website_news:20240117_03

https://go.kspg.co/tg/1867735 ទី​ក្រុង​បាងកក៖ ​ថ្មី​ៗ​នេះ សមត្ថ​កិច្ច​ថៃ​​ចាប់​ខ្លួន​នារី​ម្នាក់​​ពាក់​ព័ន្ធ​នឹង​ការ​​​ «​​ព​ពោះ​​ជំនួស​» ​ដែល​ប្រទេស​ថៃ​ចាត់​ទុក​ជា​អំពើ​ខុស​ច្បាប់​​​។ ​​​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ពេល​នារី​ជា​ជន​សង្ស័យ​វិល​ត្រឡប់​ពី​ប្រទេស​ដទៃ​​ចូល​ទៅ​ក្នុង​​ប្រទេស​ថៃ​វិញ​។ នៅ​ពេល​ទៅ​ដល់​អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ​នៃ​ទី​ក្រុង​បាងកក សមត្ថ​កិច្ច​​ក៏​ចាប់​ខ្លួន​នារី​នោះ​ព្រឹប​តែ​ម្ដង​​ដោយ​មិន​ឱ្យ​ដឹង​ខ្លួន​​ជា​មុន​។ គួរ​កត់​សម្គាល់​ថា​​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​បង្ក្រាប​សម្បុក​​​​ខ្សែ​បណ្ដាញ​រក​ស៊ី​ពពោះ​ជំនួស​​នៅ​ខេត្ត​ណង​ខៃ (Nong Khai) ​កាល​​ពី​ខែ​ឧសភា ឆ្នាំ​២០២៣​។ សមត្ថ​កិច្ច​ស៊ើប​ដឹង​ថា​បណ្ដាញ​នេះ​ដើរ​ទាក់​ទង​នារី​ៗ​​ជន​ជាតិ​ថៃ​ដើម្បី​ឱ្យ​ពួក​គេ​ព​ពោះ​គភ៌​របស់​ជន​ជាតិ​បរទេស​​។ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​នោះ​ នាយក​ដ្ឋាន​ស៊ើប​អង្កេត​ពិសេស​របស់​ថៃ​​​ជួយ​សង្គ្រោះ​​កុមារា​ម្នាក់​ឈ្មោះ​ថេន​ថៃ​ (Taenthai) ដែល​គេ​ជឿ​ជាក់​ថា​គាត់​ជា​កូន​​បាន​មក​ពី​ការ​ស៊ី​ឈ្នួល​ព​ពោះ​ជំនួស​។ ក្រោយ​ពេល​សង្គ្រោះ​កុមារា​រូប​នេះ​មិន​យូរ​ប៉ុន្មាន​​នៅ​ខែ​កញ្ញា ឆ្នាំ​២០២៣​ សមត្ថ​កិច្ច​​ជួយ​សង្គ្រោះ​​កុមារ​៦​នាក់​ទៀត​​ដែល​​គេ​ត្រៀម​ដឹក​យក​ទៅ​ប្រទេស​ចិន​​ (ដើម្បី​យក​ទៅ​ឱ្យ​ម្ដាយ​ឪពុក​បង្កើត​របស់​ពួក​គេ​ដែល​ជួល​នារី​ជន​ជាតិ​ថៃ​​ព​ពោះ​ជំនួស​ពួក​គេ​​)​។ ​នៅ​ខែ​កញ្ញា​ដដែល​នោះ សមត្ថ​កិច្ច​ឆ្មក់​ចូល​គ្លីនិក​បី​កន្លែង​នៅ​ទី​ក្រុង​បាងកក​ដែល​​ចូល​ដៃ​ជា​មួយ​បណ្ដាញ​ខុស​ច្បាប់​​ខាង​លើ​​​​ដើម្បី​ជួយ​សម្រួល​ការ​ពពោះ​ជំនួស​​ (ជា​ធម្មតា ការ​ព​ពោះ​ជំនួស​ត្រូវ​ការ​អ្នក​ជំនាញ​​​បច្ចេក​ទេស​​ខាង​សុខា​ភិបាល​ និង​សម្ភព​​)។ កាល​នោះ​សមត្ថ​កិច្ច​រឹប​អូស​បាន​​ឯក​សារ​​​បញ្ជាក់​ពី​ការ​ព​ពោះ​ ហើយ​តម្កល់​ទុក​ជា​ភស្តុ​តាង​សម្រាប់​ដាក់​បន្ទុក​។​ ក្រោយ​មក​ តុលាការ​​​ចេញ​ដីកា​ចាប់​ខ្លួន​នារី​ជន​ជាតិ​ថៃ​ឈ្មោះ​សៃ​ហ្វុន (Saifon) ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ពពោះ​កំណើត​ទារក​ឈ្មោះ​ថេន​ថៃ​។ ប៉ុន្តែ​នារី​នោះ​រក​វិធី​គេ​ច​ខ្លួន​បាន​សម្រេច​ និង​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​។ ​ទោះ​ជា​បែប​នេះ​ក្ដី ​សមត្ថ​កិច្ច​បន្ត​ស៊ើប​អង្កេត​​​ដឹង​ថា​សៃហ្វុន​​​​ទិញ​សំបុត្រ​យន្ត​ហោះ​ប្រុង​​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​​នៅ​ថ្ងៃ​ទី​១៣​ ខែ​មក​រា​។​ ​គេ​ធ្លាប់​ឮ​កុក​ភ្លេច​ជុង​ ប៉ុន្តែ​នេះ​មិន​មែន​ភ្លេច​ទេ​គឺ​ដើរ​ទៅ​ជាប់​ជុង​តែ​ម្ដង​ព្រោះ​កន្លង​ផុត​ទៅ​ទើប​តែ​បាន​​ប៉ុន្មាន​ខែ​មិន​អាច​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​តាម​ចាប់​ខ្លួន​បែរ​ជា​ឆាប់​ភ្លេច​ត្រចៀក​ដល់​ថ្នាក់​ហ្នឹង​ទេ​។​ ទំនង​ជា​​​នារី​រូប​នោះ​មើល​ស្រាល​ស្ថាន​ការណ៍​ អាង​ថា​មិន​អី​ៗ​។​ ​បន្ទាប់​ពី​​ទទួល​ដំណឹង​នេះ សមត្ថ​កិច្ច​​​​​ចាប់ខ្លួន​នារី​ឈ្មោះ​សៃ​ហ្វុន​​​។ ​​​នៅ​ក្នុង​ករណី​នារី​ឈ្មោះ​សៃ​ហ្វុន​, គេ​មិន​ទាន់​ដឹង​គោល​បំណង​ពិត​ប្រាកដ​​​នៃ​ការ​​ពពោះ​ទេ​។ ​ជា​ទូទៅ​, ជន​ជាតិ​​​បរទេស​​​ជួល​នារី​ដទៃ​​​ឱ្យ​​ព​ពោះ​ជំនួស​ខ្លួន​ព្រោះ​ពួក​គេ​ចង់​បាន​កូន​​​ស្នង​វង្ស​ត្រកូល​​​។ ប៉ុន្តែ​មាន​រឿង​រ៉ាវ​អាថ៌​កំបាំង​ដែល​អាក្រក់​ជាង​នេះ​​។ អ្នក​ខ្លះ​ជួល​គេ​​ព​ពោះ​ជំនួស​ដើម្បី​បាន​កូន​ ហើយ​យក​កូន​នោះ​​​ទៅ​​វះ​​កាត់​យក​​​គ្រឿង​ក្នុង​​​ដាក់​ចូល​​ក្នុង​សរីរៈ​រាង​កាយ​របស់​ពួកគេ ឬ​សាច់​ញាតិ​របស់​ពួក​គេ​ដែល​ត្រូវ​ការ​ដូរ​គ្រឿង​ក្នុង​។ ធម្ម​តា​អ្នក​ដែល​មាន​ហ្សែន​ដូច​គ្នា​នៅ​ពេល​ដូរ​គ្រឿង​ក្នុង​​ងាយ​ស្រួល​ស្គាល់​គ្នា​ មិន​ប្រឆាំង​គ្នា​។ ​​សមត្ថ​កិច្ច​រក​ឃើញ​ថា​​​អ្នក​ខ្លះ​​​​​រៀប​ចំ​​​បណ្ដាញ​ពពោះ​ជំនួស​​ដើម្បី​​វះ​កាត់​គ្រឿង​ក្នុង​ជា​លក្ខណៈ​ធ្វើ​អាជីវ​កម្ម​ជួញ​ដូរ​សរី​រៈ​រាង​កាយ​របស់​មនុស្ស​​។​​​ យោង​តាម​ច្បាប់​របស់​ប្រទេស​ថៃ នារី​ដែល​​​ស៊ី​ឈ្នួល​​ព​ពោះ​ជំនួស​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​មាន​សមត្ថ​កិច្ច​ (ទោះ​បី​សាមី​ខ្លួន​ស្ម័គ្រ​ចិត្ត​ពពោះ​ក៏​ដោយ​) អាច​ជាប់​ពន្ធ​នារគារ​៦​ខែ​, ​ជាប់​ពិន័យ​​ជា​ប្រាក់​១​ម៉ឺន​បាត ឬ​អាច​បង់​ប្រាក់​ផង​ ជាប់​ពន្ធ​នា​គារ​ផង​។​ ​​​អ្នក​​ពាក់​ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​​​​អាច​ជាប់​ពន្ធ​នាគារ​ដប់​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​​ពីរ​​​សែន​បាត​ជា​​ទោស​អតិ​បរមា​។ នៅ​ក្នុង​ករណី​ស្រដៀង​គ្នា​នៅ​ប្រទេស​ថៃ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៣​ នារី​ជន​ជាតិ​ចិន​ម្នាក់​ប្រើ​ល្បិច​រៀប​ការ​ក្លែង​ក្លាយ​ជា​មួយ​បុរស​ជន​ជាតិ​ថៃ​ដើម្បី​​ទទួល​បាន​សញ្ជាតិ​ថៃ​។ នារី​នោះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​នឹង​ការ​​បង្កើត​បណ្ដាញ​​​​ព​ពោះ​ជំនួស, ​ក្លែង​បន្លំ​អត្ត​សញ្ញាណ​អ្នក​ដទៃ​ និង​រត់​ពន្ធ​មនុស្ស​។ ពួក​​ជន​ជាតិ​ចិន​​ច្រើន​ប្រើ​វិធី​ព​ពោះ​ជំនួស​ដើម្បី​​បាន​បន្ត​រស់​នៅ​លើ​ទឹក​ដី​ថៃ​ និង​ជួយ​ឱ្យ​​ពួក​គេ​ និង​កូន​របស់​ពួក​គេ​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​​គ្រប់​គ្រង​មុខ​ជំនួញ​​​នៅ​លើ​ទឹក​ដី​ថៃ​​​៕ នារី​ជន​ជាតិ​ថៃ​ឈ្មោះ​សៃហ្វុន​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​ នារី​ជន​ជាតិ​ចិន​ដែល​រៀប​ការ​ប្ដី​ក្លែង​ក្លាយ​ដើម្បី​បាន​សញ្ជាតិ​ថៃ និង​បើក​ខ្សែ​បណ្ដាញ​ពពោះ​ជំនួស​ https://thethaiger.com/news/national/thai-woman-arrested-for-illegal-surrogacy-on-her-return-from-china

website_news/20240117_03.txt · Last modified: 2024/01/17 15:47 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki