website_news:20240110_01

https://rfi.my/AEyp.g អាជ្ញាធរព្រំដែនដូង-បាឡែម៖ ពុំមានការយកលុយកាក់ពីពលរដ្ឋឡើយ ប្រជាពលរដ្ឋដែលចេញចូលទៅថៃនៅច្រកព្រំដែនអន្តរជាតិ ដូង-បាឡែមក្នុងខេត្តបាត់ដំបងបានចោទប្រកាន់អាជ្ញាធរខែ្មរនៅទីនោះថា បានយកលុយពួកគេប្រមាណ ៦០០បាតឬប្រមាណ៧ម៉ឺនរៀលក្នុងម្នាក់នៅពេលចេញចូលទៅថៃម្ដងៗ។ ប៉ុន្តែការចោទនេះ ត្រូវបាននាយផ្នែកបែបបទប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង-បាឡែម ឆ្លើយបដិសេធដោយបញ្ជាក់ថា គ្មានករណីយកលុយ ឬបង្កការលំបាកណាមួយដល់ពលរដ្ឋទេ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក សួង យ៉ា ហៅឈាមខ្មែរបានចោទចំៗទៅអាជ្ញាធរខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង-បាឡែមថា បានយកលុយពីពលរដ្ឋខ្មែរប្រមាណ៦០០បាទនៅពេលចេញចូលទៅថៃម្ដងៗ។ តាមលោក សួង យ៉ា មិនមានការយកលុយនៅខាងដីខ្មែរទេ តែនៅខាងដីថៃ គឺមន្រ្តីខ្មែរជាអ្នកយកលុយ។ លោកបានស្បថឲ្យរន្ទះបាញ់ស្លាប់ទាំងក្រុមគ្រួសារ ប្រសិនបើការនិយាយរបស់លោកមិនពិត។ ការចោទប្រកាន់ខាងលើនេះត្រូវបានលោក ហៀង ស៊ុនហុង នាយផ្នែកបែបបទប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង-បាឡែម ឆ្លើយបដិសេធថា គ្មានករណីយកលុយ ឬបង្កការលំបាកណាមួយដល់ពលរដ្ឋទេ។ លោក ហៀង ស៊ុនហុង អាជ្ញាធរតែងជួយធ្វើការសម្រប សម្រួលពលរដ្ឋឲ្យចេញចូលបានឆាប់រហ័ស។ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង-បាឡែមរូបនេះដដែលបានអះអាងថា ចំពោះការយកប្រាក់ ៥០០-៦០០បាតនេះ គឺខាងថៃជាអ្នកយក។ តាមលោក ហៀង ស៊ុនហុង មូលហេតុដែលខាងថៃជាអ្នកយក ដោយសារប្រជាពលរដ្ឋសុំចេញពីប្រទេសថៃ និងសុំរក្សាសុពលភាពទិដ្ឋាការរបស់គាត់។ លោកបន្តថា បើមិនដូចនេះទេគាត់ត្រូវចាយជាង ១ ២០០បាតឯណោះ ដើម្បីធ្វើការស្នើសុំចូល ទៅថៃវិញ Re-Entry។ ប៉ុន្តែករណីនេះ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានបញ្ជាក់ថា គឺជាការគប់គិតគ្នារវាងមន្រ្តីខ្មែរជាមួយ អាជ្ញាធរថៃ ក្នុងការគាបយកលុយពលរដ្ឋក្រៅប្រព័ន្ធច្បាប់ដែលជាករណីប្រព្រឹត្តអំពើពុករលួយ។ លោក ឌិន ពុទ្ធី ថា គោលការណ៍ច្បាប់មិន បានអនុញ្ញាតឲ្យមានការយកលុយកាក់ពីប្រជាពលរដ្ឋដែលចេញចូលទៅថៃឡើយ។ តាមលោកឌិន ពុទ្ធី បញ្ហានេះមិនមែនទើបតែកើតមាន ឡើយ ពោលកើតមានមកជាយូរយាណាស់មកហើយ។ តែលោក ហៀង ស៊ុនហុងថា រឿងនេះមិនពិត និងសូមធ្វើការបដិសេធទាំងស្រុង។ លោកអះអាងថា ករណីនេះ មានតែអាជ្ញាធរខ្មែរសុំខាងថៃសម្របសម្រួលឲ្យប្រជាពលរដ្ឋឆាប់បានចូលប្រទេស ដើម្បីធ្វើដំណើរទៅស្រុក កំណើតរៀងៗខ្លួន។ ទោះជាយ៉ាងណា លោក ឌិន ពុទ្ធី បានស្នើឲ្យរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតរឿងនេះឲ្យ បានច្បាស់លាស់ដើម្បីចៀសវាងការចោទដាក់គ្នាដោយមិនដឹងខាងណាជាអ្នកយកលុយពលរដ្ឋ។ បើមិនដូច្នេះទេ ការប្រព្រឹត្តអំពើពុករលួយ យកលុយពលរដ្ឋនេះនឹងរីករាលដាលកាន់តែធំ៕

website_news/20240110_01.txt · Last modified: 2024/01/10 11:42 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki