website_news:20240106_02

https://btv.com.kh/article/38124 ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើដែលបងប្អូនពលកររស់នៅ និងធ្វើការក្រៅប្រទេស ដែលបានផ្ញើប្រាក់ជូនក្រុមគ្រួសារចំនួនប្រហែល ៣ពាន់លានដុល្លារ ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួម​ចំណែកជំរុញដល់កំណើន សេដ្ឋកិច្ចជាតិ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ​ចំនួន ១,៣៥៦,៦១៦នាក់ (ស្រីចំនួន៥៥២,៨៥១នាក់) ក្នុងនោះរួមមាន៖ ប្រទេសថៃ ចំនួន ១,២៦២,១៧៥នាក់ , សាធារណរដ្ឋកូរ៉េ ៥០,៩៧០នាក់ , ប្រទេសជប៉ុន ២០,០៥៦នាក់ , ប្រទេសម៉ាឡេស៊ី ២២,២៦២នាក់ , ប្រទេសសិង្ហបុរី ៨៧១នាក់, តំបន់រដ្ឋបាល​ពិសេសហុងកុង ២១៨នាក់ និងអារ៉ាប់ប៊ីសាអូឌីត ៦៤នាក់។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់​ចុះឈ្មោះ​ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឲ្យបានច្រើន ពីព្រោះថា ចាប់ពីឆ្នាំ២០២៤នេះតទៅ ក្រសួងការងារនឹងផ្តល់​អាទិភាព​ក្នុងការបញ្ជូនពលករទៅក្រៅប្រទេស មិនថាប្រទេសណាទេ ពោលគឺ ឲ្យតែមានទីផ្សារការងារគឺនឹងបញ្ជូនពលករដែល​មានជំនាញ​វិជ្ជាជីវៈច្បាស់លាស់ និងជំនាញវិជ្ជាជិវៈខ្ពស់ ដើម្បីទៅធ្វើការនៅទីនោះ។ ឯកឧត្តម បានបន្តថា ការដែលយើងពុំមានជំនាញ គឺជាឱកាស​មួយ​ដែលយើងអាចនឹងរៀននៅកម្ពុជា ពីព្រោះថា រដ្ឋាភិបាលកំពុងបើកឲ្យមានការចុះឈ្មោះការរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលមានជំនាញចំនួន ៣៨ជំនាញនៅកម្ពុជា។ ទី២.សម្រាប់ពលករកម្ពុជាដែលធ្វើការ និងស្នាក់នៅប្រទេសកូរ៉េ រដ្ឋាភិបាល​បានផ្តល់អាទិភាពដំបូងដល់បងប្អូនពលករខ្មែរយើងចំពោះការធ្វើលិខិតឆ្លងដែន និងពន្យាប៉ាស្ព័រ (លិខិតឆ្លងដែន) នៅទីនោះតែម្តង ដែលនេះ​គឺជាចំណុចល្អណាស់ ក្នុងការកាត់បន្ថយការធ្វើដំណើរពីកូរ៉េមកកម្ពុជា ការចំណាយសំបុត្រយន្តហោះ ក៏ដូចជាការចំណាយ​ផ្សេងៗ​ដែលធ្វើឲ្យបងប្អូនអាចរក្សាបានចំណូលខ្ពស់ ហើយអាចងាយស្រួលក្នុងការបំពេញ និងការទទួលបានប៉ាស្ព័រ និងការពន្យាប៉ាស្ព័រ។ ដោយឡែក ទី៣.សូមអំពាវនាវឲ្យបងប្អូនយើងទាំងអស់ មិនថាពលករនៅកូរ៉េ ជប៉ុន​ក៏ដូចជាបណ្តាប្រទេសផ្សេងៗសូមទំនាក់ទំនង​ស្អិតរមួត​ជាមួយស្ថានទូតខ្មែរនៅក្រៅប្រទេសទាំងនោះ ក្នុងករណីមានបញ្ហាអ្វីមួយ សូមទំនាក់ទំនងដើម្បីពិគ្រោះយោបល់ និងសុំអន្តរាគមន៍ក្នុងការ​ជួយដល់បងប្អូនឲ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា ពលករដែលធ្វើការនៅប្រទេសថៃ ជាមធ្យមទទួលបានប្រាក់ខែប្រមាណ ៤០០ដុល្លារ ក្នុង១ខែ , ម៉ាឡេស៊ី ទទួលបានប្រាក់​ខែ ៣៤០ដុល្លារ , អារ៉ាប៊ីសាអូឌីត ទទួលបានប្រាក់ខែ ៤០០ដុល្លារ , ជប៉ុន ទទួលបានប្រាក់ខែ ១,៤០០ដុល្លារ , សិង្ហបុរី ទទួលបាន​ប្រាក់ខែ ៥០០ដុល្លារ , កូរ៉េខាងត្បូង ទទួលបានប្រាក់ខែ ១,៥០០ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុង ទទួលបានប្រាក់ខែ ៥៩១​ដុល្លារ ក្នុង១ខែ ហើយពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម មានប្រមាណជាង ២,៩ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕

website_news/20240106_02.txt · Last modified: 2024/01/10 12:19 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki