website_news:20240119_01

https://www.kampucheathmey.com/global-news/644893 អាជ្ញាធរសិង្ហបុរីកំពុងស្វែងរកជនសង្ស័យពីរនាក់ទៀត ដែលពាក់ព័ន្ធនឹង ករណីលាងលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ក្រុមទុចរិត ដែលត្រូវបានរក​ឃើញកាលពីឆ្នាំមុន ។ ហើយទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស និងបង្កកទាក់ទិននឹងករណីលាងលុយនេះបានកើនឡើងដល់ជាង ៣ពាន់លាន​ដុល្លារសិង្ហបុរី (២.២ ពាន់លានដុល្លារអាមេរិក)។ ថ្ងៃសុក្រ ទី១៩ ខែមករា នេះសមត្ថកិច្ចសិង្ហបុរីបាននិយាយថា ដីកាចាប់ខ្លួន និងលិខិតក្រហម (Interpol Red Notices) បានបង្ហាញអំពីបុរសដើមកំណើតចិន មានសញ្ជាតិខ្មែរ ពីររូប ឈ្មោះ Su Yongcan អាយុ ៣៣ ឆ្នាំ និង Wang Huoqiang អាយុ ២៩ ឆ្នាំ បានជាប់ពាក់ព័ន្ធពីបទល្មើសលាងលុយកខ្វក់ ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុរសទាំងពីរនាក់ខាងលើនេះ បានចាកចេញពីសិង្ហបុរី មុនពេលប៉ូលិសចាប់ផ្ដើមប្រតិបត្តិការបង្ក្រាបបទល្មើសលាងលុយ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣ ។ ជាមួយគ្នានេះ កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រតិបត្តិការសម្អាតបទល្មើសលាងលុយក្នុងប្រទេសរបស់ខ្លួន គឺចាប់ផ្ដើមពីការបិទមិនឱ្យមានសកម្មភាពទិញអចលនទ្រព្យ និងយានយន្ត (ទិញចោល) ។ ហើយពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យ​ទាំង​២នាក់ខាងលើ និងបក្សពួកផ្សេងទៀត ត្រូវបានគេរកឃើញថា ពួកគេបានទិញអចលនទ្រព្យ (ទិញចោល) ចំនួន ៥៥កន្លែង, យានជំនិះចំនួន ១៥ គ្រឿង, កាបូបប្រណីតចំនួន ១៨៩, មាស ៣៤ ដុំ និង នាឡិកាដៃប្រណីត ៥គ្រឿង ដែលមានតម្លៃសរុបជាង ៣ ពាន់លានដុល្លារសិង្ហបុរី (២.២ ពាន់លានដុល្លារអាមេរិក) ពេលនេះទ្រព្យសម្បត្តិទាំងនោះត្រូវបានរឹបអូស និងបង្កក ។ សូមរំឮកផងដែរថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ជនបរទេស ១០នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ត្រូវបានចាប់ខ្លួនក្នុងការឆ្មក់ចូលពីសំណាក់ក្រុសមត្ថកិច្ចជំនាញ ដែលធ្វើឡើងនៅខុនដូឈ្មោះ Good Class Bungalows និងទីតាំងដីមួយកន្លែង។ បើតាមរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Josephine Teo បានប្រាប់សភា កាលពីខែតុលា ឆ្នាំ២០២៣ថា ប្រតិបត្តិការបង្ក្រាបករណីលាងលុយកខ្វក់នាពេលនោះ ទំនងមិនមែនតែនៅក្នុងប្រទេស​សិង្ហបុរីតែមួយប៉ុណ្ណោះទេ អាចនៅទូទាំងពិភពលោកផងដែរ ។ ជនសង្ស័យទាំង១០នាក់ ដែលបានចាប់ខ្លួននោះ មានដើមកំណើតជាជនជាតិចិន ប៉ុន្តែមានសញ្ជាតិ និងកាន់លិខិតឆ្លងដែននៃប្រទេសដូចជា Cyprus និងកម្ពុជា ត្រូវបានតុលាការចោទប្រកាន់ ពីបទលាងលុយកខ្វក់ ៕

website_news/20240119_01.txt · Last modified: 2024/01/22 12:43 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki