាមអ៊ិនធឺណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជារឿយៗប្រើជនរងគ្រោះនៃការជួញដូរមនុស្សដោយបង្ខំឱ្យធ្វើការបោកបញ្ឆោត ឬផ្សព្វផ្សាយការវិនិយោគគ្រីបតូក្លែងក្លាយ។ លោក Remullaបាននិយាយថា អាជ្ញាធរហ្វីលីពីន កំពុងដាក់ពាក្យសុំដីកា ដើម្បីចូលឆែកកុំព្យូទ័រដែលបានរកឃើញនៅខាងក្នុងបរិវេណបង្រ្កាប។

ចំណែកឯ PAOCC វិញ បាននិយាយថា ក្នុងអំឡុងនៃការវាយឆ្មក់នោះ ជនជាតិចិន២នាក់បាននិយាយថា ពួកគេត្រូវបានគេឃុំខ្លួន ហើយមានស្នាមគេធ្វើទារុណកម្មលើដងខ្លួនរបស់ពួកគេ។ បុរសម្នាក់ក្នុងចំណោមនោះ អះអាងថា គេចាប់ជំរិត ហើយលក់លោកក្នុងតម្លៃ ៨ ៨០០ ដុល្លារអាមេរិក ខណៈម្នាក់ទៀតបាននិយាយថាលោកជាប់ឃុំអស់រយៈពេល១ឆ្នាំ ហើយបង្ខំឱ្យធ្វើការរហូតដល់ ១៥ ម៉ោងក្នុងមួយថ្ងៃ។

កាលពីខែមិថុនាកន្លងទៅ មនុស្សជាង ២៧០០ នាក់ ត្រូវបានប៉ូលិសចាប់ឃុំខ្លួនអំឡុងពេលវាយឆ្មក់លើអគារជាច្រើនកន្លែងក្នុងទីក្រុងម៉ានីល ជាកន្លែងដែលជនរងគ្រោះនៃការជួញដូរមនុស្ស ត្រូវបានគេបង្ខំធ្វើការរកលុយ ដោយស្វែងរកអ្នកលេងហ្គេមតាមអ៊ិនធឺណិត៕

website_news/2023311003.txt · Last modified: 2023/10/31 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki