website_news:20240116_01

https://www.btv.com.kh/article/38779 រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បាន​ស្នើ​ដល់​កម្ពុ​ជា​ឲ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការទ្វេភាគីជាមួយខ្លួនបន្ថែមទៀត លើវិស័យការពារជាតិ និងក្រសួងមហាផ្ទៃ និង​សំណូមពរ​ដល់អាជ្ញាធរកម្ពុជាឲ្យជួយការពារ និងទប់ស្កាត់​ផល​ប៉ះពាល់​ដល់​ប្រជាជន​ខ្លួន​ដែល​មក​កម្ពុជា​ផង​ដែរ។ នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទីនៃកម្ពុជា នាល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ​នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកស្រីបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បាន​លើក​សំណើ​ដោយ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​​សន្ទនា​លើ​ការងារ​សន្ដិសុខ និងប្រឆាំងបទឧក្រិដ្ឋនានា ដោយសហការផ្ទាល់ជាមួយកម្ពុជា និង​សំណូមព​រឲ្យមានកិច្ចសហការត្រង់​ជាមួយ​ក្រសួងជំនាញនីមួយៗ របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដូចជា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម ព្រមទាំង​បង្កើន​នូវ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នាដើ​ម្បីពន្លឿនកិច្ចសហប្រតិបត្តិការ លើវិស័យទាំងនេះ។ ជាមួយគ្នានោះដែរលោកស្រីឯកអគ្គរដ្ឋទូតក៏បានសំណូមពរដល់​រាជរដ្ឋាភិបាល​កម្ពុជា​ជួយសម្រួលដល់​ការងារ​ទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្ស ដែលបានមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌា ក៏​ដូច​ជា​ការងារអន្ដោប្រវេសន៍ សំដៅជួយសម្រួលដល់អ្នកទេសចរ និងធុរកិច្ចជនឥណ្ឌា ដែល​មក​ដើរ​កម្សាន្ដ និងបំពេញការងារនៅប្រទេសកម្ពុជាផងដែរ។ នៅក្នុងកិច្ចជំនួបនោះ​ដែរលោកស្រីដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ក៏បាន​​កោត​សរសើរ​ចំពោះ​សមិទ្ធ​ផល​រយៈពេល​ជាង៤ខែ របស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដែល​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកស្រី​ក៏បានបង្ហាញជំហរដោយចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពោល​មាន​ទាំង​វប្បធម៌, អរិយធម៌ស្រដៀងគ្នាផងដែរ។ តាមរយៈនេះឥណ្ឌា បានចាត់ទុកកម្ពុជា ជាដៃ​គូ​សហ​ប្រតិបត្តិការដ៏មានទំនុកចិត្តមួយផងដែរ។ក្នុងឱកាសនៃកិច្ចជំនួបនោះដែរ លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​ក៏បានបង្ហាញអំពីគោលជំហរ​របស់រដ្ឋាភិបាល​ឥណ្ឌា ក្នុងការជួយ​កម្ពុ​ជា​លើ​វិស័យ​ឌីជីថល​ព័ត៌​មានវិទ្យា ខណៈប្រទេសឥណ្ឌា មានការរីកចម្រើន និងនាំមុខលើវិស័យមួយនេះ។ ថ្លែងនៅក្នុងកិច្ច​ជំនួបនោះដែរ ឯកឧត្តម នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទី ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា ជាមួយ​ប្រទេស​កម្ពុជានាពេលកន្លងមក ដែល​ក្នុង​នោះ ឥណ្ឌាបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ ពិសេសលើការងារសន្ដិសុខ ការពារ​ជាតិ និងបណ្ដុះ​បណ្ដាលផងដែរ។ ឯកឧត្តមបានចាត់ទុកថាកម្ពុជា និងឥណ្ឌាប្រៀបដូចជាបងប្អូន និង​មិត្តភ័ក្រដ៏ល្អដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា៕

website_news/20240116_01.txt · Last modified: 2024/01/17 10:23 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki