website_news:20240118_02

https://www.hotnews-asia.com/detail/256611 ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។​ ជាកិច្ចចាប់ផ្តើមលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) បានសម្តែងនូវការអបអសាទរជូនចំពោះនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ។ ជាមួយគ្នានោះ លោកស្រីក៏បានលើកឡើងពីកិច្ចការងារបន្តពង្រឹងកិច្ចសហប្រតិបត្តការលើកការធានា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់​ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងជំនួបក៏បានជម្រាបជូន លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ពីកិច្ចខិតខំប្រឹង​ប្រែង​របស់នគរបាលជាតិកម្ពុជា ដែលជាសេនាធិការផ្ទាល់របស់ក្រសួងមហាផ្ទៃ ក្នុងការប្រឆាំងទប់ស្កាត់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសមានការចាត់តាំង ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។ ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសំណូមពរភាគីឥណ្ឌាពីលទ្ធភាពក្នុងការបង្កើតយន្តការទំនាក់ទំនង​ផ្តល់ព័ត៌មាន​ទៅវិញទៅមក ពាក់ព័ន្ធមុខសញ្ញាសង្ស័យ ឬខ្សែរយៈបណ្តាញឲ្យបានទាន់ពលវេលា និងច្បាស់លាស់ដើម្បីធានាដល់ការចាត់វិធានការបង្ក្រាប​មាន​ប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យមានការលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលជាតិ​កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍បញ្ជូនទៅបណ្តុះបណ្តាលលើមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោក​តាមប្រព័ន្ធ​អនឡាញ។ លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ​អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អ ជាមួយតំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពល​រដ្ឋឥណ្ឌា ដែលរងគ្រោះដោយអំពើឆបោកជាច្រើននាក់ក្នុងពេលកន្លងមក ជាពិសេសលោកស្រីក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានចំណុះ ដែលបានជួយសម្រួលដល់ពលរដ្ឋឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញដោយ​គ្មានការផាកពិន័យ ពាក់ព័ន្ធនិងការស្នាក់នៅលើសទិដ្ឋការ។ លោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា សន្យានិងនាំនូវរាល់សំណូមពរពាក់ព័ន្ធការបណ្តុះបណ្តាលកសាងធនធានមនុស្ស លើបច្ចេកវិទ្យា​ទៅឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ ពិចារណាផ្តល់អាហារូបករណ៍ដល់នគរបាលជាតិកម្ពុជា៕

website_news/20240118_02.txt · Last modified: 2024/01/22 12:35 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki