website_news:20240115_02

https://kbn.news/archives/310380 ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃចុះផ្សាយថា សមត្ថកិច្ចថៃបានចាប់ខ្លួនឈ្មួញជួញដូរមនុស្សទៅលក់នៅ ប្រទេសជិតខាង ។ ឈ្មួញរូបនេះបានលួងលោមស្ត្រីថៃជាច្រើននាក់ទៅធ្វើការនៅប្រទេសជិតខាង ហើយបើនារីណាមានមុខមាត់ស្អាតបាត គេនឹងបញ្ជូននាងឱ្យទទួលភ្ញៀវ ។ ស្ត្រីថៃដែលត្រូវបានគេជួញដូរទាំងនេះត្រូវតែទទួលភ្ញៀវយ៉ាងហោចណាស់ ២៥នាក់ ទើបនាងអាចត្រឡប់ មកប្រទេសថៃវិញបាន។ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសឈ្មោះ ម៉ៃណុកផាដូន ឌីអ៊ីន អាយុ៣៦ឆ្នាំ គឺជាឈ្មួញជួញដូរមនុស្សនៅតំបន់ លាតប្រាវ ទីក្រុងបាងកក ក្រោយពីសមត្ថកិច្ចទទួលបានរបាយការណ៍ពីភ្នាក់ងារសម្ងាត់ ។ ជនល្មើស ម៉ៃណុកផាដូន គឺជាជំនួយការរបស់ បុរសតៃវ៉ាន់ឈ្មោះ អាលៀង ដែលជាប្រធានក្រុម Call Center ។ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសនៅក្នុងខុនដូមួយកន្លែង ព្រមទាំង រឹបអូសវត្ថុតាង ដូចជា ៖ កាំភ្លើ.ងជាច្រើនដើម, ថ្នាំញៀន និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត។ ស្ត្រីថៃម្នាក់បានរត់គេចពីឈ្មួញ ជួញដូរមនុស្ស និងប្រាប់សមត្ថកិច្ចថា ក្រុម Call Center បានលួងលោមស្ត្រីថៃដែលគ្មានការងារធ្វើឱ្យទៅធ្វើការនៅប្រទេសជិតខាង ហើយបើអ្នកណាមានមុខមាត់ស្អាតបាត គេនឹងបញ្ជូននាងឱ្យទៅដេកជាមួយទទួលភ្ញៀវ។ ស្ត្រីរូបនេះបន្តថា ខ្លួននាងបានចាញ់បោកពួកគេ ហើយនាងបានរស់នៅប្រទេសជិតខាងអស់ជាច្រើនខែ។ បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ការិយាល័យ Call Center ស្ថិតនៅក្នុងអគារ ចំនួន៨ជាន់ ។ រីឯជនជាតិថៃដែលជិតស្និទ្ធជាមួយបុរសតៃវ៉ាន់ឈ្មោះ អាលៀង ដែលជាប្រធានក្រុម Call Center គឺជនល្មើសឈ្មោះ ម៉ៃណុកផាដូន ។ ជនល្មើសជាអ្នកប្រចាំការនៅប្រទេសថៃ និងមានតួនាទីស្វែងរកមនុស្សទៅធ្វើការនៅប្រទេសជិតខាង ក្នុងនោះគេបាន ស្វែងរកអ្នកគ្មានការងារធ្វើ តាមរយៈការជជែកក្នុងហ្វេសប៊ុក និងតិកតុក ។ សេចក្តីរាយការណ៍បញ្ជាក់ថា ជនល្មើស ម៉ៃណុកផាដូន បានព្យាយាមលោងលោមស្ត្រីថៃជាច្រើនរូប ហើយចុងក្រោយនេះ គេបានលួងលោមស្ត្រីថៃចំនួន២រូបទៀត បន្ទាប់មករូបគេក៏បង្ខំពួកនាងឱ្យ ប្រើប្រាស់ថ្នាំញៀន។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជនល្មើសត្រៀមបញ្ជូននារី២រូបចុងក្រោយនេះទៅប្រទេសជិតខាង ប៉ុន្តែត្រូវបាន សមត្ថកិច្ចចាប់ខ្លួនមុន គឺចាប់ខ្លួននៅថ្ងៃទី១៣ ខែមករា។ ស្ត្រីជនរងគ្រោះម្នាក់បានចង្អុលទៅកាន់ជនល្មើស និងប្រាប់ថា ជននេះហើយដែល បាននាំនាងទៅធ្វើការនៅប្រទេសជិតខាង ។ ស្ត្រីជនរងគ្រោះប្រាប់ថា ៖ «ពេលដំបូង គាត់បានបបួលខ្ញុំទៅធ្វើការនៅក្រៅប្រទេស ហើយខ្ញុំបានឃើញគាត់កាន់កាំភ្លើងតាមខ្លួន ទើបខ្ញុំភ័យខ្លាចតែម្តង»។ ចំណែកជនល្មើស ម៉ៃណុកផាដូន និយាយថា មូលហេតុដែលខ្លួន ប្រកបមុខរបរនេះ ដោយសារខ្លួនធ្លាប់ឃើញសង្សារមានទំនាក់ទំនងស្នេហាជាមួយឪពុកចិញ្ចឹម ទើបខ្លួនបែកអារម្មណ៍ និងព្យាយាម ចងកសម្លាប់ខ្លួននៅលើដើមស្វាយ។ ប៉ុន្តែមិនស្លាប់ ដោយសារមានចោរមកលួចបេះស្វាយក្នុងពេលនោះ ។ ក្រោយមក ខ្លួនក៏ប្រកបមុខ របរជាក្រុម Call Center ជាមួយបុរសតៃវ៉ាន់នៅប្រទេសកម្ពុជា អស់រយៈពេលជាង៣ឆ្នាំ ដោយខ្លួនមានតួនាទីរកមនុស្សទៅធ្វើការនៅ ទីក្រុងប៉ោយប៉ែត។ ជនល្មើសបញ្ជាក់ថា បើខ្លួនអាចរកបានមនុស្សម្នាក់ទៅធ្វើការនៅក្រៅប្រទេស ខ្លួននឹងទទួលបានថ្លៃឈ្នួលពីថៅកែតៃវ៉ាន់ ចំនួន៥.០០០បាត។ ជនល្មើសនិយាយបណ្តើរយំបណ្តើរថា ៖ «សូមទោស ដែលខ្ញុំធ្វើបែបនេះ បើខ្ញុំមិនធ្វើទេ ខ្ញុំខ្លាចស្លាប់។ ថៅកែនិយាយ ថា បើខ្ញុំមិនធ្វើការងារនេះទេ គាត់នឹងចាប់បងប្អូនខ្ញុំទាំងអស់»។ ចុងក្រោយ សមត្ថកិច្ចបានចោទប្រកាន់ជនល្មើសចំនួន៦ករណី រួមមាន ៖ ១-ជួញដូរមនុស្ស ២-បង្ខំឱ្យប្រើប្រាស់កម្លាំងពលកម្ម ៣-គំរាមកំហែងអ្នកដទៃ ៤-ឃុំឃាំងអ្នកដទៃ ៥-បានរួមចំណែកជាមួយក្រុមឈ្មួញជួញដូរមនុស្សឆ្លងប្រទេស ៦-ប្រើប្រាស់ថ្នាំញៀន និងកាំភ្លើង ៕

website_news/20240115_02.txt · Last modified: 2024/01/15 14:02 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki