website_news:20240115_01

https://www.rfa.org/khmer/news/human-rights/us-embassy-keeps-raising-human-trafficking-and-human-rights-with-sar-sokha-01142024031530.html ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅតែ​បន្ត​លើកឡើង​ពី​បញ្ហា​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស និង​ការ​គោរព​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក បាទ្រីក ម័រហ្វី (Patrick Murphy) នៅ​តែ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក បាទ្រីក ម័រហ្វី បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អិ​ច (X) អតីត​បណ្ដាញ​សង្គម​ទ្វីតធឺ (Twitter) ថា នៅក្នុង​ជំនួប​រវាង​លោក​និង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា នៅឯ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែមករា ភាគី​ទាំងពីរ បាន​ជជែក​លើ​បញ្ហា​ជាច្រើន និង​កិច្ច​សហប្រតិបត្តិការ​សំខាន់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ។ ក្រៅ​ពី​នេះ លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បន្ត​ថា លោក និង​លោក ស សុខា ក៏​បាន​ជជែក​លើ​បញ្ហា​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​គោរព​សិទ្ធិមនុស្ស។ ទាក់ទិន​នឹង​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៣ ខែ​មករា។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​បង្ហោះ​សារ​លើ​គេហទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ក្រសួង​ថា ឯកអគ្គរដ្ឋទូត​អាមេរិក និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ពិភាក្សា​អំពី​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​បទល្មើស​គ្រប់​ទម្រង់ រួម​ទាំង​បទល្មើស​គ្រឿងញៀន បទល្មើស​ពាក់ព័ន្ធ​អនីតិជន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ ទោះជា​យ៉ាងណា ក្រសួង​មហាផ្ទៃ​មិន​បាន​បង្ហាញ​ពី​ការ​ការ​ជជែក​រឿង​ការ​គោរព​សិទ្ធិមនុស្ស​ដូច​ការ​លើកឡើង​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ឡើយ។ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ មករា ថា ប្រសិនបើ​កម្ពុជា​នៅតែ​មិន​ដោះស្រាយ​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ជួញដូរ​មនុស្ស​ទេ នោះ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ។ លោក ប៉ោ មករា៖ «ការ​ដែល​រំលោភសិទ្ធិ​មនុស្ស​គឺ​វា​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាលដែល​វា​មាន​បញ្ហា​ទាំងអស់​ហ្នឹង​ឡើង​វា​មិន​មាន​ការ​ធានា​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូន​គ្រប់​មជ្ឈដ្ឋាន»។ កាលពី​ថ្ងៃទី​១១ ខែ​មករា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch ) បាន​ចេញ​របាយការណ៍​ពិភពលោក​ប្រចាំឆ្នាំ​២០២៤ បង្ហាញ​ថា កម្ពុជា​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី ប៉ុន្តែ​មិន​បាន​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​ដែល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ​។ របាយការណ៍​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣មក ទោះបីជា​កម្ពុជា​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី គឺ លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​គឺ​លោក ហ៊ុន សែន ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​យាយី​លើ​អ្នក​រិះគន់ រារាំង​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្រើ​អំពើ​ហិង្សា​ចាប់ចង​អ្នក​រិះគន់​ឥត​ស្រាកស្រាន្ត​ដដែល។ ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ម្ដង​ហើយ​ម្ដងទៀត​បែប​នេះ គឺ​ដោយសារ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មិនទាន់​ឆ្លើយតប​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន។ លោក នី សុខា៖ «ទី​២​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្ដេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការអនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឱ្យ​បាន​ត្រឹមត្រូវ​បង្ក​លក្ខណៈ​ធ្វើ​យ៉ាង​សម្រុះសម្រួល​ធ្វើ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​វិវាទ​នយោបាយ​ការ​ប្រទូស្តប្រទាំង​នយោបាយ​ឱ្យ​វា​មាន​ភាព​ស្រុះស្រួល​គ្នា​ដើម្បី​ងាក​មក​រៀបចំ​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​ភាព​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​អាហ្នឹង​ត្រូវតែ​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវតែ​យកចិត្តទុកដាក់​ដោះស្រាយ»។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​យល់​ឃើញ​ថា កម្ពុជា​គួរតែ​បើក​លំហ​សិទ្ធិ​សេរីភាព និង​ទប់ស្កាត់​លំហូរ​ជនជាតិ​បរទេស​ដែល​មក​រក​ស៊ី​ខុសច្បាប់​នៅ​កម្ពុជា​ជាពិសេស​គឺ​ការ​ជួញដូរ​មនុស្ស ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​កម្ពុជា​បាក់​មុខ​មាត់ និង​បាត់បង់​ប្រាក់ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍៕

website_news/20240115_01.txt · Last modified: 2024/01/15 13:32 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki