website_news:20240119_02

https://www.postkhmer.com/national/2024-1-19-1350-257700 ជំនួបពិភាក្សា​ការងារ​រវាង​លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​និងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ នៅទីស្តី​ការក្រសួង​មហាផ្ទៃ។ កម្ពុជា ស្នើភាគី​ឥណ្ឌា បង្កើត​យន្តការ​ផ្តល់ព័ត៌មាន​ទៅវិញទៅមក​ពាក់ព័ន្ធ​មុខសញ្ញា​បទល្មើស​លួច​ឆ្លងដែន​គ្រប់ប្រភេទ និងបទល្មើស​មានការចាត់តាំង ជាពិសេស​បទល្មើស​ឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អនឡាញ ដើម្បី​ធានា​ដល់​សន្តិសុខ និងសុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៃប្រទេស​ទាំង២។ សំណើរ​បស់កម្ពុជា​នេះ ធ្វើនៅក្នុង​ជំនួបពិភាក្សា​ការងារ​រវាង​លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​និងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ នៅទីស្តី​ការក្រសួង​មហាផ្ទៃ។ យោងតាមហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ នាជំនួបនោះ លោកស្រី ដេវីយ៉ានី បានថ្លែង​អំណរគុណ​ចំពោះកម្ពុជា​ដែលបានផ្តល់​កិច្ចសហការ​បានយ៉ាងល្អ​ជាមួយនឹង​តំណាង​ស្ថានទូត​ឥណ្ឌា ក្នុងការជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​ឥណ្ឌា ដែលរងគ្រោះ​ដោយ​អំពើឆបោក​ជាច្រើននាក់​ក្នុងពេល​កន្លងមក។ លោកស្រីបានថ្លែង​ថា៖«ជាពិសេស ថ្លែងអំណរ​គុណ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ក្រសួង​មហាផ្ទៃ ក៏ដូចជា​អគ្គនាយកដ្ឋាន​ចំណុះ ដែលបាន​ជួយសម្រួល​ដល់ពលរដ្ឋ​ឥណ្ឌា​បានធ្វើ​មាតុភូមិ​និវត្តន៍​ទៅកាន់ប្រទេស​កំណើតវិញ​ដោយគ្មាន​ការផាក​ពិន័យ ពាក់ព័ន្ធ​នឹងការស្នាក់នៅ​លើស​ទិដ្ឋាការ»។ លោកស្រី ក៏បានលើកឡើង​ពីកិច្ចការងារ​បន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​លើការធានា សន្តិសុខ​សណ្តាប់ធ្នាប់ និងសុវត្ថិភាព​របស់ប្រជាពលរដ្ឋ​នៃប្រទេស​ទាំងពីរ​ផងដែរ។ ក្នុងឱកាស​នោះ លោក ស ថេត បានលើកឡើង​អំពីកិច្ច​ខិតខំប្រឹងប្រែង​របស់​នគរបាល​ជាតិ​កម្ពុជា ដែលជាសេនាធិការ​ផ្ទាល់​របស់​ក្រសួង​មហាផ្ទៃ ក្នុងការប្រឆាំង​ទប់ស្កាត់​បទល្មើស​លួចឆ្លងដែន​គ្រប់ប្រភេទ និងបទល្មើស​មានការ​ចាត់តាំង ជាពិសេស​បទល្មើស​ឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អនឡាញ។ លោកក៏បាន​ស្នើភាគី​ឥណ្ឌា​ពិនិត្យលទ្ធភាព​ក្នុងការបង្កើត​យន្តការ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​ទៅវិញទៅមក​ពាក់ព័ន្ធ​មុខសញ្ញាសង្ស័យ ឬខ្សែរយៈ​បណ្តាញឱ្យ​បានទាន់​ពេលវេលា និងច្បាស់លាស់​ដើម្បីធានា​ដល់ការចាត់វិធាន​ការបង្ក្រាប​មានប្រសិទ្ធភាព និងទាន់ពេល​វេលា។ ជាងនេះ​ទៅទៀត លោក​ក៏បានស្នើ​ឱ្យមាន​ការលើកកម្ពស់​សមត្ថភាព​មន្ត្រីនគរបាល​ជាតិ​កម្ពុជា តាមរយៈ​ការផ្តល់​អាហារូបករណ៍​បញ្ជូន​ទៅបណ្តុះបណ្តាល​លើមុខ​ជំនាញ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឆ្លើយតប​ទៅនឹង​បទល្មើស​ឆបោក​តាមប្រព័ន្ធ​អនឡាញ។ ជាការឆ្លើយតបទៅ​នឹងសំណើនេះ លោកស្រី​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា បានសន្យា​និងពាំនាំ​នូវរាល់សំណូមពរ​ពាក់ព័ន្ធ​នឹងការបណ្តុះបណ្តាល​កសាងធនធាន​មនុស្ស​លើបច្ចេកវិទ្យា​ទៅឱ្យ​ស្ថាប័ន​មានសមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ ពិចារណា​ផ្តល់អាហារូបករណ៍​ដល់​នគរបាល​ជាតិ​កម្ពុជា៕

website_news/20240119_02.txt · Last modified: 2024/01/22 13:37 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki