website_news:20240117_04

https://kbn.news/archives/310620 ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចប្រចាំការិយាល័យស៊ើបអង្កេតកណ្តាលប្រទេសថៃ បានដឹកនាំកងកម្លាំងចាប់ខ្លួនបុរសអ្នកបើកបររថយន្តម្នាក់ ដែលបើករថយន្តដឹកជនជាតិចិនចូលមករស់នៅ និងធ្វើការងារខុសច្បាប់នៅប្រទេសថៃ ចំនួន៥នាក់ ។ បុរសអ្នកបើកបររថយន្តនេះឈ្មោះ ឈុលឡាថាន អាយុ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទលាក់បាំង ឬជួយជនជាតិចិនខុសច្បាប់ឱ្យរួចផុតពីការចាប់ខ្លួនរបស់សមត្ថកិច្ច ។ សមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបររថយន្ត និងជនជាតិចិនចំនួន៥នាក់ នៅបរិវេណផ្លូវសាយតាក-សុខោទ័យ ស្ថិតក្នុងឃុំណាមរឹម ស្រុកមឿង ខេត្តតាក ក្រោយពីសមត្ថកិច្ចទទួលបន្ទុកផ្លូវគោកបានត្រួតពិនិត្យរថយន្តនានាដែលបើកបរនៅតាមផ្លូវ ហើយប្រទះឃើញរថយន្តតូច១គ្រឿងគួរឱ្យសង្ស័យ ដែលដាក់ស្លាកឈៀងរ៉ាយ ។ រថយន្តនេះបានបើកបរក្នុងល្បឿនលឿន ហើយមើលទៅ ដូចជាដឹកអ្វីខុសប្រក្រតី ។ ហេតុនេះ សមត្ថកិច្ចក៏បានបើករថយន្តដេញតាម ដើម្បីឱ្យរថយន្តនេះឈប់ ។តាមរយៈការត្រួតពិនិត្យក្នុងរថយន្តខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន៥នាក់ជិះក្នុងរថយន្ត ហើយពួកគេគ្មានលិខិតឆ្លងដែន ឬឯកសារសម្គាល់ខ្លួនទេ ។ ហេតុនេះ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេជាជនបរទេសចូលមករស់នៅប្រទេសថៃដោយគ្មានការអនុញ្ញាត ។ បុរសអ្នកបើកបររថយន្តឈ្មោះ ឈុលឡាថាន សារភាពប្រាប់សមត្ថកិច្ចថា មានស្ត្រីម្នាក់បានជួលឱ្យខ្លួនទៅទទួលជនជាតិចិនទាំង៥នាក់ នៅបរិវេណខាងមុខស្ថានីយចាក់ប្រេងមួយកន្លែងក្នុងស្រុកមឿង ខេត្តតាក ។ ស្ត្រីម្នាក់នេះនឹងផ្តល់ប្រាក់ឱ្យខ្លួនចំនួន១ម៉ឺនបាត សម្រាប់ការដឹកជនបរទេស១លើក ហើយខ្លួនបានដឹកជនបរទេសជាង១០លើកហើយ ។ រីឯជនជាតិចិនទាំង៥នាក់វិញ សមត្ថកិច្ចបានរកឃើញសៀវភៅកក់ត្រា និងទូរស័ព្ទដៃមិនដាក់ស៊ីមកាត ចំនួនជាង២០គ្រឿង ។ ក្រោយពីបានសួរចម្លើយជនជាតិចិនតាមរយៈអ្នកបកប្រែ សមត្ថកិច្ចឱ្យដឹងថា ពួកគេអាចជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងតាមអនឡាញ ឬក្រុម Call Center ។ បច្ចុប្បន្ន ពួកគេកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរបស់សមត្ថកិច្ច ។ សមត្ថកិច្ចបានបញ្ជូនភស្តុតាង គឺទូរស័ព្ទដៃ ទៅឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីធ្វើការត្រួតពិនិត្យ ព្រមទាំងបញ្ជូនខ្លួនជនសង្ស័យទាំងអស់ទៅកាន់ភ្នាក់ងារស៊ើបអង្កេតប្រចាំស្ថានីយប៉ូលិសខេត្តតាក ឱ្យចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ៕

website_news/20240117_04.txt · Last modified: 2024/01/17 15:58 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki