website_news:20240122_02

https://www.postkhmer.com/national/2024-1-21-2143-257740 ​កោះកុងៈ អភិបាលខេត្ត​កោះកុង​បានសម្រេច​បង្កើត​អនុគណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​ ដើម្បី​ជួយ​សម្រួល ​និង​ដោះស្រាយ​បណ្ដឹងតវ៉ា​នានា​របស់​ពលករ​ខ្មែរ​ដែល​ឆ្លង​កាត់​ព្រំដែន​។​ ​សេចក្ដីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​កាលពី​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា អនុគណៈ​កម្ម​ការ​ចំពោះ​កិច្ច​នេះ មាន​លោកស្រី​ផ្ទាល់​ធ្វើជា​ប្រធាន អមដោយ​អនុ​ប្រធាន​ចំនួន​ ២ ​រូប និង​សមាជិក​ជាច្រើនរូប​ទៀតផង​ដែរ​។​ ​លោកស្រី មិថុនា ភូ​ថង បានឱ្យដឹង​តាមរយៈ​សេចក្តីសម្រេច​នេះ​ថា អនុ​​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​មាន​តួនាទី​ក្នុង​ការជំរុញឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ព្រំដែន​ឱ្យជួយ​សម្រួល​ដំណើរ​ការចេញ​-​ចូល​របស់​ពលករ​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ​។​ ជាមួយគ្នានេះ អនុគណៈកម្មការ​ក៏មាន​ភារកិច្ច​ចុះ​ពិនិត្យ​សិក្សា និង​វាយ​​តម្លៃ​ពី​ស្ថានភាព​នៃ​ការយក​កម្រៃ​ក្រៅផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញ​-​ចូល​នៅ​ច្រកទ្វារព្រំដែន​ក៏ដូចជា​ដាក់ចេញ​វិធាន​ការចុះ​ប្រតិបត្តិការ​ឬ​ចេញ​សេចក្ដី​ណែនាំ​ដើម្បី​លុបបំបាត់​ការយក​កម្រៃ​ក្រៅផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញ​-​ចូល​នៅ​ច្រកទ្វារព្រំដែន​ផងដែរ សំដៅ​ជួយ​សម្រួល​ដល់​ពលករ​ដែល​នៅតាម​ព្រំដែន​។​ ​លោកស្រី​បញ្ជាក់ថា​៖ «​អនុគណៈ​កម្ម​ការ​ចំពោះ​កិច្ច​នេះ ក៏មាន​ភារកិច្ច​ទទួល និង​ដោះស្រាយ​បណ្ដឹងតវ៉ា​នានា​របស់​ពលករ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្លងកាត់​ព្រំដែន ជាពិសេស​ធ្វើការ​ត្រួត​ពិនិត្យ​ដើម្បី​សម្រួល​ឱ្យ​ពលករ​អាចទាក់ទង​និង​រាយការណ៍​ភាពមិនប្រក្រតី ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថ​កិ​ច្ធ​ក្នុងករណី​មាន​បណ្ដឹង​មិន​សុខចិត្ត​ពី​ពលករ​»​។​ ​លោកស្រី មិថុនា ភូ​ថង បានឱ្យដឹង​ទៀតថា ក្រៅពីនេះ អនុគណៈកម្មការ មាន​តួនាទី និង​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​លើ​ប្រភព​បញ្ញា​និង​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់​ភាពមិនប្រក្រតី​នានា​ដែល​បង្ក​ការរំខាន​ដល់​ដំណើរ​ចេញ​-​ចូល​ឬ​ប៉ះពាល់​ផលប្រយោជន៍​របស់​ពល​ករ​ខ្មែរ​នៅតាម​ព្រំដែន​។​ ​ដោយឡែក លោក មឿ​ន តុលា ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​​ភាព​ការងារ និង​សិទ្ធិមនុស្ស ​(​សង់​​ត្រា​ល់​)​ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២១ ខែមករា​ថា គោលបំណង​សាធារណៈ​និង​ភារកិច្ច​នៃ​អនុគណៈកម្មការ​នេះ​មិនមែនជា​រឿង​អាក្រក់​ទេ ប៉ុន្តែ​វា​ជា​ចេតនា​ល្អ ពីព្រោះ​នឹងត្រូវ​ដោះស្រាយ​រាល់​បញ្ហា​របស់​ពលករ​ដែល​ធ្វើដំណើរ​ចេញ​-​ចូល​នៅតាម​ច្រកព្រំដែន​អន្តរជាតិ​។​ លោក​បន្តថា ទោះបីជា​ក្នុង​គោល​​បំណងល្អ​ក៏ពិតមែន តែ​ការអនុវត្ត​ជាក់​​ស្ដែង​នៅពេល​មាន​អនុគណៈកម្មការ​ ១ ​ឬក៏​ ២​ គឺ​ចាប់ផ្ដើម​កើន​បន្ទុក​ដល់​ពលករ​ថែមទៀត ក្នុងន័យ​ថា តម្រូវឱ្យ​ពលករ​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​សេវា​ខាង​ផ្នែក​នេះ​ផង ខាង​ផ្នែក​នោះ​ផង​ជាដើម​។​ ​លោក​បាន​ថ្លែងថា​៖ «​នៅពេល​ឆ្លង​ដែន​ម្ដងៗ​តែងតែ​ឮ​ពី​ពលករ​ថា​មានការ​ចំណាយ​ច្រើន​ទៅលើ​សេវា​នេះ សេវា​នោះ​។ ដូច្នេះ​ប្រសិនបើ​ការបង្កើត​អនុគណៈកម្មការ​នេះ បាន​អនុវត្ត​ជាក់ស្ដែង​ទៅតាម​ភារកិច្ច​ទាំងនោះ គឺ​មិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​សុំ​កុំ​យក​ឱកាស​ហ្នឹង​ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ដាក់​សម្ពាធ​ទារលុយ​កាក់​ពី​ពលករ អាហ្នឹង​កាន់តែ​បង្កើន​បន្ទុក​ដល់​ពល​​រដ្ឋ​ហើយ​»​។​ ​លោក​ មឿ​ន តុលា បាន​បន្ថែមថា ប្រសិនបើ​ខេត្ត​ព្រំដែន​ផ្សេងទៀត ត្រូវតែ​បង្កើត​អនុគណៈកម្មការ​បែបនេះ​ដែរ គឺ​លោក​មិនទាន់​យល់ស្រប​ទាំងស្រុង​ឡើយ ពីព្រោះ​ត្រូវ​រង់ចាំ​មើល​ពី​ការ​​អនុវត្ត​របស់​ខេត្តកោះកុង​សិន ថា​តើ​វា​ចំណេញ​ឬក៏​ខាត ហើយ​បាន​ជួយ​ដល់​ពលករ​ពិតប្រាកដ​មែនដែរ​ទេ​? ​សូមបញ្ជាក់ថា កន្លងមក​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក៏បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ​និង​ដោះ​ស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​កម្ពុជា​ដែល​ការបង្កើត​គណៈកម្មការ​ថ្នាក់ជាតិ​នេះ មាន​លោក​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ធ្វើជា​ប្រធាន អមដោយ​អនុ​ប្រធាន​ប្រចាំការ​ ១ ​រូប អនុប្រធាន ​២ ​រូប និង​សមាជិក​ជាច្រើនរូប​ផ្សេងទៀត​៕

ប្រជាពលរដ្ឋធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាពេលកន្លងទៅ។ រូបថត ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

website_news/20240122_02.txt · Last modified: 2024/01/23 15:20 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki