website_news:20240106_01

https://postkhmer.com/national/2024-1-6-122-257331 កម្ពុជា​-​ថៃ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី ខណៈ​ភាគី​ទាំង​​ ២ បង្ហាញ​ជំហរ​ក្នុងការ​ពង្រឹង​និង​ផ្លាស់ប្ដូរ​ការពិគ្រោះ​យោបល់​ជុំវិញ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន ដើម្បី​បុព្វហេតុ​លើ​បញ្ហា​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំង ២​។ ការវាយតម្លៃ​ខ្ពស់​នេះ ធ្វើឡើង​តាមរយៈ​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង​លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ៥​ ខែមករា ឆ្នាំ ២០២៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ នា​ជំនួប​នោះ​ភាគី​ទាំង​ ២ បាន​សម្ដែង​នូវ​សេចក្ដីសង្ឃឹម​ដូចគ្នា​ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ថៃ នឹង​បន្ត​រីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀត​។ លោក ស សុខា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ជាមួយ​ភាគី​ថៃ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ការផ្លាស់ប្ដូរ និង​ចែករំលែក​ព័ត៌មាន កិច្ចសហការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមទាំង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងការ​ដោះស្រាយ​បាតុភាព​អសកម្ម​ផ្សេងៗ ដែល​កើតមានឡើង​នៅតាម​ព្រំដែន​។ ជាមួយគ្នា​នោះ លោក​បាន​កត់សម្គាល់ថា វត្តមាន​របស់ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ជា​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​រួមចំណែក ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​សំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និង​សន្តិសុខ​។ លោក ស សុខា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ឯកអគ្គរាជទូត ដែល​តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ជំរុញ​កិច្ចសហការ​ដ៏​ល្អ និង​ដើរតួនាទី​យ៉ាងសកម្ម នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​ឯកឧត្ដម​។ ជាការ​ឆ្លើយតប លោក Cherdkiat ATTHAKOR បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​។ ពាក់ព័ន្ធ​សន្តិសុខ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ខែមករា ឆ្នាំ ២០២៣ នៅក្នុង​ជំនួប​រវាង​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុ រាត្រី និង​លោក Cherdkiat ATTHAKOR បាន​សន្យាថា នឹង​ខិតខំ​ជំរុញ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​បន្ថែមទៀត ជាពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ប្រកបដោយ​ការស្រឡាញ់​រាប់អាន​គ្នា ស្គាល់​សុខទុក្ខ​គ្នា​ទៅវិញទៅមក ដែលជា​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយគ្នា​៕​

website_news/20240106_01.txt · Last modified: 2024/01/10 12:22 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki