website_news:20240116_03

https://go.kspg.co/tg/1867500 https://www.kampucheathmey.com/local-news/643173 រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤​នេះ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​របស់​នាយកដ្ឋាន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​បន្ទប់​មួយ ជាន់​ទី​២៦ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​ជាទី​តាំងរបស់​ប្តី​ប្រពន្ធ​ជនជាតិ​បង់​ក្លា​ដេ​ស ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ឆ្លង​ដែន​ខុសច្បាប់ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចង្អុលបង្ហាញ​ពី​ថា្ន​ក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ព្រមទាំង​ឧត្តមសេនីយ៍ឯក អគ្គនាយក​អន្តោប្រវេសន៍ ។ កម្លាំង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា បាន​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​បន្ទប់​ខាងលើ​នេះ ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​អន្តរ​គម​ន៍​ឲ្យ​ជួយ​សង្គ្រោះ​ពី​ជនជាតិ​បង់​ក្លា​ដេ​ស តាម​រយៈ​ប្រព័ន្ធ Hotline កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ ។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ នាយកដ្ឋាន​ទាំង​ពីរ បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន ៥៨​នាក់ ចំនួន​២​ទីតាំង ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​ជនបរទេស ៥៦​នាក់ ជា​ជន​រង​គ្រោះ និង​ជនបរទេស​បង់​កា្ល​ដេ​ស ២​នាក់ សង្ស័យ​ជា​មេខ្លោង ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ឆ្លង​ដែន​ខុសច្បាប់ ។ ជនបរទេស​ដែល​ជា​ជន​រង​គ្រោះ ៥៦​នាក់​នោះ មាន​៣​សញ្ជាតិ (​បង់​ក្លា​ដេ​ស ៥១​នាក់​, ឥណ្ឌា ៤​នាក់ និង​ស្រី​លង្កា ១​នាក់​) ដោយ​ត្រូវ​បាន​មេ​ខ្ស​ល់​អូស​ទាញ​មក​កម្ពុជា ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដោយឡែក​សម្រាប់​អ្នក​មិន​ចេះ​អង់គ្លេស និង​កុំព្យូទ័រ ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ។ បច្ចុប្បន្ន​ជនបរទេស ដែល​រង​គ្រោះ​ទាំង ៥៦​នាក់ បាន​ប្រគល់​ឱ្យ​អង្គការ​ការី​តាស​កម្ពុជា​-​ខេត្តកណ្តាល ដោយឡែក​ជនជាតិ​បង់​ក្លា​ដេ​ស ២​នាក់ ដែល​សង្ស័យ​ជា​មេខ្លោង ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ឆ្លង​ដែន​ខុសច្បាប់ ដោយ​មាន​គោលដៅ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕

website_news/20240116_03.txt · Last modified: 2024/01/17 11:47 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki