website_news:20240109_01

https://www.rfa.org/khmer/news/human-rights/adhoc-most-of-cambodian-women-victims-from-trafficking-in-china-got-serious-violence-on-mental-and-physical-until-unconscious-01082024030900.html ស្ត្រី​ខ្មែរ​ខ្លះ​ដែល​រួចខ្លួន​ចេញ​ពី​ការ​ជួញដូរ​ផ្លូវភេទ​បាន​និយាយ​ថា បុរស​ចិន​និង​គ្រួសារ​ខ្លះ​បាន​ចាត់ទុក​ពួក​នាង​ដូចជា ឧបករណ៍​បង្កើតកូន​ហើយ​គេ​វាយ​ធ្វើបាប​លើ​រាងកាយ​បង្ខាំង​នៅក្នុង​បន្ទប់ និង​គាប​សង្កត់​សេរីភាព​គ្រប់​បែបយ៉ាង។ ស្ត្រី​ខ្មែរ​ទាំងនោះ​ក៏​ផ្ដាំផ្ញើ​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​នៅក្នុង​ប្រទេស​ថា កុំឱ្យ​ចង់បាន​លុយ​ពី​ចិន​ហើយ​ប្រថុយ​រៀបការ​ទៅតាម​គេ​ដោយ​ងាយៗ​ឱ្យ​សោះ ពីព្រោះ​បើ​សំណាងអាក្រក់​នឹង​ត្រូវ​គេ​វាយ​ដុំ​លើ​រាងកាយ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​មាន​ឱកាស​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ឡើយ គឺ​មានតែ​ស្លាប់​ចោល​ឆ្អឹង​នៅ​ស្រុក​គេ​ប៉ុណ្ណោះ។ សមាគម​ការពារ​សិទ្ធិមនុស្ស​​ អាដហុក​(ADHOC)​រក​ឃើញ​ថា ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ជាច្រើន​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន​គឺ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ព្រមទាំង​ស្មារតី​បាក់ស្បាត​ដោយសារតែ​ទទួលរង​ការ​ធ្វើ​ទារុណកម្ម​អំពើ​ហិង្សា​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពី​គ្រួសារ​ចិន​មួយ​ចំនួន។ ប្រធាន​ទទួលបន្ទុក​ផ្នែក​ស្ត្រី និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​ ADHOC​ អ្នកស្រី ស៊ុន ម៉ាលី មាន​ប្រសាសន៍​ថា តាម​ការ​ជួប​សម្ភាសន៍​និង​ប្រឹក្សា​យោបល់​ជាមួយ​ស្ត្រី​ខ្មែរ​ជាច្រើន ដែល​បាន​រំដោះ​ចេញ​ពី​អំពើ​ជួញដូរ​មនុស្ស នៅ​ប្រទេស​ចិន​គឺ​ជនរងគ្រោះ​ទាំង​នោះ មាន​បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត​ផ្លូវ​អារម្មណ៍​ស្មារតី និង​រាងកាយ​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ប្តី​និង​ក្រុម​គ្រួសារ​ជនជាតិ​ចិន​ធ្វើ​បាប​វាយ​ដុំ​លើ​រាងកាយ និង​គំរាមកំហែង​ព្រមទាំង​គាប​សង្កត់​ជាដើម។ អ្នកស្រី ស៊ុន ម៉ាលី ឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​របស់​ស្ត្រី​ខ្មែរ​ស្ទើរ​តែ​ទាំងអស់ ពេល​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញ ហាក់​មិន​ចង់​និយាយ​ស្ដី​អ្វី​ទេ បាន​ត្រឹម​តែ​បង្ហាញ​ទឹកមុខ​តក់​ស្លុត និង​បង្ហូរ​ទឹកភ្នែក​ជំនួស​ឱ្យ​ការ​ឈឺចាប់​ហួស​ប្រមាណ ដោយសារតែ​ការ​ធ្វើ​បាប​សឹងតែ​លែង​មាន​តម្លៃ​ជា​មនុស្ស។ អ្នកស្រី ស៊ុន ម៉ាលី៖ «នៅ​ពេល​ដែល​យើង​ទទួល​ករណី គឺ​ភាគច្រើន​វាយ​ដុំ​គាត់​ថត​ស្នាម​ប្ដី​គាត់​វាយ​ជាំ​នៅ​លើ​រាងកាយ​បង្ខាំង​គាត់​ទុក​អាហារ​ក៏​មិន​ឱ្យ​ញ៉ាំ តាមរបៀប​ជា​ប្ដី​ប្រពន្ធ​ទេ ទុក​ក្នុងផ្ទះ​ឱ្យ​ញ៉ាំ​តែ​បន្លែ​ក្នុងផ្ទះ។ មាន​ករណី​ខ្លះ​មិន​ត្រឹមតែ​រួមភេទ​តែ​ប្រុស​ម្នាក់​ហ្នឹង​ទេ គឺ​នៅក្នុង​គ្រួសារ​ប្រុស​ផ្សេង​ទៀត​ក៏​អាច​មក​រួមភេទ​ជាមួយ​ស្ត្រី​ខ្មែរ​បាន ដោយ​សេរី​ដែរ គេ​ចាត់ទុក​ដូចជា​ឧបករណ៍​រួមភេទ​របស់​គេ។យើង​សម្លឹង​ទៅ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ​របស់​ជនរងគ្រោះ​គឺ​វា​ប៉ះទង្គិច​ទាំងអស់»។ អាដហុក​បាន​រក​ឃើញ​ទៀត​ថា ក្រៅ​តែ​ពី​ស្ត្រី​ខ្លះ​ត្រូវ​គេ​វាយ​ធ្វើ​បាប​ផ្លូវកាយ និង​ផ្លូវចិត្ត​គឺ​នៅ​ពេល​ដែល​គ្រួសារ​ចិន​ខ្លះ​គេ​ឱ្យ​បង្កើតកូន​សម្រាប់​គ្រួសារ​របស់​គេ​រួចហើយ គេ​ក៏​លក់​បន្ត​ទៅ​ឱ្យ​បង្កើតកូន​នៅ​គ្រួសារ​ផ្សេង​ទៀត​ដែរ។ ស្ត្រី​អាយុ​២៧​ឆ្នាំ រស់​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដែល​បាន​រួចខ្លួន​ពី​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​នាង ឃ.ឡ បាន​រៀបរាប់​ថា មេខ្យល់​បាន​បោក​បញ្ឆោត​នាំ​រូប​នាង​ចេញ​ពី​គ្រួសារ​កាល​ពី​អំឡុង​ខែ​តុលា​ឆ្នាំ​២០២០ ទៅកាន់​ប្រទេស​ចិន ដើម្បី​រៀបការ​ជាមួយ​នឹង​បុរស​ចិន។ នាង​មិន​ដឹង​ថា មេខ្យល់​ដែល​នាំ​រូប​នាង​ទៅនោះ គេ​បាន​ប្រាក់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ពី​បុរស​ចិន​នោះ​ទេ ក៏ប៉ុន្តែ​សម្រាប់​គ្រួសារ​របស់​នាង​បាន​ទទួល​ប្រាក់​តែ​១.០០០​ដុល្លារ​ប៉ុណ្ណោះ។ នាង ឃ.ឡ មានប្រសាសន៍​ទៀត​ថា ពេល​គេ​នាំ​នាង​ទៅដល់​ខេត្ត​ហ៊្វូឈិន (Fujin)​នៃ​ប្រទេស​ចិន​បាន​មួយ​សប្ដាហ៍ គេ​ក៏​លក់​នាង​ទៅ​ឱ្យ​បុរស​ចិន​ម្នាក់​ដែល​មាន​ចិត្តអាក្រក់​និង​កាច​សាហាវ​យ៉ាង​ខ្លាំង។ រូប​នាង​រស់នៅ​ជាមួយ​បុរស​នោះ មានកូន​ស្រី​ម្នាក់​ក៏ប៉ុន្តែ​ជីវិត​ជាប្រចាំ​ថ្ងៃ​មិន​មាន​សេរីភាព និង​តម្លៃ​ជា​មនុស្ស​ទេ។ នាង ឃ.ឡ៖ «គេ​ឱ្យ​ហូប​ប៉ុណ្ណា​គឺ​បាន​ហូប​តែ​ប៉ុណ្ណឹង​ទេ លុយកាក់​ក៏​គេ​មិន​ឱ្យ​អ្វី​ក៏​គេ​មិន​ឱ្យ ជួនកាល​ច្រាន​ខ្ញុំ​ទាំង​ពេល​ដែល​ខ្ញុំ​មាន​ផ្ទៃពោះ។ ទារុណកម្ម​ខ្លាំង​ជាងគេ​គឺ​គាត់​វាយ​ខ្ញុំ​ហើយ​បណ្ដេញ​ខ្ញុំ​ចេញពីផ្ទះ​ពេល​ដែល​ខ្ញុំ​ចេញពីផ្ទះ​គាត់​ចាប់​ខ្ញុំ​ឃុំ​នៅក្នុង​បន្ទប់​ផ្ដាច់ WIFI ផ្ដាច់​អី​ទាំងអស់​បិទ​ទូរស័ព្ទ​ផ្ដាច់​ទាំង​ទំនាក់ទំនង​រវាង​ខ្ញុំ និង​ម៉ែ។ អ្នកជិតខាង​ដែល​ខ្ញុំ​ស្គាល់​ដូចជា​ខ្មែរ​ដូចជា​ចិន​អី​មិន​ឱ្យ​ទាក់ទង​ជាមួយ​ខ្ញុំ​ទេ។ ខោអាវ​ស្លៀកពាក់​អី​បានតែ​មុនដំបូង​ថ្មីៗ​ពេល​យូរៗ​ទៅ​គឺ​ឱ្យ​ខ្ញុំ​ស្លៀកពាក់​ខោអាវ​ដែល​សល់​ពី​ម៉ែ​របស់​គាត់ ហើយ​ឈឺចាប់​ខ្លាំង​បំផុត​គឺ​បែក​ពី​កូនស្រី»។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា រូប​នាង​ហាក់​មានសំណាង​ដោយ​បាន​រត់​រួច​ពីដៃ​ជន​ព្រៃផ្សៃ​ហើយ​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ ក៏ប៉ុន្តែ​សម្រាប់​ស្ត្រី​ខ្មែរ​ជាច្រើន​ទៀត​ដែល​ទទួលរង​ទារុណកម្ម​ដែរ​នោះ មិន​មាន​ឱកាស​រំដោះខ្លួន​និង​បាន​វិល​មក​ជួបជុំ​គ្រួសារ​វិញ​ទេ គឺ​ខ្លះ​ត្រូវ​គេ​វាយ​ធ្វើបាប​រហូតដល់​វិកលចរិត​ឃើញ​ដី​គិត​ថា ជា​អាហារ​ជាដើម។ បច្ចុប្បន្ន​អំពើ​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​ជា​កម្លាំង​ពលកម្ម និង​បង្ខំ​ឱ្យ​រៀបការ​នៅតែ​កើត​មាន​ដោយ​សមត្ថកិច្ច​មិនទាន់​អាច​ទប់ស្កាត់​បាន​នៅ​ឡើយ។ ជា​ញឹកញាប់​នៅ​តាម​បណ្ដាញ​សង្គម (FacebooK) ស្ត្រី​ខ្មែរ​ខ្លះ​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​បាន​បង្ហោះ​អំពាវនាវ​សុំ​ឱ្យ​ជួយ​រំដោះ​រូប​នាង ឱ្យ​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ។ របាយការណ៍​ផ្នែក​ស្ត្រី​និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២៣ គេ​បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន ៣៤​នាក់ ពី​ការ​ជួញដូរ​ផ្លូវភេទ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៀត។ ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទាំងនោះ​ត្រូវ​គេ​ជួយសង្គ្រោះ​ចេញពី​ខេត្ត​ហឺណាន (Henan) ក័ងចូវ (Guangzhou) ជាំងស៊ី (Jiangxi) ក្រុង​សៀងហៃ​( Shanghai) និង​ក្វាងចូវ (Guangzhou)។ កាលពី​សប្ដាហ៍​មុន​គណបក្ស​កម្លាំង​ជាតិ​ធ្លាប់​អះអាង​ថា គេ​មានការ​អាណិត​ចំពោះ​ជនរួមជាតិ​ខ្មែរ​ដែល​ទទួល​រង​ការ​ជួញ​ដូរ​ទាំងនោះ​យ៉ាង​ខ្លាំង។ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា យ៉ាង​យូរ​នៅក្នុង​ខែ​មករា ​ឆ្នាំ​២០២៤ គណបក្ស​របស់​លោក​នឹង​ធ្វើ​លិខិត​ជា​ផ្លូវការ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​ឱ្យ​ចាត់​វិធានការ​បង្ក្រាប និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក ស៊ុន ចន្ធី៖ «គណបក្ស​កម្លាំង​ជាតិ​នឹង​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​អំពី​តួលេខ​នៃ​ការ​ជួញដូរ​មនុស្ស​ឱ្យ​បាន​លំអិត​មុននឹង​ដាក់​សំណើ​ជា​ផ្លូវការ ទៅ​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ក្នុង​ការ​បណ្ដែតបណ្ដោយ​ឱ្យ​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​ជនបរទេស​ជាពិសេស​ជនជាតិ​ចិន ដែល​តែងតែ​បង្ក​ហានិភ័យ​ខ្ពស់​រហូត​មក​ដល់​ពេល​នេះ»។ ទាក់ទង​នឹង​រឿង​នេះ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង បាន​ប្រតិកម្ម​ថា ការ​ដែល​លើក​បញ្ហា​ជួញដូរ​មនុស្ស​ហើយ​ដាក់បន្ទុក​មក​លើ​តែ​កម្ពុជា​មួយ គឺជា​ការ​លំអៀង​ពីព្រោះ​តែ​បច្ចុប្បន្ន​នៅ​ក្នុង​ពិភពលោក​ប្រទេស​ជាច្រើន​សុទ្ធតែ​មាន​ការ​ជួញដូរ​មនុស្ស​ដូចគ្នា​គ្រាន់តែ​តិច ឬក៏​ច្រើន​ប៉ុណ្ណោះ។ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ទៀត​ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​ជួញដូរ​មនុស្ស​បាន​ចាត់ទុក​អំពើ​ជួញដូរ​មនុស្ស​គឺជា​បញ្ហា​ដ៏​ធំ​ដែល​កំពុងតែ​បំផ្លាញ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​នីមួយៗ​របស់​ពិភពលោក​ហើយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​ស្ថានទូត​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​សកម្មភាព​ជួញដូរ​មនុស្ស​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ផ្សេង និង​ពី​ប្រទេស​ផ្សេង​ចូល​មក​កម្ពុជា។ អ្នកស្រី ជូ ប៊ុនអេង៖ «យើង​ធ្វើការ​តាំងពី​ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​ហើយក៏​ជាមួយ​អន្តរជាតិ​តាមរយៈ​ស្ថានទូត។ ការងារ​របស់​យើង​គឺ​កង្វល់​ហ្នឹងហើយ​បានជា​យើង​ខំ​ប្រឹងប្រែង​រក​វិធី​សហការ​ទាំង​ប្រទេស​តូច​ប្រទេស​ធំ មក​ជជែក​គ្នា​មានរឿង​ប្លែកៗ​ពី​គ្នា ហើយ​គឺជា​រឿង​ដែល​ត្រូវ​ខ្វាយខ្វល់​ទាំងអស់គ្នា។ ធ្វើការ​ងារ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​របស់​យើង​គឺ​មាន​តាំងពី​បង្ការ​ទប់ស្កាត់​រហូត​ដល់​ពេល​មាន​បញ្ហា យើង​ធ្វើការ​សង្គ្រោះ​ជនរងគ្រោះ​ផ្ដល់​សេវា ហើយ​យើង​ដាក់​ផ្ដន្ទាទោស​ជនល្មើស​តាមរយៈ​កិច្ចសហការ​ច្បាប់​ជាតិ អន្តរជាតិ​ជាដើម»។ ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០២៣ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ១០​ខែ កម្លាំង​នគរបាល​យុត្តិធម៌​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ចំនួន ១៣៧​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន ១៦០នាក់។ ជនសង្ស័យ​ទាំងនោះ​ក៏​មាន​ជនបរទេស​ចំនួន ១០​នាក់​ដែរ គឺ​ជន​ជាតិចិន​៣​នាក់ ហ្វីលីពីន​១​នាក់ អាមេរិក​(USA)១​នាក់​ជនជាតិ​វៀតណាម ៣​នាក់ ជនជាតិ​ស្វីស (Swiss)១​នាក់ និង​ប៉ាគីស្ថាន (Pakistan)១​នាក់​ផង​ដែរ។ ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​២០២៣ នេះ​សមត្ថកិច្ច​កម្ពុជា​ក៏​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅ​ក្នុង និង​ក្រៅប្រទេស​ពី​អំពើ​ជួញដូរ​ចំនួន ៤២៤​នាក់ ដោយ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ២៩៧នាក់។ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បាន​ចាត់ទុក​អំពើ​ជួញដូរ​មនុស្ស​គឺជា​រឿង​ធ្ងន់ធ្ងរ​ដោយ​មិន​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ព្រមទាំង​ធ្វើ​ឱ្យ​មនុស្ស​រងទុក្ខ​វេទនា។ លោក អំ សំអាត ឱ្យ​ដឹង​ថា អង្គការ​លីកាដូ​ក៏ដូចជា​អង្គការ​ជា​ដៃគូ​មួយ​ចំនួន​ទៀត​ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​ព្រួយបារម្ភ​អំពី​ការ​ជួញដូរ​មនុស្ស​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម។ លោក អំ សំអាត៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​សុំ​ឱ្យ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ទៅលើ​បញ្ហា​ទាំងអស់​ហ្នឹង​ជាពិសេស​ជន​ដែល​ពាក់ព័ន្ធ​បើ​ទោះបី​ជា​មាន​ឋានន្តរសក្ដិ​ណាក៏ដោយ​ត្រូវតែ​អនុវត្តន៍​តាមផ្លូវ​ច្បាប់។ ត្រូវតែ​លុប​អំពើពុករលួយ​ដែល​ពាក់ព័ន្ធ​និង​បទល្មើស​នៃ​ការ​ជួញដូរ​មនុស្ស​ហើយ​ពង្រឹង​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេសជិតខាង​ជាដើម​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​គឺជា​រឿង​មួយ​ធ្ងន់ធ្ងរ»។ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​និង​អ្នកស៊ើប​អង្កេត​បរទេស​បាន​រក​ឃើញ​ដូចគ្នា​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​អំពើ​ជួញដូរ​មនុស្ស​នៅតែ​បន្ត​កើតមាន​ក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​តួនាទី​គ្រាក់ៗ​មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ និង​ក្រុម​រកស៊ី​ជួញដូរ​មនុស្ស​ព្រមទាំង​កាង​ការពារ​មិន​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​ក្រុម​ជន​ដែល​ជា​មុខសញ្ញា​ជួញដូរ​មនុស្ស​ទាំង​នោះ​បាន៕ ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។

website_news/20240109_01.txt · Last modified: 2024/01/10 11:04 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki