website_news:20240106_05

https://dap-news.com/?p=384342 ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំ កម្ពុជា បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍ សម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមាន ឡើងនៅតាមព្រំដែន។ លោក កត់សម្គាល់ថា វត្តមានរបស់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាបេសកកម្មដ៏មានសារសំខាន់ រួមចំណែក ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គ រាជទូត ដែលតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួរនាទីយ៉ាងសកម្ម នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្ដម។ លោកឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕

website_news/20240106_05.txt · Last modified: 2024/01/11 11:21 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki