website_news:20240121_01

https://www.kampucheathmey.com/local-news/645431

រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន ប្រាប់ទូតកម្ពុជា ថា ក្រសួងយុត្តិធម៌ជប៉ុន កំពុងរៀបចំកែលម្អច្បាប់ពាក់ព័ន្ធនឹងពលករបរទេស រួមទាំងពលករមកពីកម្ពុជា ដែលមកធ្វើការនៅជប៉ុន ឱ្យបានកាន់តែល្អប្រសើរឡើងនៅពេលខាងមុខបន្ថែមទៀត។ ដំណឹងនេះ ត្រូវបានលើកឡើងក្នុងជំនួបលោក Riyuji Koizumi រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្តែងនូវអំណរសាទរចំពោះជោគជ័យប្រកប ដោយផ្លែផ្កានៃជំនួប​កំពូលទ្វេភាគីរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ជប៉ុន។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ កន្លងទៅ ដែលជាឱកាសនៃខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ​ជាក់ស្តែងលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្តិសុខ អប់រំ រួមទាំងវិស័យច្បាប់ និងផ្នែកយុត្តិធម៌ ជាដើម។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឯកអគ្គរាជទូត ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែក​ផ្តល់ជំនួយបច្ចេកទេស តាមរយៈ JICA ដើម្បីរៀបចំច្បាប់ក្នងវិស័យរដ្ឋប្បវេណីនៅកម្ពុជា តាំងពីឆ្នាំ១៩៩៩ ក្រោមគម្រោងដែល​មានឈ្មោះថា គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដោយបានបែងចែកចេញជា៥ជំហាន ហើយក្នុងមួយជំហានៗមានរយៈពេលសរុប ៥ឆ្នាំ ខណៈជប៉ុន ក៏បានបន្តផ្តល់ជំនួយបច្ចេកទេស ជំហានទី៦ នៃគម្រោងនេះ ៥ឆ្នាំទៀត ២០២២-២០២៧។ ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន បានសម្ដែងក្ដីរីករាយក្នុងការជួយផ្នែកបច្ចេកទេសខាងវិស័យច្បាប់នៅកម្ពុជា ដោយលោក ចាត់ទុកថា ការពង្រឹងវិស័យច្បាប់ ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការពារប្រយោជន៍ប្រជាជន និងសណ្តាប់ធ្នាប់សង្គម។ លោករដ្ឋមន្ត្រី បញ្ជាក់ថា ជប៉ុន ក៏ដូចកម្ពុជា មានចក្ខុវិស័យរួម​ក្នុងការពង្រឹង និងជំរុញវិធាននៃច្បាប់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធច្បាប់ និងតុលាការ ក្នុងន័យធ្វើយ៉ាងណាអភិវឌ្ឍន៍សម្បូរសប្បាយជាមួយគ្នា។ ដូច្នេះ រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុនរូបនេះ អះអាងថា កម្ពុជា និងជប៉ុន ត្រូវតែប្រឹងប្រែងបន្តគម្រោងផែនការ ៥ឆ្នាំ នៃជំហានទី៦ នេះ ឱ្យបានទទួលផ្លែផ្កាល្អ ហើយក្រសួងយុត្តិធម៌ជប៉ុន នៅតែរង់ចាំបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាបន្តទៀត។ បើតាមលោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ជប៉ុន ក៏កំពុងរៀងចំកែលម្អច្បាប់ពាក់ព័ន្ធនឹងពលករ កម្មសិក្សាការីបរទេស រួមទាំងពលករ កម្មសិក្សាការីកម្ពុជា មកធ្វើការ និងសិក្សានៅជប៉ុន ឱ្យហបានកាន់តែល្អប្រសើរឡើង និងមានផលវិជ្ជមាននៅពេលខាងមុខ៕

website_news/20240121_01.txt · Last modified: 2024/01/22 13:44 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki