website_news:20240117_01

https://dap-news.com/?p=386871 ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ានពិគ្រោះយោបល់លើកទី២ អំពីគោលការណ៍ណែនាំ អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សិក្ខាសាលានេះ​ មានការចូលរួមជាអធិបតីដោយ លោក​គួច សុមាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកហេង សួរ រដ្ឋមន្រ្តីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមសរុបប្រមាណ ៨០នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដែលជាតំណាងគណៈកម្មការ​អាស៊ានសម្រាប់អនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW), សមាគមសន្តិសុខ​សង្គម​អាស៊ាន (ASSA), តំណាងនិយោជក, តំណាងកម្មករនិយោជិត និងអង្គការសង្គមស៊ីវិល នៃរដ្ឋសមាជិកអាស៊ាន, សហព័ន្ធនិយោជកអាស៊ាន (ACE), ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC), លេខាធិការដ្ឋានអាស៊ាន (ASEC), អង្គការអន្តរជាតិខាងការងារ ILO និងប្រទេសទីម័រខាងកើត​ដែលបានចូលរួមជាអ្នកសង្កេតការណ៍។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បី (១) ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង​គោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ និង (២) ឯកភាពលើសេចក្តី​ព្រាងចុងក្រោយនៃគោលការណ៍ណែនាំអាស៊ាន សម្រាប់ការពិគ្រោះយោបល់ និងការអនុម័តចុងក្រោយ ដោយគណៈកម្មការអាស៊ានលើការ​អនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW)។ ជាលទ្ធផល អង្គសិក្ខាសាលាបានពិភាក្សា និងផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយទៅលើសេចក្តីព្រាងគោលការណ៍ណែនាំនេះ។ តំណាងពីស្ថាប័ននៃ​រដ្ឋ​សមាជិកអាស៊ាន បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានរៀបចំសិក្ខាសាលាលើកទី២ នៅខេត្តសៀមរាប និងការទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅ​ដល់គណៈប្រតិភូអាស៊ាន និងអ្នកចូលរួមទាំងអស់ ជាពិសេស គណៈប្រតិភូអាស៊ាន រួមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានកោតសរសើរដល់កម្ពុជា ដែលមានគំនិតផ្តួចផ្តើមរៀបចំឱ្យមានការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម​សម្រាប់ពលករទេសន្តរ​ប្រវេសក៍ក្នុងតំបន់អាស៊ាន។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍កម្ពុជា​ដែល​ធ្វើការ​នៅបរទេស ក៏ដូចជាពលករបរទេសដែលធ្វើការដោយស្របច្បាប់នៅកម្ពុជា។ ការបង្កើតគោលការណ៍ណែនាំអាស៊ាន ជាមួយនឹង​សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន នេះគឺជាគំនិតផ្តួចផ្តើម​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ គោលការណ៍នេះនឹងដើរតួជាឯកសារ​មូលដ្ឋាន​ដ៏មានសារៈសំខាន់ ក្នុងការឈានទៅសម្រេចបាននូវចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់​អាស៊ាន បន្ទាប់ពីប្រមុខរដ្ឋអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករ​ទេសន្តរប្រវេសក៍អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕

website_news/20240117_01.txt · Last modified: 2024/01/17 10:41 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki